កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២អ្នកស្រី លី អ៊ុំអេង បានប្តឹងលោក ឃឹម ហ្វីណង់ អាយុ៣៥ឆ្នាំអភិបាលស្រុកបន្ទាយស្រីពីបទ«ញុះញង់រំលោភលើកម្មសិទ្ធិឯកជននិងមិនគោរពតាមការសម្រេចរបស់តុលាការ»ដោយចោទលោកថាបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១១ខែមករាឆ្នាំ២០២២ដែលអ្នកស្រីចោទថាមានចរិតញុះញង់ប្រជាពលរដ្ឋជាច្រើននាក់មកវាស់វែងនិងបោះបង្គោលហ៊ុំព័ទ្ធដីរបស់អ្នកស្រីកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២២ដែលស្ថិតក្នុងភូមិរវៀងតាទុំអស់ចំនួន៩៨ហិកតានិងភូមិរំចេកអស់ចំនួន៥០ហិកតា។ លោកអភិបាលស្រុកបន្ទាយស្រីបានច្រានចោលការចោទប្រកាន់នេះដោយចាត់ទុកថាជាការប្រឌិតនិងគ្មានមូលដ្ឋានច្បាស់លាស់ខណៈលោកអះអាងថាលោកធ្វើទៅតាមតួនាទីនិងច្បាប់តែប៉ុណ្ណោះ។
បើតាមដើមបណ្តឹងអ្នកស្រីបានទិញដីពីប្រជាពលរដ្ឋមួយចំនួនសរុបប្រមាណ២០០ហិកតាក្នុងស្រុកបន្ទាយស្រីនេះហើយបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវដោយដាក់ឈ្មោះកូនរបស់ខ្លួនគឺអ្នកស្រីលី សេងឆៃនិងរូបខ្លួន។ អ្នកស្រីបន្តថាអ្នកស្រីបានកាន់កាប់ដីនេះអស់រយៈពេល១៩ឆ្នាំមកហើយតាំងពីឆ្នាំ២០០៣មកម៉្លេះដោយមានការដាំដំឡូង ស្វាយចន្ទីនិងមានឃ្លាំងដំឡូងជាដើម។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបន្ទាយស្រីចុះថ្ងៃទី១១ខែមករាឆ្នាំ២០២២ឲ្យដឹងថាដីដែលមានទំនាស់នោះជាដីគប្រមព្រៃឈើឆ្នាំ២០០២ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម។ នៅក្នុងសេចក្តីជូនដំណឹងនោះអាជ្ញាធរបានប្រាប់ឲ្យប្រជាពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីជាមួយបុគ្គលក្រុមហ៊ុនសាច់ញាតិឬអ្នកជាប់ព្រំនិងបញ្ហាផ្សេងទៀតត្រូវមកដាក់ពាក្យបណ្តឹងនៅសាលាស្រុកបន្ទាយស្រីក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃជូនដំណឹង។
អ្នកស្រី លី អ៊ុំអេង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាដីទាំងនោះមានបញ្ជាក់ប្លង់ទន់ហើយត្រូវបានទទួលស្គាល់និងដឹងឮពីអតីតអភិបាលខេត្តសៀមរាបលោក ស៊ូ ភិរិន្ទ និងអតីតអភិបាលស្រុកបន្ទាយស្រីលោក ម៉ឹង វុទ្ធី និងក្រសួងដែនដីថែមទៀតផង។ អ្នកស្រីបន្ថែមថាអ្នកស្រីធ្លាប់តវ៉ាក្តីជាមួយមេព្រៃហើយតុលាការកំពូលបានសម្រេចថាអ្នកស្រីមិនបានយកដីព្រៃឡើយ។ អ្នកស្រីថាក្នុងអំឡុងឆ្នាំ២០១៩ក្រសួងដែនដីបានប្រាប់អ្នកស្រីឲ្យធ្វើប្លង់រឹងដែរ ប៉ុន្តែអ្នកស្រីគិតថាជាប្រភេទដីកសិកម្មដូច្នេះមិនទាន់ចង់ចំណាយលុយច្រើនក្នុងការរត់ការប្លង់រឹងដោយក្នុងមួយហិកតាត្រូវចំណាយ៣០០ដុល្លារអាមេរិក។
អ្នកស្រីថ្លែងថា៖ «ប្រជាពលរដ្ឋបានលក់ឲ្យ[មីង]។ មេព្រៃបានប្តឹងមីងទៅតុលាការ។ហើយមីងក៏បានដោះស្រាយនៅតុលាការចប់សព្វគ្រប់អស់ហើយ....តាំងឆ្នាំ២០០៥ដល់ឆ្នាំ២០១៣បាន[ចប់]ស្ថាពរដល់តុលាការកំពូល។ ហើយប្រជាជនទៅអំណះអំណាង...ម្ចាស់[លក់ដី]មួយៗទៅ[អំណះអំណាង]ថាបានលក់ឲ្យអ៊ំ អេងពិតប្រាកដ[និងថា]ខ្ញុំ[អ៊ំ អេង]អត់បានយកដី ព្រៃអ៊ីចឹង[ទៅ]។ ហើយគេហៅមេភូមិហៅមេឃុំហៅចៅហ្វាយស្រុកទៅបំភ្លឺទាំងអស់ហើយបានយើងឈ្នះ[នៅមុខ]ចៅក្រមតុលាការជាមួយអាជ្ញាធរព្រៃឈើហើយ....ដីហ្នឹង»។
អ្នកស្រី លី អ៊ុំអេង បានចោទអភិបាលស្រុកបន្ទាយស្រីដែលជាកូនប្រុសអតីតអភិបាលខេត្តសៀមរាបមុនគឺលោក ឃឹម ប៊ុនសុង ថាមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការនិងរំលោភសាលដីការក្សាសម្រេចការពាររបស់តុលាការ។
អ្នកស្រីឲ្យដឹងទៀតថាបញ្ហានេះស្មុគស្មាញដោយសារតែការយល់ខុសពីការកំណត់ភូមិសាស្រ្តនិងការទទួលពាក្យបណ្តឹងរបស់រដ្ឋបាលស្រុកបន្ទាយស្រីដែលធ្វើឲ្យមានការត្រួតជាន់លើដីរបស់អ្នកស្រីខណៈមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបន្ទាយស្រីដែលប្រកាស«ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋណាដែលកំពុងមានទំនាស់ដីធ្លីក្នុងស្រុកបន្ទាយស្រី»។
អ្នកស្រីបន្ថែមថា៖ «គាត់[រដ្ឋបាលស្រុកបន្ទាយស្រី]ទទួលពាក្យបណ្តឹងយកពីក្រៅ[ភូមិស្រះខ្វាវ]មកដាក់ភូមិរវៀងតាទុំឃុំរំចេក ជាន់លើដីមីង។ ករណីហ្នឹងហើយគឺខុសមេឃនិងដី។ គាត់យកភូមិស្រះខ្វាវ[ដាក់]លើដីខ្ញុំភូមិរវៀងតាទុំឃុំតាចេក[ដែលតុលាការបានចេញសេចក្តីសម្រេច]រក្សាការ ពារស្រេច។ ហើយឲ្យគេបោះបង្គោលពេញតែហ្នឹង។រាល់ថ្ងៃខ្ញុំដេញអត់ចេះឈប់ដោយសារប្រកាសគាត់[លោក ឃឹម ហ្វីណង់]ហ្នឹងឯង»។
