ទោះបីជាស្ថាប័នបោះឆ្នោតជាតិនៅបង់ក្លាដែសបានប្រកាសថា ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមករាខាងមុខនេះក៏ដោយ ក៏គណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងអ្នកវិភាគនយោបាយជាច្រើនបានចាត់ទុកថា ស្ថានភាពនៅក្នុងប្រទេសនេះមិនសមស្របទៅនឹងការរៀបចំការបោះឆ្នោតទាល់តែសោះ។
សកម្មជនសិទ្ធិមនុស្សបានថ្លែងថា ជាមួយនឹងការបង្រ្កាបដ៏ធំដែលកំពុងធ្វើឡើងប្រឆាំងនឹងគណបក្សនយោបាយប្រឆាំង ហើយមេដឹកនាំគណបក្សនិងសកម្មជនជាច្រើននាក់នៅតែត្រូវបានចាប់ខ្លួនតាមទំនើងចិត្តនៅទូទាំងប្រទេសនោះ ការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នោះទេ។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch អ្នកស្រី Julia Bleckner បានប្រាប់វីអូអេថា៖ «នាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh Hasina កំពុងចាប់ខ្លួនគូប្រជែងរបស់អ្នកស្រីដាក់ពន្ធនាគារយ៉ាងឆាប់រហ័ស នៅមុនការបោះឆ្នោតសកលក្នុងខែមករាខាងមុខនេះ។ ត្រឹមតែមួយខែចុងក្រោយនេះ អង្គការសិទ្ធិមនុស្ស Human Rights Watch បានកត់ត្រាករណីជាច្រើននៃការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការចាប់ខ្លួនក្រុមប្រឆាំងនយោបាយតាមទំនើងចិត្តក្នុងទ្រង់ទ្រាយធំ»។
អ្នកស្រីបន្ថែមថា៖ «ការបង្ក្រាបជាប្រព័ន្ធដែលកំពុងធ្វើឡើងប្រឆាំងនឹងសមាជិកបក្សប្រឆាំង អ្នករិះគន់ និងសកម្មជនសិទ្ធិមនុស្សដោយកងកម្លាំងសន្តិសុខបង់ក្លាដែស ធ្វើឱ្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌មិនអាចប្រព្រឹត្តទៅបានទេ»។
គណបក្សជាតិនិយមបង់ក្លាដែស (BNP) បានធ្វើពហិការមិនចូលរួមការបោះឆ្នោតសកលនៅក្នុងប្រទេសនេះ កាលពីឆ្នាំ ២០១៤។ ក្នុងឆ្នាំ ២០១៨ ការបោះឆ្នោតសកលត្រូវបានរំខានដោយការចោទប្រកាន់យ៉ាងច្រើនអំពីការក្លែងបន្លំសន្លឹកឆ្នោត ដោយគណបក្សសម្ព័ន្ធ Awami (AL) ដែលកំពុងគ្រប់គ្រងអំណាចរបស់អ្នកស្រី Hasina ។
ចាប់តាំងពីឆ្នាំមុនមក សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតបានជំរុញឱ្យរដ្ឋាភិបាលរបស់អ្នកស្រី Hasina រៀបចំការបោះឆ្នោតសកលខាងមុខនេះ ដោយសេរីនិងយុត្តិធម៌។ កាលពីខែកញ្ញាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានចាប់ផ្តើម «ចាត់វិធានការក្នុងការរឹតបន្តឹងទិដ្ឋាការ» ដល់ពលរដ្ឋបង់ក្លាដែសណា ដែលត្រូវបានគេរកឃើញថាពាក់ព័ន្ធក្នុងការ «បំផ្លាញដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ» នៅក្នុងប្រទេសនេះ។
បន្ទាប់ពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតសកលនៅពេលខាងមុខនេះមក គណបក្ស BNP និងសម្ព័ន្ធមិត្តបានបន្តទាមទារឱ្យអ្នកស្រី Hasina ចុះចេញពីតំណែង។ ការបង្រ្កាបលើក្រុមប្រឆាំងដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបង់ក្លាដែស បានធ្វើឱ្យមេដឹកនាំនិងសកម្មជនគណបក្សប្រឆាំងរាប់រយនាក់ត្រូវបានចាប់ខ្លួនជារៀងរាល់ថ្ងៃ។
ក្នុងរយៈពេលថ្មីៗនេះ អតីតសមាជិកសភា មេដឹកនាំជាន់ខ្ពស់ និងសកម្មជនជាង ៤០០ នាក់មកពី គណបក្ស BNP ត្រូវបានកាត់ទោសដោយតុលាការ។ សេចក្តីថ្លែងការណ៍របស់គណបក្ស BNP បានថ្លែងថា ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសទាំងនោះមានបេក្ខជនឈរឈ្មោះនាពេលអនាគតមួយចំនួនផងដែរ។
លោក Mohammad Ashrafuzzaman នៃអង្គការគម្រោងយុត្តិធម៌សម្រាប់ទោសប្រហារជីវិត (CPJP) ដែលបានចងក្រងឯកសារអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសបង់ក្លាដែសអស់រយៈពេលជាង ១៥ ឆ្នាំមកហើយបានថ្លែងថា អ្នកស្រី Hasina «ប្រើប្រាស់ជាប្រព័ន្ធ» នូវប្រព័ន្ធតុលាការរបស់ប្រទេសបង់ក្លាដែស ដើម្បីធ្វើជាឧបករណ៍ដាក់ទណ្ឌកម្មលើក្រុមអ្នកប្រឆាំង។
លោក Ashrafuzzaman បានប្រាប់ VOA ថា៖ «ប្រព័ន្ធតុលាការបាន និងកំពុងអនុវត្តតាមរបបដឹកនាំរបស់អ្នកស្រី Hasina ដោយកាត់ទោសមេដឹកនាំគណបក្សប្រឆាំងសំខាន់ៗនៅមុនការបោះឆ្នោតជាតិជាឯកតោភាគី»។
លោកបន្ថែមដូចនេះទៀតថា៖ «តុលាការ ភ្នាក់ងារអនុវត្តច្បាប់ អង្គភាពស៊ើបការណ៍សម្ងាត់ និងគណៈកម្មការរៀបចំការបោះឆ្នោតកំពុងសហការគ្នាទៅវិញទៅមក ដើម្បីជួយសម្រួលដល់ការបោះឆ្នោតក្លែងក្លាយ ដែលប្រជាជនបង់ក្លាដែសបានបដិសេធរួចទៅហើយ»៕