លោក ម៉ម សូណង់ដូ បដិសេធ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​មេបក្ស​ប្រឆាំង

រូបឯកសារ៖ លោក ម៉ម សុណង់ដូ (កណ្តាល) អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ដឹកនាំ​បាតុកម្ម​មួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​បើក​ស្ថានីយ៍​ទូរទស្សន៍​ថ្មី​មួយ​នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ​ទី ២៧ ខែមករា ឆ្នាំ២០១៤។

សំណុំរឿង​នយោបាយ​​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រាលដាល​ដល់លោក​ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុសំបុកឃ្មុំ​ ដែលបដិសេធ​មិន​ចូល​បំភ្លឺ​ក្នុង​នាម​ជាសាក្សី ព្រោះ​បញ្ហាសុខភាព។

សំណុំ​រឿង​ប្រព្រឹត្ត អំពើ​ក្បត់​ជាតិ​របស់​លោក​ ​កឹម សុខា​ បាន​រាលដាល​ដល់​អ្នក រិះគន់​រដ្ឋាភិបាល​មួយ​រូប​ទៀត​ ​គឺ​លោក​ ​ម៉ម សូណង់ដូ​ ​ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ។​ ​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​បាន​កោះហៅ​លោក​ ​ម៉ម សូណង់ដូ​ ​ជាលើក​ទីបី​ ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ ទាក់ទង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​ ​កឹម សុខា។​ ​តែ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ​រូបនេះ​ ឆ្លើយ​ថា​ លោក​មិន​ដែល​ទទួល​បាន​ដីកាកោះ​ម្តង​ណា​សោះ​ ​ហើយ​បដិសេធ​មិន​ចូល​ខ្លួន ​ដោយ​សារ​មាន​បញ្ហា​សុខភាព។​ ​អ្នក​វិភាគ​លើក​ឡើង​ថា​ ក្តី​ក្តាំ​លោក​ កឹម សុខា​ មិន​អាច​បញ្ចប់​បាន​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ​នោះ។

លោក​ ​ម៉ម សូណង់ដូ​ ​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ ​បាន​ប្រកាស​ប្រាប់​ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ​ថា​ ​លោក​មិន​អាច​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជាសាក្សី​ ឱ្យ​សំណុំ​រឿង​ក្បត់​របស់​លោក​ ​កឹម សុខា​នោះ​ទេ​ ​ដោយ​ហេតុ​ថា​ ​លោក​មាន​បញ្ហា​សុខភាព។​ ​នេះ​បើ​យោង​តាម​លិខិត​របស់​លោក​អ្នក​នយោបាយ​រូបនេះ​ ​ដែល​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ។​

យោងតាម​លិខិត​របស់​លោក​ ​ម៉ម សូណង់ដូ​ ​ធ្វើ​នៅ​ទីក្រុងប៉ារីស​ ​ប្រទេស​បារាំង​ ​ចុះ​ថ្ងៃ​ទី​២៨​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ អ្នករិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​រូបនេះ​ បាន​ជម្រាប​លោក​ ​គី ឫទី្ធថា ខ្ញុំ​ ​ម៉ម សូណង់​ដូបាន​ទទួល​ព័ត៌មាន​ពីបណ្តាញ​សង្គម​ហ្វេសប៊ុក​ អំពី​ដីការ​កោះ​ លើក​ទីបី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចុះថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​២០១៧​ ពី​ដំណើរ​សន្ទិដ្ឋិភាព។​ ​លោក​ ម៉ម សូណង់ដូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តថា​ លោក​មិន​ដែល​បាន​ទទួល​ដីកា​កោះហៅ​ណាមួយ​សោះឡើយ។​

លោក​ ​ម៉ម សូណង់ដូ​ ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ ​ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​សរសេរ​ក្នុង​លិខិត​របស់​លោក​បញ្ជាក់​ពី​ការ​មិន​អាច​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​មាន​កិត្តិយស​សូម​បញ្ជាក់​ និង​ជម្រាប​ជូន​លោក​ចៅក្រម​ឲ្យបាន​ជ្រាប​ថា​ ខ្ញុំ​មិន​ដែល​បាន​ទទួល​ដីកាកោះ​ហៅ​ណាមួយ​សោះឡើយ។​ ខ្ញុំសូម​ជម្រាប​លោក​ចៅក្រមមេត្តា​ជ្រាប​ថា​ ខ្ញុំ​មិន​អាច​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កំណត់​បាន​ទេ​ ព្រោះ​ខ្ញុំ​កំពុង​នៅ​ប្រទេស​បារាំង​ ដើម្បី​ពិនិត្យ​បញ្ហា​សុខភាព»។

ការ​កោះ​ហៅ​ឲ្យ​លោក​ ម៉ម​ សូណង់ដូ ​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ ក្នុង​សំណុំ​រឿង​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​នោះ ​បាន​ធ្វើឡើង​ក្រោយ​ពេល​អ្នក​នយោបាយ​វ័យ​ចំណាស់​រូប​នេះ​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧។​ ​លោក​បាន​ផ្តល់​ហេតុ​ផល​ថា​ ការ​លាលែង​របស់​លោក​នេះ​កើត​មាន​ឡើង​ ក្រោយ​ពី​គណបក្ស​របស់​លោក​មិន​អាច​រក​បាន​អាសនៈជាមេឃុំ​ និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ កាល​ពីថ្ងៃ​ទី​៤​ ខែមិថុនា​ឆ្នាំ​ ២០១៧។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​ តែ​ទូរសព្ទ​របស់​លោក​រោទិ៍​ គ្មាន​អ្នក​លើក។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​អំណាច​តុលាការ​កំពូល​ ​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចូលចាប់​ខ្លួន​ក្នុង​គេហដ្ឋាន​របស់​លោក​យ៉ាង​កំរោល​ កាលពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។​ អាជ្ញាធរ​បាន​ចោទ​ថា ​លោក​បាន​រៀបចំ​ផែនការ​សម្ងាត់​ ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពីក្រោយ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន។ ​បទ​ល្មើស​នេះ​ គឺ​ស្មើនឹង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