ដើមបណ្តឹងរូបនោះបានស្នើឲ្យលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីទៅសួរនាំអំពីទីតាំងភូមិសាស្ត្រនិងការកំណត់ភូមិសាស្រ្តឲ្យបានច្បាស់ពីអតីតអភិបាលស្រុកបន្ទាយស្រីហើយបើមានការកាត់ដីមែន អ្នកស្រីថាអាជ្ញាធរគួរតែពិនិត្យមើលលើឯកសារកុំឲ្យយកតំបន់ផ្សេងឬទីតាំងភូមិផ្សេងមកដាក់ត្រួតលើតំបន់តែមួយនិងត្រូវមើលខែឆ្នាំកាន់កាប់ដីដូចជាពលរដ្ឋដែលកាន់កាប់មុនឆ្នាំ២០០៣។
ជាការឆ្លើយតបលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីចាត់ទុកការចោទប្រកាន់នេះថាជាការប្រឌិតនិងគ្មានមូលដ្ឋានច្បាស់លាស់ដោយអះអាងថាលោកធ្វើតាមតួនាទីនិងច្បាប់តែប៉ុណ្ណោះ។ លោកឲ្យដឹងថារដ្ឋបាលស្រុកបានហ៊ុំព័ទ្ធដីក្នុងស្រុកបន្ទាយស្រីជាង១ពាន់ហិកតានិងបានចេញសេចក្តីជូនដំណឹងដើម្បីឲ្យប្រជាពលរដ្ឋដាក់ឯកសារកាន់កាប់ដីមករដ្ឋបាលស្រុកដើម្បីធ្វើបច្ចុប្បន្នភាពនិងប្រមូលទិន្នន័យតំបន់នេះនិងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដែលជាតំបន់គម្រប់ព្រៃឈើដោយតំបន់ខ្លះមានការកាន់កាប់គងគ្នា។
លោកបន្តថាពាក់ព័ន្ធដីរបស់អ្នកស្រី លី អ៊ុំអេង មិនទាន់មានការសន្និដ្ឋានថាគាត់ទាមទារនិងបោះបង្គោលលើដីរបស់គេឬគេមកបោះបង្គោលលើដីគាត់ទេដោយត្រូវផ្ទៀងផ្ទាត់ឯកសារនិងវិនិច្ឆ័យជាមុនសិនជាពិសេសឯកសារក្រោយឆ្នាំ២០០២ទាំងអស់បន្ទាប់ពីរដ្ឋកំណត់ថាជាគម្រប់ព្រៃឈើ។ លោកថាដីក្នុងតំបន់នោះរដ្ឋបាលស្រុកមិនអនុញ្ញាតឲ្យមានសកម្មភាពនៃការលក់ដូរឬធ្វើសកម្មភាពណាមួយដែលអាចបង្កជាបច្ច័យអាក្រក់ទៅថ្ងៃក្រោយនោះទេ។
លោកថ្លែងថា៖ «ហើយចំពោះថាអ្នកណាជាម្ចាស់ពិតប្រាកដនោះគឺត្រូវរង់ចាំការពិនិត្យលទ្ធផលចុងក្រោយហើយ។ ហើយដាច់ខាតមុននឹងការទាមទារមានប្រសិទ្ធភាពបានទាល់តែមានការផ្តល់នូវឯកសារបញ្ជាក់ពីការកាន់កាប់ត្រឹមត្រូវហើយឯកសារហ្នឹងត្រឹមត្រូវទៅទៀតបើសិនជាឯកសារនោះមិនមែនជាឯកសារត្រឹមត្រូវនោះអាចចោទជាបញ្ហា»។
លោកបន្តថា៖ «សូមបញ្ជាក់ថាដីនេះជាដីគម្រប់ព្រៃឈើហើយឯកសារដែលកាន់កាប់អាស្រ័យផលទាំងប៉ុន្មានមែនទែនទៅជាឯកសារខុសច្បាប់ទេ ទោះបីជាចេញដោយមេភូមិមេឃុំក៏ដោយគឺមិនមែនជាឯកសារត្រូវតាមច្បាប់ទេ ពីព្រោះតាមច្បាប់ យើងមិនអនុញ្ញាតឲ្យចេញឯកសារកាន់កាប់ណាមួយនៅលើដីរដ្ឋនោះទេ។ ប៉ុន្តែដោយសារកន្លងមកដោយសារប្រព័ន្ធទិន្នន័យយើងមិនបានទូលំទូលាយលោកមេភូមិមេឃុំឬអាជ្ញាធរមូលដ្ឋានអាចឆ្លើយថាអត់បានដឹងថាជាដីគម្រប់ព្រៃឈើក៏ចេញឯកសារមួយចំនួនទៅ»។
