យុទ្ធនាការ «បញ្ចូល​ទំនិញ​ក្នុង​ថង់​តែ​មួយ»​រំពឹង​ថា​នឹង​បន្ថយ​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​នៅ​កម្ពុជា

ស្រ្តី​ម្នាក់​ស្លៀកសំលៀក​បំពាក់​ដើរ​​អប់រំ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​បរិស្ថាន​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​ នៅ​ថ្ងៃ​ សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ ​ក្រសួង​បរិស្ថាន​ ​និង​អាជ្ញាធរ​នៅ​ក្នុង​ផ្សារ​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បាន​ចាប់​ផ្តើម​​ យុទ្ធនាការ​បរិស្ថាន«បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​ ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។​​​​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះអង្គការ ​ACRA ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​នៅ​ក្នុង​ផ្សារ​ធំៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើមយុទ្ធនាការ​បរិស្ថាន​«បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ប្រទេស​កម្ពុជា។​ គម្រោង​នេះ​មាន​គោលដៅ​អប់រំ​អ្នក​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទាំង​អស់​ឲ្យ​ដាក់​ទំនិញ​ក្នុង​ថង់​តែ​មួយក្នុង​ន័យ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាននិង​សុខភាព​របស់​ប្រជាពលរដ្ឋ។​

សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ ​ក្រសួង​បរិស្ថាន​ ​និង​អាជ្ញាធរ​នៅ​ក្នុង​ផ្សារ​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បាន​ចាប់​ផ្តើម យុទ្ធនាការ​បរិស្ថាន«បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​ ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

អាជីវករ​មួយរូប​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក​ឲ្យ​អតិថិជន​របស់​ខ្លូន​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

​គម្រោង​នេះ​មាន​គោល​ដៅ​អប់រំ​អ្នក​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទាំង​អស់​ឲ្យ​ ​ដាក់​ទំនិញ​ក្នុង​ថង់​តែ​មួយ​ ​ក្នុង​ន័យ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ។​ ហើយក្នុង​នោះ​ផ្សារ​អូរឫស្សី​ គឺ​ជា​ផ្សារ​មួយ​ក្នុង​ចំណោម​ផ្សារ​រដ្ឋទាំង​ប្រាំ​ដែល​ស្ថិត​ក្នុង​យុទ្ធនាការ​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់អាជីវករ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិកនៅ​ក្នុង​អាជីវកម្ម​របស់​ពួកគេ។​

អ្នកស្រី​ អ៊ុន គីម​ អាយុ​៣៦​ឆ្នាំ​ ប្រកប​របរ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​អូរឫស្សី​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ។ ​អ្នកស្រី​ប្រាប់ ​VOA ​ថា ​ជា​ប្រចាំថ្ងៃ​អ្នកស្រី​ប្រើ​ថង់​ប្លាស្ទិក​អស់​ជិត​មួយ​គីឡូក្រាម​ដើម្បីខ្ចប់​ផ្លែឈើ​ឲ្យ​អតិថិជន​របស់​អ្នកស្រី។​ តែ​ក្នុង​រយៈពេលប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ ​បន្ទាប់​ពី​អ្នកស្រី​ចូលរួម​យុទ្ធនាការ​«បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​ អ្នកស្រី​បានកាត់​បន្ថយ​ការ​ចំ​ណាយ​ថវិកា ដើម្បីទិញ​ថង់​ពី​មួយ​គីឡូក្រាម​មក​កន្លះ​គីឡូក្រាម​វិញ​ ​ពោល​គឺ​កាត់​បន្ថយ​ការប្រើប្រាស់​និង​ចំណាយ​រហូត​ជាង​ហាសិប​ភាគរយ។​

កំពុង​ច្រក​ផ្លែ​ទន្លាប់​បណ្ដើរ​ អ្នកស្រី​មាន​ប្រសាសន៍​បណ្ដើរថា៖​

​«ពី​មុន​ខ្ញុំ​ប្រើ​ថង់​ក្នុង​មួយ​ថ្ងៃ​ចូល​ជិត​មួយ​គីឡូ ​តែ​ឥឡូវ​ខ្ញុំ​ប្រើ​អស់​ប្រហែល​ជា​បី​ខាំ! អា​ធំ​បី​ខាំ អា​ធុន​កណ្ដាល​ក៏​បី​ខាំ​ដែរ។ វា​ចុះ​បាន​ជិត​ពាក់​កណ្ដាល ប៉ុន្តែ​វា​មិនទាន់​បាន​ទាំង​អស់​ទេ ​បាន​ជិត​ត្រឹម​៧០​ភាគរយ យើង​ចេះ​តែ​ពន្យល់​គេ​ខ្លះ​ទៅ។​ តែ​មួយ​ចំនួន​គេ​តាម មួយ​ចំនួន​ទៀតគេ​អត់​ទាន់​យល់គេ​អត់​ទាន់​តាម​យើង​បាន​ទេ»។

