អតីតនាយករដ្ឋមន្ត្រីដែលគ្មានការសម្របសម្រួលនៃប្រទេសបង់ក្លាដែសលោកស្រី Khaleda Zia បានត្រូវដោះលែងពីការឃុំឃាំងក្នុងផ្ទះអស់ជាច្រើនឆ្នាំបន្ទាប់ពីសត្រូវដ៏ជូរចត់របស់លោកស្រីគឺលោកស្រី Sheikh Hasina បានត្រូវបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីហើយបានរត់គេចខ្លួននៅពេលដែលពួកបាតុករបានវាយសង្គ្រប់វិមានរបស់លោកស្រី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រជែងដ៏ខ្លាំងក្លារវាងស្ត្រីទាំង២រូបនេះបានក្លាយជារឿងនយោបាយនៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើនអស់រាប់ទសវត្សរ៍។
លោកស្រី Zia ដែលមានអាយុ៧៨ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៧ឆ្នាំពីបទពុករលួយនៅឆ្នាំ២០១៨នៅក្រោមការគ្រប់គ្រងរបស់លោកស្រី Hasina។
លោកស្រី Hasina ដែលមានអាយុ៧៦ឆ្នាំត្រូវបានបណ្តេញចេញពីអំណាចកាលពីថ្ងៃចន្ទបន្ទាប់ពីបាតុកម្មដ៏ធំមួយ ដោយនាយអគ្គសេនាធិការយោធាប្រកាសថាយោធានឹងបង្កើតរដ្ឋាភិបាលអន្តរកាលមួយ។
បន្ទាប់មកមានបទបញ្ជាឱ្យដោះលែងពួកអ្នកទោសដោយការតវ៉ាប្រឆាំងនិងលោកស្រី Zia ដែរ។
លោកស្រី Zia ជាប្រធាននៃគណបក្សជាតិបង់ក្លាដែសដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយ។ អ្នកនាំពាក្យបក្សប្រឆាំងលោក A.K.M Wahiduzzaman បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPកាលពីថ្ងៃអង្គារថាលោកស្រី«ឥឡូវនេះមានសេរីភាព»។
លោកស្រីមានសុខភាពយ៉ាប់យ៉ឺន ត្រូវជិះរទេះរុញដោយមានជំងឺរលាកសន្លាក់ឆ្អឹងនិងជំងឺទឹកនោមផ្អែមនិងជំងឺថ្លើម។
ក្នុងការវិវត្តន៍ចុងក្រោយនេះគឺម្ចាស់ជ័យលាភីណូបែលបង់ក្លាដែស លោក Muhammad Yunus នឹងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ។
លោក Joynal Abedin លេខាធិការសារព័ត៌មានរបស់លោកប្រធានាធិបតី Mohammed Shahabuddin បានប្រកាសព័ត៌មាននេះនៅព្រឹកថ្ងៃពុធក្នុងពេលនិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Associated Press តាមទូរសព្ទ៕