លោកនៅតែអះអាងថាលោកមិនបានធ្វើខុសដូចការចោទប្រកាន់ទេ ដោយថាការប្រមូលទិន្នន័យលើដីរដ្ឋមិនមែនជាការញុះញង់ឬសម្រេចផ្ទុយពីការសម្រេចរបស់តុលាការឡើយ។ លោកបញ្ជាក់ថាការសំអាងរបស់ដើមបណ្តឹងថាតុលាការកាត់ក្តីឲ្យកាត់ឈ្នះកាលពីកន្លងទៅគឺមិនមែនមានន័យថាសេចក្តីសម្រេចរបស់តុលាការពេលនោះគឺជាការប្រគល់ដីសាធារណៈរបស់រដ្ឋឲ្យទៅអ្នកស្រីនោះទេពីព្រោះតុលាការមិនមានសិទ្ធិកាត់សេចក្តីលើដីរដ្ឋបានឡើយ។
លោកបញ្ជាក់ថា៖ «បើយើងនិយាយពីដែនសមត្ថកិច្ចរបស់តុលាការគឺតុលាការមិនអាចកាត់សេចក្តីលើដីរដ្ឋបានទេ។តុលាការគ្រាន់តែប្រាប់ថាគាត់អត់បានខុស។ អ៊ីចឹងគាត់អាចឈ្នះក្តីក្នុងករណីនេះមិនមែនបានន័យថាសេចក្តីសម្រេចរបស់តុលាការនៅពេលនោះគឺជាការប្រគល់ដីសាធារណៈរបស់រដ្ឋទៅឱ្យគាត់បានទេ ហើយសូមបញ្ជាក់ម្តងទៀតថាច្បាប់ក្នុងប្រទេសកម្ពុជាមិនអនុញ្ញាតការកាត់ដីសាធារណៈរបស់រដ្ឋតាមរយៈសាលដីការបស់តុលាការបានទេ។ សូមបញ្ជាក់នេះជាការបកស្រាយខុសរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ហើយខ្ញុំសង្ឃឹមថាលោកស្រីលី អ៊ុំអេងគ្រាន់តែយល់ច្រឡំទៅចុះ មិនមែនដឹងហើយបែរជាព្យាយាមបកស្រាយផ្ទុយទៅវិញទេ»។
អភិបាលស្រុកបន្ទាយស្រីរូបនេះទទួលស្វាគមន៍ឲ្យមានការស៊ើបអង្កេតនិងការធ្វើអធិការកិច្ចលើករណីនេះដើម្បីបញ្ជាក់ពីភាពស្អាតស្អំនិងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការហើយលោកក៏តៀមខ្លួននឹងចាកចេញពីតួនាទីនិងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុសនិងបានប្រព្រឹត្តដូចការចោទប្រកាន់។
អ្នកស្រី សាត ធីតា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបប្រាប់វីអូអេថាអ្នកស្រីមិនទាន់អាចបញ្ជាក់អ្វីនោះទេដោយអ្នកស្រីថាមិនទាន់បានដឹងថាតើព្រះរាជអាជ្ញារងរូបណាជាអ្នកទទួលខុសត្រូវ សំណុំរឿងប្តឹងលោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រីនោះទេ។
លោក សួស ណារិន មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាបប្រាប់វីអូអេថាករណីមួយនេះមានតែតុលាការចុះមកស៊ើបអង្កេតនិងស្រាវជ្រាវដោយផ្ទាល់តែប៉ុណ្ណោះទើបអាចរកយុត្តិធម៌ដល់ភាគីទាំងសងខាងបាន៕