ធនាគារ​ពិភពលោក៖ កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជំងឺ​កូវីដ១៩ ដើម្បី​ជំរុញ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច

រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភព​លោក​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ស្រប​ពេល​ដែល​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ​១៩​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ក្នុង​នោះ​ គឺ​ការបាត់​បង់​ការ​ងារ​ និង​ការ​ផ្អាក​ការ​សិក្សា​របស់​សិស្ស រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀប​ចំ​ឲ្យ​មាន​ការ​ប៉ះប៉ូវ​នៅ​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​ច្រើន​ដល់​សិស្ស​ បាន​ទទួល​ការ​បំពាក់​បំប៉ន​បន្ថែម ​និង​ត្រូវ​បង្កើនសមត្ថ​ភាព​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​។

ធនាគារ​ពិភពលោក (World Bank) ​ឲ្យ​ដឹង​បែ​បនេះ ក្នុង​ពេល​ចេញ​របាយ​ការណ៍​ថ្មី​មួយ​ឈ្មោះ​«ការ​ងើប​ឡើងវិញ​មិន​ស្មើគ្នា»​ថា​ ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក ​បាន​ងើប​ឡើង​វិញ​បន្តិច​ម្តង​ៗ​ ក្រោយ​ពី​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​ក្នុង​ឆ្នាំ​២០២០​។ ធនាគារ​បញ្ជាក់​ថា​ មាន​តែ​ប្រទេស​ចិន​និងវៀតណាម​ទេ​ ដែល​សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ហើយ ​ងើប​ឡើង​វិញ​ ក្នុង​កម្រិត​កំណើន​៨,១​%​ និង​៦,៦​%​រៀងៗ​ខ្លួន​ សម្រាប់​ឆ្នាំ​២០២១​ និង​ពី​២,៣​%​ និង​២,៩% ​សម្រាប់​ឆ្នាំ​២០២០។

សម្រាប់​ប្រទេសដទៃ​ទៀត​ក្នុង​តំបន់​ រួម​មាន​ប្រទេស​កម្ពុជា​ផង​នោះ​ នៅ​ឆ្នាំ​២០២១​នេះ កំណើន​នឹង​មាន​ក្នុង​ចន្លោះ​៤%​ ទៅ​៤,៤​%។ ដោយ​ឡែក​នៅ​ប្រទេស​ណា​ដែល​វិបត្តិ​នេះ​មាន​សភាព​ជ្រាល​ជ្រៅ​ វា​នឹង​ស៊ី​ពេល​យូរ​ជាង​សម្រាប់​វិល​ទៅ​រក​កម្រិត​ការ​ព្យាករ​ណ៍នៅ​មុន​កូវីដ​មក​ដល់​។ ​

កម្ពុជា​ ត្រូវ​បាន​លោក Aaditya Mattoo សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក​កោត​សរសើរ​ចំពោះ​ការ​គ្រប់គ្រង​បាន​ល្អនៃ​ជំងឺឆ្លង​កូវីដ​១៩។ ក៏ប៉ុន្តែ​លោកថា​រដ្ឋាភិបាល​របស់ប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ​ ត្រូវ​ផ្តល់​ការ​បំប៉ន​បន្ថែម​ដល់​សិស្ស​ដែលបាន​អាក់​ខាន​ក្នុងការ​រៀនសូត្រ​ដោយជំងឺកូវីដ១៩​ និង​ការ​ផ្តល់​ការ​អប់រំ​ជំនាញ​ផ្សេង​ៗ​ដល់​អ្នកដែលបាន​បាត់​បង់​ការងារ​។

