ព្រឹទ្ធសភា​បោះឆ្នោត​អនុម័ត​ឲ្យ​អ្នកស្រី Barrett ធ្វើជា​ចៅក្រម​តុលាការ​កំពូល​តាម​ការ​ស្នើ​របស់​លោក Trump

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ឈរ​មើល​អ្នកស្រី Amy Coney Barrett ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​នៅ​សេតវិមាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ឲ្យ​អ្នកស្រី Amy Coney Barrett ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល ក្នុង​សំឡេង​គាំទ្រ ៥២ ទល់​នឹង ៤៨ កាលពី​យប់​ថ្ងៃ​ច័ន្ទ។

អ្នកស្រី Susan Collins សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ Maine បាន​ចូលរួម​ជាមួយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ទាំងអស់ ដោយ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​តែងតាំង​អ្នកស្រី Barrettនេះ។ អ្នកស្រី Collin បាន​និយាយ​ថា អ្នកស្រីមិន​បោះឆ្នោត​ផ្តល់​ការ​តែងតាំង​ឲ្យ​អ្នកស្រី Barrett ដោយសារតែ​ការ​បោះឆ្នោត​អនុម័ត​តែងតាំង​នេះ​កៀកនឹង​ពេល​បោះឆ្នោត​ប្រធានាធិបតី​ដែល​នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​ក្រោយ។

បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP មិន​មាន​ចៅក្រម​តុលាការ​កំពូល​ណា​ ដែល​ទទួល​បាន​ការ​អនុម័ត​តែងតាំង​ដោយ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​ដែល​មិន​មាន​ការ​គាំទ្រ​ពី​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិចនោះ​ទេ នៅ​ក្នុង​រយៈពេល​យ៉ាង​តិច ១៥០ ឆ្នាំ​ចុងក្រោយ​នេះ។

ចៅក្រម​តុលាការ​កំពូល​លោក Clarence Thomas បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​អ្នកស្រី Barrett នៅសេតវិមាន​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​កន្លង​មក​ថា ការ​ជ្រើស​តាំង​បេក្ខជន​សម្រាប់​អសនៈ​តុលាការ​កំពូល​នេះ ត្រូវតែ​ទុក​ឲ្យប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់​ជា​អ្នក​សម្រេច។

ជំហរ​នេះ​ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ប្រកាន់​យក នៅពេល​ដែល​មាន​អាសនៈ​ចៅក្រម​តុលាការ​កំពូល​មួយ​នៅ​ទំនេរ​នៅ​ដើម​ឆ្នាំ ២០១៦ ដែល​ជា​ឆ្នាំ​បោះឆ្នោត​ប្រធានាធិបតី។ នៅ​ពេល​នោះ គណបក្ស​សាធារណរដ្ឋ​បាន​បដិសេធ​ពុំ​ព្រម​ពិចារណាលើ​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​របស់​លោក Merrick Garland បេក្ខជន​ដែល​តែងតាំង​ដោយ​លោក​ប្រធានាធិបតី Barack Obama ខាង​គណបក្ស​ប្រជាធិបតេយ្យ៕