កងកម្លាំងសន្តិសុខនៅក្នុងប្រទេសបង់ក្លាដែស បានសម្លាប់ជនជាប់សង្ស័យ១១នាក់ នៃក្រុមជនសកម្មប្រយុទ្ធឥស្លាមមួយនៅក្នុងការបង្ក្រាបពួកជ្រុលនិយមនៅក្នុងប្រទេស។
កាលពីថ្ងៃសៅរ៍ លោក Asaduzzaman Khan រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសបង់ក្លាដែស បាននិយាយថាពួកជនជាប់សង្ស័យទាំងនេះជាសមាជិកនៃក្រុមហាមឃាត់ Jumatul Mujahedeen Bangladesh ហៅកាត់ថា JMB បានត្រូវចោទប្រកាន់ពី ការវាយប្រហារមួយនៅក្នុងហាងកាហ្វេនៅក្នុងរដ្ឋធានី Dhaka កាលពីខែកក្កដា។ មានមនុស្ស ២២នាក់បានស្លាប់នៅក្នុងការវាយប្រហារនោះដោយមានរួមបញ្ចូលជនបរទេស ១៧នាក់ផងដែរ។
ដោយចាត់វិធានការតាមការប្រាប់ កងកម្លាំងសន្តិសុខបានលបឆ្មក់ចូលលុកក្នុងកន្លែងជាប់សង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួកជនសកម្មប្រយុទ្ធនៅក្នុងតំបន់ជាយក្រុង Gazipur នៅខាងក្រៅរដ្ឋធានី Dhaka កាលពីព្រឹកថ្ងៃសៅរ៍។
លោក Khan បាននិយាយថា «យើងប្រាប់ពួកវាឱ្យចុះចាញ់តែពួកវាបាញ់លើពួកជនប្រដាប់អាវុធយើងដែលនាំឱ្យពួកយើងបាញ់តបតរវិញ»។ លោកបានថ្លែងបន្ថែមថាកងកម្លាំងរដ្ឋាភិបាល «រឹបអូសយកបានប្រាក់កាសពីពួកជ្រុលនិយមទាំងនេះដែលពួកវាបានមកពីការលួចប្លន់»។
លោក Mufti Mahmud Khan អ្នកនាំពាក្យនៃកងវរសេនាតូចធ្វើសកម្មភាពរហ័សដែលភាសាអង់គ្លេសហៅថា Rapid Action Battalion ដែលមានទាក់ទិននឹងកិច្ចប្រតិបត្តិការកាលពីថ្ងៃសៅរ៍បាននិយាយថាកាំភ្លើង គ្រាប់កាំភ្លើងនិងកាំបិតតាំងតោសម្រាប់កាត់សាច់បានត្រូវរកឃើញនៅក្នុងការលបឆ្មក់ចូលលុកនេះ។
ពួកប៉ូលិសបានសម្លាប់ជនជាង ៣៥នាក់ជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធនៅក្នុងការបាញ់កាំភ្លើងតគ្នាចាប់តាំងពីការសម្លាប់រង្គាលនៅក្នុងហាងនោះ ដោយមានរួមបញ្ចូលទាំងឈ្មោះ Tamim Ahmed Chowdhury ដែលជាពលរដ្ឋកាណាដាដើមកំណើតបង់ក្លាដែសអាយុ៣០ឆ្នាំផងដែរ។
ពួករដ្ឋឥស្លាម បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនៅក្នុងហាងនោះ ក៏ប៉ុន្តែពួកអាជ្ញាធរបានបដិសេធដោយនិយាយថាការវាយប្រហារនោះជាគម្រោងការប្រព្រឹត្តអំពើទុច្ចរិតដោយពួក JMB ហើយថាពួករដ្ឋ ឥស្លាម គ្មានវត្តមាននៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជារាស្ត្រភាគច្រើនជាអ្នកកាន់សាសនាឥស្លាមទេ៕