លោក Barr តែងតាំង​អ្នកគ្រប់គ្រង​ពន្ធនាគារ​ឡើងវិញ​ និង​បាន​បញ្ជា​ឲ្យ​ឆ្មាំគុក​សម្រាក​ពី​ការងារ​ បន្ទាប់​ពី​ការស្លាប់​របស់​លោក Epstein

រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក William Barr ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានពីសន្តិសុខអ៊ីនធឺណិត នៅមហាវិទ្យាល័យ Fordham នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

លោក Epstein ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឃ្លាំ​មើល​មនុស្ស​ដែល​អាច​ធ្វើ​ឃាត​ខ្លួន​ឯង​នៅក្នុង​មជ្ឈមណ្ឌល​កែប្រែ​ក្នុង​ទីក្រុងញ៉ូវយ៉ក​កាល​ពី​ខែមុន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។ ប៉ុន្តែ​ឆ្មាំគុក​ត្រូវ​ទៅ​ពិនិត្យមើល​លោក​រៀងរាល់​៣០នាទីម្តង។

រដ្ឋមន្រ្តី​យុត្តិធម៌​សហរដ្ឋអាមេរិក​ លោក William Barr បាន​ចាត់តាំង​មន្រ្តី​គ្រប់គ្រង​ពន្ធនាគារ​ឡើងវិញ​និង​បាន​បញ្ជា​ឲ្យ​ឆ្មាំ​យាម​គុគ​ពីរនាក់​សម្រាក​ពី​ការងារ​នៅក្នុង​ពន្ធនាគារ​សហព័ន្ធ​ ជា​កន្លែង​ដែល​លោក Jeffrey Epstein​ អ្នកជំនាញ​ហិរញ្ញវត្ថុ​បាន​សម្លាប់​ខ្លួនឯង។

លោក Epstein វ័យ៦៦ឆ្នាំ​បាន​ប្រឈម​នឹង​ការចោទប្រកាន់​ដោយ​តុលាការ​សហព័ន្ធ​ពី​បទ​ជួញដូរ​ផ្លូវភេទ​ក្មេងស្រី​ជំទង់​ ដែល​ជនរងគ្រោះ​មួយ​ចំនួន​មាន​អាយុ​ទើប​តែ១៤ឆ្នាំ។ លោក Epstein ត្រូវ​បាន​រក​ឃើញ​ថា​ ស្លាប់​កាល​ពី​ថ្ងៃសៅរ៍។ លោកត្រូវ​បាន​គេ​សង្ស័យ​ថា​ បាន​ចង​ក​សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់​ឃុំឃាំង​លោក​ ជា​កន្លែង​ដែល​លោក​រង់ចាំ​សវនការ​កាត់ទោស​ក្រោមបទចោទ​រំលោភបំពាន​ផ្លូវភេទ​លើ​ក្មេងស្រី។

លោក Epstein ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឃ្លាំ​មើល​មនុស្ស​ដែល​អាច​ធ្វើ​ឃាត​ខ្លួន​ឯង​នៅក្នុង​មជ្ឈមណ្ឌល​កែប្រែ​ក្នុង​ទីក្រុងញ៉ូវយ៉ក​កាល​ពី​ខែមុន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។ ប៉ុន្តែ​ឆ្មាំគុក​ត្រូវ​ទៅ​ពិនិត្យមើល​លោក​រៀងរាល់​៣០នាទីម្តង។

របាយការណ៍​នានា​បញ្ជាក់​ថា​ ការស៊ើបអង្កេត​បឋម​រកឃើញ​ថា​ ឆ្មាំគុក​មិន​បាន​អនុវត្ត​តាម​នីតិវិធី​នៅឡើយ​ ហើយ​គេរក​ឃើញទៀត​ថា​ ឆ្មាំគុក​មិន​បាន​ទៅ​ពិនិត្យ​មើល​លោក Epstein ​រហូត​ដល់​ទៅ​រាប់ម៉ោង។

លោក Epstein​ គឺ​ជា ​បុគ្គល​ម្នាក់​ដែល​មាន​មិត្តភក្តិសុទ្ធ​តែ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​និង​អំណាច​ រួមទាំង​លោកប្រធានាធិបតី Donald Trump អតីតប្រធានាធិបតី​លោក Bill Clinton និង​ព្រះអង្គ​ម្ចាស់​អង់គ្លេស Andrew ផងដែរ។

រដ្ឋអាជ្ញា​សហព័ន្ធ​នឹង​ភ្នាក់ងារ FBI ថា​ ការស៊ើបអង្កេត​របស់​ពួកគេ​លើ​ករណី​លោក Epstein នឹង​នៅ​តែ​បន្ត​ បើ​ទោះបី​ជា​លោក​បាន​ស្លាប់​ហើយ​ក៏ដោយ៕