រដ្ឋាភិបាលក្រុងប៉េកាំងថ្កោលទោសការប៉ះទង្គិច​តាម​ព្រំដែន​មីយ៉ាន់ម៉ា​ដែល​បណ្តាល​ឱ្យ​ជនជាតិ​ចិន​ស្លាប់

រូបឯកសារ៖ លោក Wang Wenbin​ អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​ចិន​​​ ថ្លែងក្នុងសន្និសីទសារព័ត៌មាន​មួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

នៅ​ថ្ងៃព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានសម្តែង​«ការមិន​ពេញ​ចិត្ត​ខ្លាំង‍»​ថា ការប្រយុទ្ធគ្នានៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ានៅ​ជិត​ខាងបានបណ្តាល​ឱ្យ​មាន​ជនជាតិចិន​ស្លាប់ ​ហើយ​ថា ​ខ្លួននឹងចាត់«​វិធានការ​ចាំបាច់​ទាំងអស់‍»ដើម្បី​ការពារពលរដ្ឋខ្លួន​ នៅ​ក្រោយ​មាន​របាយការណ៍​ថា​គ្រាប់កាំភ្លើង​ធំ​មួយ​គ្រាប់​បានផ្ទុះឆ្លង​កាត់​ព្រំដែន។

ជម្លោះ​ប្រដាប់​អាវុធ​បានរាល​ដាលនៅក្នុងរដ្ឋ Shan ​នា​ប៉ែក​ខាង​ជើងប្រទេស​មីយ៉ាន់ម៉ាតាំង​ពី​ខែតុលា​មក ​នៅ​ពេល​សម្ព័ន្ធភាពមួយ​នៃ​ក្រុម​ជន​អំបូរ​ភាគតិចបាន​បើកការវាយលុកប្រឆាំង​នឹង​ក្រុមប្រឹក្សា​យោធា។

បណ្តាញ​ព័ត៌មាន​ចិន​មួយ​ចំនួនបាន​រាយការណ៍កាលពី​ថ្ងៃពុធថា ​គ្រាប់កាំភ្លើង​ធំ​មួយ​គ្រាប់បាន​ធ្លាក់​ឆ្លងកាត់​ព្រំដែន​ពីមីយ៉ាន់ម៉ាទៅក្នុង​ក្រុង​ Nansan ក្នុងខេត្ត Yunnan ​នៃប្រទេស​ចិន​ ដែល​វាផ្ទុះ​ហើយ​នាំ​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់រងរបួស។

នៅពេលត្រូវសួរ​អំពី​របាយការណ៍ទាំងនេះ​នៅ​ក្នុង​សន្និសីទ​កាសែត​ជាធម្មតាមួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ លោក Wang Wenbin​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាននិយាយ​ថាប្រទេស​ចិន​«​សម្តែងការ​មិនពេញ​ចិត្តជាខ្លាំង​ថា​ជម្លោះអាវុធ​បានបណ្តាល​ឱ្យ​មានជនរងគ្រោះ​ចិន‍» ដោយ​លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​«ថ្លែង​យ៉ាង​ម៉ឺង​ម៉ាត់ប្រាប់ដល់​ភាគី​ពាក់ព័ន្ធ‍»៕