លោក​ Aaditya Mattoo ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​អន​ឡាញ​មួយ​ថា​៖ ​«អ្នក​ដឹង​ទេ​ចាំបាច់​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សា្លក​ស្នាម​ដែលបង្កដោយជំងឺ​កូវីដ​១៩​ ដូចជាពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការងារ​ ចេញ​ពី​សាលា​រៀន​ និង​ការបាត់​បង់​តម្លៃ​នៃជំនាញ​ផ្សេងៗនោះ​ គឺយើង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​នឹង​មាន​ការ​ប៉ះប៉ូវ​ជូនវិ​ញនូវ​ការផ្តល់​ការ​អប់រំ​បន្ថែមដល់​ក្មេង​ៗ​ មនុស្ស​ពេញវ័យ​ និងមនុស្ស​គ្រប់គ្នា​ ដែលនេះជា​ដើម​ទុន​មួយ។​ ត្រូវ​ចងចាំ​ថា​ យើង​មិន​មែន​កំពុង​រស់​នៅ​ក្នុង​ពិភព​ក្រោយចប់​ការ​ឆ្លងរោគ​រាតត្បាត​នោះ​ទេ​»​។

លោក​បន្ថែមថា ​ដើម្បី​ឲ្យសេដ្ឋកិច្ច​កម្ពុជា​អាចងើប​បាន​ឡើង​វិញ​នោះ​ រដ្ឋាភិបាល​កម្ពុជា​ មិន​ត្រូវមាន​វិធាន​ការ​ណា​ដែល​បង្អាក់​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​បាន​ទេ។ ហើយបើតាម​សេដ្ឋវិទូ​រូបនេះ​ កម្ពុជា​គួរ​បង្កើន​ការ​ខិតខំរបស់​ខ្លួន​ថែម​ទៀត​ ក្នុងការ​ពង្រឹង​សមត្ថភាព​ខាង​សុខាភិបាល។

«ដូច្នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀតដែល​ជា​ដើមទុន​នោះ​ គឺថាអ្នកចាំបាច់​ត្រូវ​មាន​សមត្ថភាព​ខាង​សុខា​ភិបាល​ប្រសើរ​ជាង​មុន​។ មាន​មនុស្ស​មួយ​ចំនួន​ជឿថា​ ជំងឺ​កូវីដ​១៩​ នឹង​មិនរលាយ​បាត់​ទាំង​ស្រុង​ទេ​ គឺ​វានឹង​ស្ថិត​នៅ​ដូច​ជា​ជំងឺ​ខាង​ផ្លូវ​ដង្ហើ​មមួ​យ។ ហេតុដូច្នេះ​ គឺត្រូវ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​គ្រប់គ្រង​ជំងឺ​ ដោយ​មិន​បង្អាក់​សេដ្ឋកិច្ច។ ជាថ្មី​ម្តង​ទៀត​ ការ​គ្រប់គ្រង​ជំងឺនេះ​ ជាអ្វីដែល​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន​រហូតមក​ដល់​ពេល​ថ្មីៗនេះ។ វាពិតជា​មាន​សារ:សំខាន់​ណាស់​សម្រាប់​ការងារ​នេះ»។

រូបឯកសារ៖ ក្រុម​គ្រូពេទ្យពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅមន្ទីរ​ពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

របាយការណ៍​ស្តីពី​ការងើបឡើងវិញ​មិន​ស្មើគ្នារបស់​ធនាគារ​ពិភពលោក​បានរក​ឃើញថា​ សេដ្ឋកិច្ច​នៅ​ប្រទេស​មួយ​ចំនួន​ងើប​ឡើងវិញ​បាន​ល្អ​ ដោយសារ​ប្រទេស​ទាំងនោះ​ មាន​វិធានការ​សក្តិសិទ្ធ​ក្នុង​ការ​គ្រប់​គ្រង​ការ​រាត​ត្បាត​កូវីដ​១៩​ ដោយ​ផ្លាស់​ប្តូរ​ពី​វិធាន​ការ​បិទ​ខ្ទប់​តឹងរ៉ឹង​ទៅ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ដែល​មានការ​ធ្វើ​តេស្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ជា​ជាង​បណ្តែត​បណ្តោយ​តាម​ការ​អូសបន្លាយនៃ​ការ​ដាក់វិធាន​ការ​បិទ​ខ្ទប់។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​មួយ​ចំនួន​នោះ​ ក៏​បាន​ទាញ​យក​អត្ថ​ប្រយោជន៍​ពីកា​ររើប​ឡើង​វិញ​នៃ​ពាណិជ្ជកម្ម​ទំនិញ​កម្មន្តកម្ម​ ជាពិសេស​ទំនិញ​អេឡិចត្រូនិក​ ដោយ​មិន​សូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ចំណូល​ពី​វិស័យ​ទេស​ចរណ៍។

