បុគ្គលិកនៃក្រុមហ៊ុនអានកូ(Anco Brother Co.,Ltd) របស់លោកឧកញ៉ាកុក អានសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជាមិនអនុញ្ញាតឲ្យមន្ត្រីដោះស្រាយវិវាទនៃក្រសួងការងារចូលសម្របសម្រួលជម្លោះការងាររវាងអតីតអ្នកចែកចាយស្រាបៀរ Budweiser ខណៈដែលអតីតអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀរប្រាំមួយនាក់ ធ្វើបាតុកម្មនៅពីមុខក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសហជីព និងមន្ត្រីដោះស្រាយវិវាទនៃក្រសួងការងារ។
ការធ្វើបាតុកម្មនៅថ្ងៃពុធនេះ កើតមានឡើងក្រោយពេលដែលក្រុមហ៊ុនអានកូ បានរំសាយអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀរចំនួន១២នាក់កាលពីចុងខែមករា ឆ្នាំ២០១៥ ដោយគ្មានទូទាត់សំណងត្រឹមត្រូវតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
លោកសាន សុផាត មន្ត្រីច្បាប់និងយុទ្ធនាការនៃសហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ដែលដឹកនាំកូដកម្មនេះ មានប្រសាសន៍ប្រាប់វីអូអេថា បុគ្គលិកក្រុមហ៊ុនអានកូមិនអនុញ្ញាតឲ្យលោក វ៉ា យុវវឌ្ឍនាប្រធានការិយាល័យដោះស្រាយវិវាទការងារនៃក្រសួងការងារចូលជួបនាយកគ្រប់គ្រងក្រុមហ៊ុននោះទេ ហើយថា ក្រុមហ៊ុនពុំផ្តល់ហេតុផលនៃការមិនអនុញាតនេះដែរ។
«គាត់ឈរចាំជាងមួយម៉ោង ហើយខាងអាជ្ញាធរមូលដ្ឋាន ខាងប៉ូលិសអីហ្នឹង គាត់មកប្រាប់ខាងសហជីពថា ឥឡូវហ្នឹងក្រសួងមកហើយ បន្តិចទៀតនឹងមានការប្រជុំចរចាជាមួយភាគីហ្នឹងហើយទល់មុខគ្នាហើយ ហើយយើងរង់ចាំ រង់ចាំរហូត ជិតមួយម៉ោងក្រសួងក៏គាត់ទៅវិញ ហើយគាត់ក៏ប្រាប់យើងមួយម៉ាត់វិញថា ក្រុមហ៊ុនមិនឲ្យចូល»។
កូដកម្មនេះត្រូវបានឡើង បន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១២ខែមិថុនា បង្គាប់ឲ្យនិយោជកទូទាត់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារ ជូនកម្មការិនីទាំង០៨នាក់ នូវ៖ ប្រាក់បំណាច់បណ្តេញចេញ តាមមាត្រា៨៩នៃច្បាប់ស្តីពីការងារ។ ប្រាក់បំណាច់ទូទាត់ជួសការជូនដំណឹងមុន តាមមាត្រា៧៥នៃច្បាប់ស្តីពីការងារ។ ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួល រយៈពេល៣ឆ្នាំចុងក្រោយ។
លោកសាន សុផាត បន្តផងដែរថា ការធ្វើកូដកម្មថ្ងៃនេះ ពុំទាន់ទទួលបានដំណោះស្រាយពីខាងភាគីក្រុមហ៊ុននោះ ហើយតំណាងកម្មការិនី និងតំណាងក្រុមហ៊ុនអានកូត្រូវបានលោកស្រីកែវ សាកលចៅសង្កាត់វាលវង់ហៅទៅជួបនៅសាលាសង្កាត់ដើម្បីពិភាក្សាគ្នា។
លោកបញ្ជាក់ថាលោកស្រីកែវ សាកល បានកំណត់ឲ្យគូវិវាទជួបចរចាគ្នានៅថ្ងៃសុក្រខាងមុខនេះ ហើយលោកបានបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌប្រាំពីរមករាម្នាក់ មកគំរាមដកហូតយកក្បាលម៉េក្រូ និងបដាតវ៉ាពីក្រុមអ្នកធ្វើកូដកម្ម។ ប៉ុន្តែលោកមុក បូរុណឆស័ក្ត នាយប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ និយាយថាលោកមិនដឹងពីការគំរាមកំហែងនេះឡើយ។
ដោយឡែកលោកវ៉ា យុវវឌ្ឍនា ប្រធានការិយាល័យដោះស្រាយវិវាទនៃក្រសួងការងារ មានប្រសាសន៍ថា ខាងក្រុមហ៊ុនមិនបានផ្តល់មូលហេតុនៃការណ៍ដែលមិនអាចអនុញ្ញាតឲ្យលោកចូលទៅក្នុងក្រុមហ៊ុនដែរ តែលោកពន្យល់ថា ក្រុមហ៊ុនត្រូវតែទូទាត់ការខូចខាតការងាររបស់អតីត បុគ្គលិកចែកចាយស្រាបៀរទាំងនោះ។
«ប្រទេសមានច្បាប់ គ្រួសារមានវិន័យ អញ្ចឹងគាត់អត់មានយកអំណាចឧកញ៉ាមកនេះទេ គឺត្រូវចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់ ច្បាប់ចង្អុលបង្ហាញថាម៉េច គាត់ត្រូវតែឲ្យគេអញ្ចឹង»។
រីឯលោកឈុំ មហាកុសល តំណាងក្រុមហ៊ុនអានកូ មិនផ្តល់ការអត្ថាធិប្បាយអំពីសំណងដែលក្រុមហ៊ុនអានកូ ត្រូវទូទាត់ជូនអតីតបុគ្គលិកអ្នកផ្សព្វផ្សាយ និងលក់ស្រាបៀរបានទេ ដោយលោកនិយាយថា៖
«ទេអាហ្នឹងអត់ដែរ លុះត្រាតែ គាត់ហ្នឹងយ៉ាងម៉េច យ៉ាងម៉េចទេ ចាំឲ្យគេសម្របសម្រួល គេជជែកគ្នាទៅ»។
ក្រុមអតីតបុគ្គលិកចែកចាយស្រាបៀរនឹងបន្តការធ្វើកូដកម្មតទៅទៀតនៅថ្ងៃស្អែកនេះ រហូតទាល់តែមានដំណោះស្រាយ ទោះបីជាមានការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានក៏ដោយ៕