ប្រធានគណបក្សសាធារណរដ្ឋនៃរដ្ឋ Florida បាននិយាយកាលពីថ្ងៃពុធថា កូនប្រុសពៅរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ឈ្មោះ Barron Trump ត្រូវបានជ្រើសរើសឱ្យបម្រើការជាប្រតិភូម្នាក់របស់រដ្ឋ Florida នៅក្នុងមហាសន្និបាតជាតិនៃគណបក្សសាធារណរដ្ឋ។
លោក Evan Power ប្រធានគណបក្សសាធារណរដ្ឋនៃរដ្ឋ Florida បាននិយាយថា យុវជនជាសិស្សវិទ្យាល័យអាយុ១៨ឆ្នាំនេះ នឹងបម្រើការជាប្រតិភូម្នាក់ក្នុងបណ្តាប្រតិភូ៤១នាក់របស់រដ្ឋ Florida ទៅចូលរួមក្នុងមហាសន្និបាតថ្នាក់ជាតិរបស់បក្ស ដែលនៅទីនោះគណបក្សសាធារណរដ្ឋមានកំណត់នឹងតែងតាំងឪពុកគាត់ជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតទូទៅនៅខែវិច្ឆិកា។ ទូរទស្សន៍ NBC បានរាយការណ៍មុនគេអំពីការជ្រើសរើសយុវជន Barron Trump ឱ្យធ្វើជាប្រតិភូ។
យុវជន Barron Trump កន្លងមកមិនបានបង្ហាញខ្លួនជាសាធារណៈច្រើនទេ តែគាត់បានគ្រប់អាយុ១៨ឆ្នាំកាលពីខែមីនា ហើយនឹងទទួលសញ្ញាប័ត្រពីវិទ្យាល័យនៅសប្តាហ៍ក្រោយ។ ចៅក្រមដែលកំពុងកាត់ក្តីលោក Donald Trump អំពីប្រាក់បំបិទមាត់នៅបូរី New York បាននិយាយថា គ្មានការកាត់ក្តីនៅថ្ងៃទី១៧ ខែឧសភាទេ ដើម្បីឱ្យលោក Trump អាចចូលរួមក្នុងការប្រគល់សញ្ញាប័ត្រឱ្យកូនលោកបាន។
លោក Donald Trump Jr. លោក Eric Trump និងកូនស្រីពៅលោក Trump ឈ្មោះ Tiffany ក៏ជាប្រតិភូរដ្ឋ Florida ក្នុងមហាសន្និបាតបក្សនាក្រុង Milwaukee ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ខាងមុខដែរ។
លោក Power បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលថា «យើងមានក្រុមធំមួយនៃក្រុមមេដឹកនាំក្នុងមូលដ្ឋាន ក្រុមមន្ត្រីជាប់ឆ្នោតនិងក្រុមសមាជិកនៃគ្រួសារលោក Trump ធ្វើការជាមួយគ្នាជាផ្នែកមួយនៃគណៈប្រតិភូរដ្ឋ Florida ទៅកាន់មហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤»៕