ឧទ្យាន​នៅ​បាងកក​នឹង​ត្រូវ​បិទ ​ខណៈ​ដែល​ករណី​ឆ្លង​កូវីដ១៩​កើន​ឡើង​ក្នុង​ប្រទេស

  • ​Reuters

រូបឯកសារ៖ ទិដ្ឋភាព​ឧទ្យាន​មួយ​ក្នុង​ទីក្រុង​ បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧។

រាជធានី​បាងកក​នៃប្រទេស​ថៃ​នឹង​បិទ​សួន​សាធារណៈ​ទាំង​អស់ ខណៈ​ដែល​អាជ្ញាធរ​ក្រុងពង្រឹង​ការ​ចាត់​វិធានការ​ដើម្បី​ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដោយ​រិតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ នេះ​បើ​តាម​ការ​អ្នក​នាំ​ពាក្យមួយ​រូប​របស់​សាលាក្រុង​បាងកក​នៅ​ថ្ងៃ​ពុធ​នេះ។

​តួលេខ​រដ្ឋាភិបាល​បង្ហាញ​ថា ប្រមាណ​ពាក់​កណ្តាល​នៃចំនួន​ការឆ្លង​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ថៃ​សរុប​១.៧៧១​ករណី​ ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាងកក។ ក្នុង​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​ថៃ​បាន​ប្រកាស​ករណី​ឆ្លង​ថ្មី​ចំនួន​១២០​ករណី និង​ការ​ស្លាប់​ថ្មី​២​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុបនៅ​ប្រទេស​ថៃ​កើន​ដល់​១២​នាក់។

ក្រៅ​ពី​ការ​បិទ​សួន​ឧទ្យាន​សាធារណៈ វិធានការ​រឹតបន្តឹង​ថ្មី​របស់​ក្រុង​បាងកក​ដែល​ចូល​ជា​ធរមាន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ពុធ​នេះ ដោយ​តម្រូវ​ឲ្យហាងលក់​ទំនិញ ផ្សារ​ទំនើប ភោជនីដ្ឋាន និង​តូប​លក់​ម្ហូប​តាម​ផ្លូវ ត្រូវ​បិទ​ពី​ពាក់​កណ្តាល​អាធ្រាត​ដល់​ម៉ោង​៥​ព្រឹក​ទើប​អាច​បើក​វិញ​បាន។

ចំណាត់ការ​តឹងតែង​ទាំង​នេះ​នឹង​បន្ត​ក្នុង​អំឡុង​នៃច្បាប់ប្រកាស​អាសន្នដែល​ត្រូវ​បាន​ចេញ​កាល​ពី​សប្តាហ៍​មុន​ហើយ​ដែល​មាន​ប្រសិទ្ធភាព​ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា៕