របាយ​ការណ៍​បាន​ឲ្យ​ដឹង​បន្តថា ​វិធានការ​អន្តរាគមន៍​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​អាមេរិក​ដាក់​ចេញ​កាល​ពី​ពេល​ថ្មី​ៗនេះ​ អាច​រួម​ចំណែក​បាន​១%​ជាមធ្យម​ដល់​កំណើន​នៃប្រទេស​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​ និង​ដល់​ការ​ប្រឹង​ប្រែង​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​យ៉ាង​តិច​៣​ខែ​ទៀត​ដែរ។ ប៉ុន្តែ​អ្វីដែល​ជា​ហានិភ័យ​ចំពោះ​ចក្ខុវិស័យ​នេះ គឺ​អាច​មក​ពី​ភាព​យឺត​ៗ​នៃ​ការ​អនុវត្ត​កម្មវិធី​វ៉ាក់សាំង​កូវីដ១៩​ ដែល​អាច​ធ្វើ​ឲ្យ​កំណើន​នៅ​ក្នុង​ប្រទេសមួយ​ចំនួន​យឺត​ជាង​១​ខ្ទង់​%​។

របាយ​ការណ៍​ព្រមាន​ថា ​បើ​គិតតាម​បរិមាណ​ស្តុក​ និង​ការ​បែង​ចែក​វ៉ាក់​សាំង​នា​ពេល​បច្ចុប្បន្ននេះ​ បណ្តា​ប្រទេស​ឧស្សាហកម្ម​ នឹង​ចាក់​វ៉ាក់​សាំង​បាន​ ៨០% នៃប្រជាជន​របស់​ខ្លួន​គិត​ត្រឹម​ចុង​ឆ្នាំ​២០២១​ រីឯ​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​អាច​នឹង​សម្រេច​បាន​ប្រហែល​៥៥​%ប៉ុណ្ណោះ។ ​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​លោក​ មាស សុខសេន​សាន​ អ្នក​នាំ​ពាក្យក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ​។

ដោយ​សារ​វិបត្តិ​កូវីដ​១៩​ សេដ្ឋ​កិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា​–៣,១%​ កាល​ពី​ឆ្នាំ​២០២០។ នេះ​ បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ទោះ​យ៉ាង​ណា ក្រសួង​សង្ឃឹម​ថា​ កំណើន​ងើប​ឡើង​វិញ​ក្នុង​អត្រា​៤%​ ក្នុង​ឆ្នាំ​២០២១​ ដោយ​មើល​ឃើញ​ពី​ការ​ទប់​ទល់​បាន​នឹង​ជំងឺ​នេះ ដោយ​សារ​មិន​មាន​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ មុន​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ។

ប៉ុន្តែ​នៅ​ពេល​មានវត្តមាន​នៃ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​សហគមន៍​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​មក​នោះ ​ក្រុម​សេដ្ឋវិទូ​បាន​សម្ដែង​ក្ដី​បារម្ភ​ថា​ ក្ដី​រំពឹង​ទុក​អំពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាមួយ​កំណើន​វិជ្ជមាន​នៅ​ឆ្នាំ​នេះ អាច​នឹង​រង​ការ​រំខាន។

ក្នុង​របាយការណ៍​ដាច់ដោយ​ឡែក​មួយ​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០២០ ​ធនាគារ​ពិភពលោក​បាន​លើក​ឡើង​ផង​ដែរ​នូវ​សារៈ​សំខាន់​ចាំបាច់​បំផុត​នៃ​ការ​រៀប​ចំ​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ​ សម្រាប់​ការ​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំង​កូវីដ​១៩ ក៏​ដូច​ជា​ការ​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ផង​ដែរ​នូវ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ដែល​អាច​បង្ក​ដោយ​«កំណើន​អូស​បន្លាយ​យូរ​ពេករ​បស់​វិស័យ​សំណង់​និង​អចលន​ទ្រព្យ» ខណៈ​វិស័យ​ទេស​ចរណ៍ទ្រុឌ​ទ្រោម​ខ្លាំង​ និងការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​បាន​ថយ​ចុះ​៕