ថង់​ត្រូវ​បាន​ឃើញ​ប្រើបាស់​នៅ​ក្នុង​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញនៅ​ថ្ងៃ​ សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)

បើ​តាម​ការស្ទង់មតិ​មួយ​ស្ដី​អំពីការប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​កម្ពុជា​ដោយ​អង្គការ​ ​ACRA ​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ​ក្រោម​ជំនួយមូលនិធិ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ម្នាក់​ ជា​មធ្យម​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន​២០០​ ថង់​ក្នុង​មួយ​ខែ​ ហើយ​ជាង២.០០០​ថង់​ក្នុង​មួយ​ឆ្នាំ។ ​ហើយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិកច្រើន​ជាង​គេ​ មាន​ប្រភព​មកពី​ផ្សារ​លក់​អាហារ​នៅ​កម្ពុជា។

ខណៈ​ពេល​កាន់​ថង់​ប្លាស្ទិក​ជា​ច្រើន​ក្នុង​ដៃ​ ​នៅ​ឯ​ផ្សារ​អូរឫស្សី​ ​ស្រ្តី​ម្នាក់​ជា​អតិថិជន​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​អ្នកស្រី​ក៏​មាន​បំណង​ចង់​កាត់​បន្ថយ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ដែរ។​

«ចុះ​បើ​អ្នក​លក់​គេ​ច្រក​មក​ហើយ​ធ្វើ​ម៉េច។​ បើ​យើង​មិន​ប្រើ​ធ្វើ​ម៉េច បើ​សុទ្ធតែ​ឥវ៉ាន់​រាយ​អញ្ចឹង។​សុទ្ធតែ​ឥវ៉ាន់​កំប៉ិក​កំប៉ុក ​បើ​អត់​ប្រើ​ច្រក​ថង់​ទៅ​ដាក់​ម៉េច​កើត។​ ធ្វើ​បាន​តើ​ឲ្យ​តែ​អ្នក​លក់​ច្រក​ឲ្យ បើ​ទិញ​ច្រើន​កន្លែង​គេ​ច្រក​ច្រើន​កន្លែង»។

ថង់​ត្រូវ​បាន​ឃើញ​ប្រើបាស់​នៅ​ក្នុង​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញនៅ​ថ្ងៃ​ សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូឬស្សី​នារាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)

តែ​យ៉ាង​ណា​ អាជីវករ​លក់​ត្រី​នៅ​ផ្សារ​អូរឫស្សី​អ្នក​ស្រី ​ឆូយ សុខ​ ត្អូញ​ត្អែរ​ពី​ការ​សុំ​ថង់​បន្ថែម​របស់​អ្នក​ដែល​មក​ទិញ​ត្រី​អ្នកស្រី។​

«អូន​អើយ! អ្នក​ខ្លះ​មក​ដល់​ភ្លាម​យក​ថង់​ទ្រាប់​ដៃ​មួយ​ ទើប​រើស​ត្រី។ ​ហើយ​ទ្រាប់​ដៃ​ដល់​រើស​ប្រឡាក់​គាត់​អត់​យក​ទេ។ គាត់​អត់​យក​ហើយ​ ដាក់​ថង់​ក្រៅ​ឲ្យ​គាត់​មួយ​ជាន់​ទៀត។​ អញ្ចឹង​វា​អស់​បី​ហើយ​ក្នុង​ម្នាក់។ ​បង​ដឹង​ថា ​ថង់​វា​ថ្លៃ​ ហ្នឹង​ទី​មួយ។ ​ដូច​ថា​ប្រាក់​កម្រៃ​វា​ចេញ​ច្រើន​ក្នុង​ម្នាក់ៗ។​ ប៉ុន្តែ​ឲ្យ​បង​ធ្វើ​ម៉េច​អូន ភ្ញៀវ​គាត់​ចង់​អញ្ចឹង។ ​បង​ប្រាប់​គេ​ឲ្យ​ជួយ​កាត់​បន្ថយ​ព្រោះ​អី​ថង់​ធ្លាក់​កន្លែង​ណា ដាំ​អី​ក៏​មិន​កើត​ដែរ។»​

​រីឯ​អ្នកស្រី​ ជា ស៊ីម​ អាជីវករ​លក់​ផ្លែឈើ​ម្នាក់​ទៀត ត្អូញត្អែរ​ថា​ ជា​ទូទៅ​អ្នក​ទិញមិន​ចង់​ដាក់​ទំនិញរួម​បញ្ជូន​គ្នា​ក្នុង​ថង់​តែ​មួយ​នោះ​ទេ​ ដោយសារ​ពួកគេ​បារម្ភ​ខ្លាចប្រឡាក់​ជ័រ​ផ្លែឈើ។

«ធ្វើ​តែ​បាន​ឲ្យ​តែ​ម្ចាស់​អ្នក​ទិញ​ព្រម។ មាន​ទៅ​ស្អី​ចង់ ខ្លាច​តែ​អស់​ថង់​ផង បើ​ដាក់​បី​បួន​មុខ​តែ​មួយ​ថង់​រឹត​តែ​អរ​ទៅ​ទៀត។​ ខ្លះ​គេ​ព្រម​ខ្លះ​គេ​អត់​ព្រម​ទៅ​ណាស់ វា​អត់​ទៀង។ ​ដូច​អំបាញ់មិញ​ស្វាយ​ខ្លះ​អា​នេះ​ដាក់​ចូល​គ្នា​ឥត​កើត​ទេ។ គេ​អត់​ដាក់​ជ័រ​ស្វាយ​ប្រឡាក់​ទន្លាប់​គេ»។​

បើ​តាម​ការ​ស្ទង់​មតិ​នៅ​ចុង​ឆ្នាំ​២០១៥​របស់​អង្គការ​ ​ACRA​ ដែល​ធ្វើការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ឲ្យ​ដឹង​ថា​ ​ថង់​ប្លាស្ទិក​មួយ​គីឡូ​មាន​តម្លៃ​ជា​មធ្យម​៨.០០០​រៀល​ ហើយ​ប្រជាជន​កម្ពុជា​យល់​ថា​ ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ វា​មាន​ភាព​ងាយ​ស្រួល។​

ក្នុង​ការ​ស្ទង់​មតិ​ដដែលរក​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ ​រដ្ឋាភិបាល​កម្ពុជា​បានខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក់​សំណល់​ថង់​ប្លាស្ទិក​នេះ។​

​លោក​ ម៉ក់ ប៊ុនធឿន អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​កាត់​បន្ថយ​ថង់​ប្លាស្ទិកនេះ​ប្រាប់ VOA ​ថា​ ​ថង់​ប្លាស្ទិក​បានធ្វើ​ឲ្យ​ប៉ះពាល់ដល់​វិស័យ​ទេសចរណ៍​ សុខាភិបាល​ ​និង​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។

«ដោយសារ​រឿង​ថង់​ប្លាស្ទិក​ហ្នឹង​ ខាត​បង់ចូល​ដល់​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ តាមរយៈ​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន​ បង្ក​ឲ្យ​មាន​ការ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ ផល​ប៉ះពាល់​លើ​សុខភាព​ដែល​ប្រជាពលរដ្ឋ​ចំណាយ​ទៅ​លើ​សុខភាព។​ ប៉ះពាល់​ទៅ​លើ​វិស័យ​ទេសចរណ៍​វា​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ​ទៅ​លេង​តំបន់​ហ្នឹង»។​

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ​បរិស្ថាន​«បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​នា​ថ្ងៃ​សុក្រ​នេះ​ ​លោក ​អ៊ាង សុផល្លែត​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា ​ក្រសួង​បរិស្ថាន​កំពុង​ពង្រាង​អនុក្រឹត្យណែនាំ​ប្រជា​ពលរដ្ឋ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ក្នុង​ការ​រស់នៅ។ ​ក៏​ប៉ុន្តែ​ លោក​ថា​ រដ្ឋាភិបាល​មិន​ទាន់​មាន​វិធានការ​ជាក់​លាក់​ ​ក្នុង​ការ​ផាក​ពិន័យ​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ឡើយ​ទេ។

«អនុក្រឹត្យ​ទាក់​ទង​នឹង​ថង់​ប្លាស្ទិក​នេះ​ យើង​កំពុង​តែ​តាក់តែង។ អញ្ចឹង​ទេ​ យើង​មិន​ទាន់​មាន​វិធានការ​អី​ទេ​ ​ក្រៅ​ពី​គ្រប់​គ្រង​សំណល់​រឹង​នោះ។​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​កន្លង​មក​ហ្នឹង ថា​ អនុក្រឹត្យ​ស្ដី​អំពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក​នេះ​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ»។​

យុទ្ធនាការ​បរិស្ថាន«បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​មាន​អាជីវករ​ចំនួន​១.៥០០​នាក់​នឹង​ចូលរួម​អនុវត្ត​គម្រោង​នេះ​ដោយ​ពន្យល់​ណែនាំ​អតិថិជន​របស់​ពួកគេឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដែរ។ ​យុទ្ធនាការ​នេះ​ ក៏​នឹង​អនុវត្ត​នៅ​ឯ​ខេត្ត​សៀមរាម និង​ខេត្ត​ព្រះ​សីហនុ​នា​ពេល​ខាង​មុខ​ផង​ដែរ៕​