អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Ban Ki-moon បានអំពាវនាវឲ្យគណបក្សនយោបាយធំៗទាំងពីរបន្ត«វប្បធម៌សន្ទនា»ឡើងវិញ និងធានាឲ្យបាននូវការគោរពសិទ្ធិមនុស្សពេញលេញក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សទំាងពីរហាក់ដូចជាស្រពិចស្រពិលចំពោះការបន្តកិច្ចសន្ទនានៃគណបក្សរបស់ខ្លួន។
នាថ្ងៃព្រហស្បតិ៍នេះ តំណាងគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ បានសារទរដោយប្រយ័ត្នប្រយែងចំពោះការអំពាវនាវរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្នុងការបន្ត«វប្បធម៌សន្ទនា»រវាងគណបក្សខ្លួនឡើងវិញ។
បើទោះជាយ៉ាងណាក៏ដោយ តំណាងគណបក្សទំាងពីរបានបញ្ជាក់ប្រាប់ VOA ថា ខ្លួនមិនទាន់កំណត់ពេលវេលា និងប្រធានបទនៃការជួបសន្ទនាគ្នានៅឡើយនោះទេ។
យោងតាមសម្រង់ខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Ban Ki-moon និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីល្ងាចថ្ងៃអង្គារ ហើយចុះផ្សាយក្នុងគេហទំព័រ របស់អ្នកនាំពាក្យលោក Ban Ki-moon (បាន គីមូន) ឲ្យដឹងថា៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Ban Ki-moon បានអំពាវនាវឲ្យគណបក្សនយោបាយធំៗទាំងពីរបន្ត «វប្បធម៌សន្ទនា» ឡើងវិញ នឹងធានាឲ្យបាននូវការគោរពសិទ្ធិមនុស្សពេញលេញក្នុងប្រទេសកម្ពុជា។
ក្នុងសម្រង់ខ្លឹមសារនៃកិច្ចសន្ទនា ដែលបានចេញផ្សាយពីការិយាល័យអ្នកនាំពាក្យលោក Ban Ki-moon នាថ្ងៃពុធ នាទីក្រុងញូវយ៉ក បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖ «អគ្គលេខាធិការ បានបង្ហាញសេចក្តីសង្ឃឹមក្នុងចិត្តថា រដ្ឋាភិបាលកម្ពុជានឹងធានាឲ្យបាននូវការគោរពសិទ្ធិមនុស្សពេញលេញ រួមទាំងសិទ្ធិនៃការបញ្ចេញមិតិ សហគមន៍ និងការប្រមូលផ្តុំគ្នាជាដើម។ លោកក៏បានអំពាវនាវឲ្យបន្តវប្បធម៌សន្ទនា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិតទៅទៀត»។
ក្នុងសម្រង់ខ្លឹមសារនៃកិច្ចសន្ទនាដដែល ក៏បានបញ្ជាក់ពីក្តីកង្វល់ចំពោះ«របាយការណ៍ទាក់ទងនឹងការរីកសាយនៃការគំរាមកំហែង ការយាយី និងការឃុំឃាំង» មន្ត្រីសង្គមស៊ីវីល អ្នកសារព័ត៌មាន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងរាស្ត្ររបស់គណបក្សជំទាស់ជាដើម។
ក្រោយការឡើងកម្តៅនយោបាយ រវាងគណបក្សធំៗទាំងពីរ គឺគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ មានមន្ត្រីសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយក្នុងប្រទេសកម្ពុជាជាច្រើនរូបត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់។
យ៉ាងហោចណាស់ មានអ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់នៃសមាគមសិទ្ធិមនុស្សអាដហុកនិងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងស្នេហាលួចលាក់រវាងនាង ខុម ចាន់តារ៉ាទី ជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ក្រៅពីនេះ ក៏មានសកម្មជននយោបាយ មន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងយ៉ាងហោចណាស់១៦រូបផ្សេងទៀត ក៏កំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ និងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម។ ក្នុងនោះមានពលរដ្ឋខ្មែរអាមេរិកាំងចំនួនពីរនាក់ផងដែរ គឺលោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន។
បើទោះជាមានការអំពាវនាវពីលោក Ban Ki-moon អគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏ដោយ ក៏តំណាងនៃគណបក្សធំៗទាំងពីរ បានលើកឡើងដោយប្រយ័ត្នប្រយែង ថា ជំនួបរវាងគណបក្សទំាងពីរនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ក៏ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទ និងការយល់ព្រមលើកម្មវត្ថុនៃការសន្ទនាហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«ការអំពាវនាវរបស់គាត់ហ្នឹង វាល្អហើយ ចង់ឱ្យខ្មែរយើងបានសុខសន្តិភាព សុខដុមរមនាជាមួយគ្នា អាហ្នឹងជាគំនិតរួមរបស់គាត់។ ក៏ប៉ុន្តែការវាយតម្លៃរបស់គាត់ សម្ដែងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស បញ្ហាអីនៅកម្ពុជា វាមិនបានផ្សាភ្ជាប់ទៅនឹងតថភាពសង្គមកម្ពុជាទេ។ បច្ចុប្បន្នហ្នឹង គេចេះតែចោទថា មានការគាបសង្កត់គណបក្សប្រឆាំងអីអាហ្នឹង រឿងទាំងអស់ហ្នឹងវាកើតឡើងដោយសារគណបក្សប្រឆាំងល្មើសច្បាប់ហ្នឹងឯងបានវាកើតឡើង»។
លោក សុខ ឥសាន្ត បញ្ជាក់បន្ថែមថា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សជំទាស់ ដែលបានបង្កើតនាឆ្នាំ២០១៥ នឹងអាចជួយជំរុញវប្បធម៌សន្ទនារវាងគណបក្សទំាងពីរទៅមុខបន្តទៀត។
លោកបន្ថែមថា៖
«អីចