សាលារាជធានី កំពុងស្វែងរកទីតាំងចាក់សំរាមថ្មីពីរកន្លែងទៀត នៅក្នុងខណ្ឌចំនួនពីរ ដោយសារតែទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោ មិនអាចស្តុកសំរាមច្រើនថែមទៀត។ នេះបើយោងទៅតាមការបញ្ជាក់ពីអភិបាលរាជធានីភ្នំពេញ និងអ្នកនាំពាក្យនៃសាលារាជធានី។
ទីតាំងចាស់ ដែលមិនអាចទទួលយកសំរាមបានបន្តទៅទៀតនោះ គឺស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលបានផ្ទុកសំរាមជាង៣លានតោន លើផ្ទៃដីទំហំជាង៣១ហិកតា នៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ដោយសារទីលានចាក់សំរាមដង្កោ ដែលជាទីតាំងចាស់មិនអាចទទួលសំរាមច្រើនថែមទៀតបាន សាលារាជធានីភ្នំពេញ បានសិក្សាទីតាំងថ្មីចំនួនពីរបន្ថែមទៀតនៅក្បែរនោះ ដើម្បីចាក់សំរាមបន្ត។
លោកបញ្ជាក់ថា៖ « ជាជំហានបន្ទាប់សាលារាជធានីភ្នំពេញ នឹងសិក្សារកទីកន្លែងពីរផ្សេងទៀត ស្ថិតក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងគោលបំណងទប់ស្កាត់ការនាំយកសំរាមពីទីឆ្ងាយ ជាហេតុបណ្ដាលឲ្យមានភាពយឺតយ៉ាវ និងបណ្ដាលឲ្យកកស្ទះចរាចរណ៍ ឬមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ »។
គំនរសំរាមជាច្រើន ត្រូវគេឃើញមាននៅតាមផ្លូវក្នុងរាជធានីភ្នំពេញក្នុងពេលរាត្រី ដោយសារមានតែក្រុមហ៊ុនប្រមូលសំរាមមួយប៉ុណ្ណោះនៅរាជធានីដ៏ចំណាស់មួយនេះ។ ក្រុមហ៊ុនដែលកំពុងប្រមូលសំរាមយកទៅចោលនៅខណ្ឌដង្កោនោះ គឺក្រុមហ៊ុនស៊ីនទ្រី។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នករស់នៅក្នុងរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់ VOAថា សាលារាជធានី ពុំទាន់បានកំណត់ទីតាំងជាក់លាក់សម្រាប់ការចាក់សំរាមនៅក្នុងខណ្ឌទាំងពីរនោះទេ ដោយសារសាលារាជធានីត្រូវធ្វើការសិក្សាលម្អិតបន្ថែមទៀតជាមួយនឹងក្រសួងបរិស្ថាន។
«យើងកំពុងតែធ្វើឆាប់ៗហ្នឹងហើយ ក៏ប៉ុន្តែយើងកំពុងធ្វើការសិក្សាទីតាំង។ ទីតាំងមិនទាន់រកបានផងហ្នឹង គឺជាការ ធ្វើការពិភាក្សាគ្នាជាមួយក្រសួងបរិស្ថាន ក្នុងការស្វែងរកទីតាំងសម្រាប់ធ្វើការ ធ្វើបង្កើតទីលានចាក់សំរាមហ្នឹង »។
លោកពន្យល់ថា ការពិចារណាលើទីតាំងក្នុងខណ្ឌទាំងពីរនេះ ធ្វើឡើងក្នុងបំណងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ។
«យើងមិនចង់ឲ្យមានការចាក់សំរាម ទីតាំងចាក់សំរាមរបស់យើងមានតែមួយកន្លែង ហើយអញ្ចឹងពង្រីកទីក្រុងធំ បើនិយាយពីភូមិសាស្ត្ររបស់រាជធានីភ្នំពេញ វាកាន់តែ ធំទៅៗហើយ ប៉ុន្តែ អញ្ចឹងឧបមាថា សំរាមនៅម្តុំព្រែកព្នៅ នៅម្ដុំដង្កោ ព្រែកព្នៅឬក៏នេះហ្នឹង ត្រូវយកទៅចាក់រហូតដល់ដង្កោអញ្ចឹង វាឆ្ងាយវាខាតពេលវេលា វាអីអញ្ចឹង។ វាបម្រើជាលក្ខណៈយុទ្ធសាស្ត្រផង ហើយសម្រាប់ការចាក់សំរាមដល់តំបន់ដទៃទៀតផងដូចជាតំបន់របស់ខេត្តកណ្ដាល »។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកថា ក្នុងឆ្នាំ២០១៥នេះ សំរាមជាមធ្យមប្រមាណ២ពាន់តោន ត្រូវបានដឹកយកមកចាក់នៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោជារៀងរាល់ថ្ងៃ ដែលមានសមាសធាតុដូចជា៖ ៥៧,៤% ជាសំរាមម្ហូបអាហារ ១៨,១% ជាថង់ប្លាស្ទិក ៦%ជាក្រដាស ០,២% ជាកៅស៊ូ និងស្បែក និង១៨,៣% ជាស្មៅ ឈើ ដែក ក្រណាត់ និងថ្មផ្សេងៗ។
VOA ព្យាយាមទាក់ទងលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីសុំការអធិប្បាយ តែនៅមិនទាន់អាចទាក់ទងបានទេនៅថ្ងៃច័ន្ទនេះ។ VOA ក៏ពុំអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ីនទ្រីបានដែរ។
ប្រទេសកម្ពុជាសម្បូរទៅដោយសំរាម ដែលភាគច្រើនជាថង់ប្លាស្ទិក។ ប្រជាជនខ្មែរកាន់តែច្រើនឡើងចាប់ផ្ដើមព្រួយបារម្ភអំពីផលប៉ះពាល់របស់ថង់ប្លាស្ទិកមកលើសុខភាពមនុស្ស និងបរិស្ថាន។ ក៏ប៉ុន្តែ វាត្រូវការពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះ។
អ្នកជំនាញក្នុងផ្នែកគីមីសាស្ត្រ ឲ្យដឹងថាថង់ប្លាស្ទិក ត្រូវបានបង្កើតឡើងពីសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់។ ថង់ប្លាស្ទិកមួយចំនួន ផ្ទុកនូវសារជាតិគីមី ដែលអាចបង្កើតជំងឺមហារីក ហើយអាចប៉ះពាល់ដល់សមាសភាពបន្តពូជ និងការអភិវឌ្ឍន៍មិនប្រក្រតីរបស់ទារក។
ថង់ប្លាស្ទិកនេះ ក៏មានផលប៉ះពាល់ដល់សត្វក្នុងទឹកដែលស៊ីប្លាស្ទិកជាចំណីអាហារ ហើយប្រសិនបើថង់ប្លាស្ទិកនេះទុករយៈពេលយូរនៅលើដីនោះ វាអាចបញ្ចេញជាកម្ទេចម៉ត់ៗមួយចំនួនដែលហៅថា (Leaching of Chemical)។
ដោយឡែក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា សាលារាជធានី កំពុងទាក់ទងជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីពិនិត្យមើលលទ្ធភាពនៃការបំប្លែងសំរាមដែលបានចាក់ទៅទីលានចាក់សំរាមដង្កោ មកធ្វើជាថាមពលដែលអាចប្រើប្រាស់បាន៕