លោក​ ​ឡៅ​ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​ យល់​ថា​ ​ករណី​របស់​លោក​កឹម សុខា​នេះ​នឹង​មិន​អាច​បញ្ចប់​បាន​ឡើយ​ ប្រសិន​បើមិន​មាន​ការ​ស្រុះ​ស្រួល​គ្នា​ខាង​នយោបាយ។ ​លោក​សុំមិន​អធិប្បាយអំពី​ការ​កោះហៅ​លោក​ ​ម៉ម សូណង់ដូ​ទេ ​តែ​លោក​ថា​ រឿង​ក្តីលោក​ ​កឹម សុខា​ ​ដែល​បាន​អូស​បន្លាយ​ពេល​មក​ជាច្រើន​ខែ​នេះ​ គឺ​ជា​យុទ្ធ​សាស្ត្រ​គូ​បដិបក្ខ​នៃ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បន្សាប​ឥទ្ធិពល​របស់​លោក​ ​កឹម សុខា។​

«នែ​ព្រោះ​គឺ​គេមិនចង់​ឲ្យ​ ដែល​គេ​ចាត់​វិធាន​ការ​ហ្នឹង​បាទ​ ហើយ​ដល់​បទ​ចោទ​ប្រកាន់​ហ្នឹង​គឺធ្វើ​ឲ្យ​គាត់​នៅ​ក្នុងគុក​ហ្នឹង​រយៈ​ពេល​យូរ​ ដើម្បី​កុំ​ឲ្យ​គាត់​ហ្នឹង​គឺ​មាន​ឥទ្ធិពល​បាទ ទៅលើ​ប្រជា​ពលរដ្ឋ»។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖​

«បើ​សិន​ជាគាត់​នៅ​ក្រៅ​ គឺ​នែ​ គឺ​គាត់​អាច​មាន​ឥទ្ធិពល​ទៅលើ​ប្រជា​ពលរដ្ឋ​ ដោយ​សារ​ប្រជា​ប្រិយ​ភាពរបស់​គាត់​ ដោយសារ​ការ​គំាទ្រ​របស់ប្រជា​ពលរដ្ឋ​ បាទ​ ដែល​គាត់​មាន​បាទ​ អី​ចេះ»។ ​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ម៉ម សូណង់ដូ​ តាម​សារ​ឆ្លើយ​ឆ្លង​របស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ តែ​នៅមិន​ទាន់​អាច​ទាក់​ទង​លោក​បាន​ទេ។​ ​យ៉ាង​ណា​ការកោះហៅ​លោក​ ម៉ម សូណង់ដូ​ ​ត្រូវ​គេ​ដឹង​ថា​ មិនមែនជា​រឿង​ថ្មីនោះ​ទេ​ ដោយ​សារ​តែ​អ្នក​នយោបាយ​រូប​នេះ​ត្រូវ​ប្រឈម​នឹង​ក្តីក្តាំ​មួយ​ចំនួន​រួច​មក​ហើយ។

ក្នុង​ឆ្នាំ​២០១២​ លោក​ ម៉ម សូណង់ដូ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគាររយៈពេល​២០​ឆ្នាំ​ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ការ​បះបោរ​មួយ​ ​នៅ​ក្នុង​ទំនាស់​ដីធ្លី​មួយ​កើត​ឡើង​នៅ​ខេត្ត​ក្រចេះ។ ​តែ​ដោយ​មាន​ការ​ដាក់​សម្ពាធ​ពី​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិខាងការ​ពារ​សិទ្ធិ​មនុស្ស ​លោក​ត្រូវ​បាន​ដោះ​លែងនៅ​ខែ​មីនា​ ឆ្នាំ​២០១៣។​

​ក្រោយការ​បង្កើត​គណបក្ស​នយោបាយ​សារ​ជា​ថ្មី​នៅ​មុន​ការ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ លោក​ ​ម៉ម សូណង់ដូ​ ​ដែល​កាន់​សញ្ជាតិ​ខ្មែរ-បារាំង បាន​បើក​ការវាយ​ប្រហារ​មកលើ​លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ ដែល​ជា​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោកអះអាង​ថា​ លោក​ទាំងពីរ​ជា​អ្នក​នយោ​បាយ​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ​ជា​ជាង​ប្រយោជន៍​ជាតិ​ ខណៈ​ដែល​គណបក្ស​នេះ​បាន​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ នៅ​ពេល​ដែល​មេ​ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយនេះ​សម្រេច​ចូល​ធ្វើ​ការ​នៅ​ក្នុង​សភា​ជាតិ​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ដែល​ពិភព​លោក​ស្គាល់​ថា​ ជា​បុរស​ខ្លាំង​របស់​កម្ពុជា៕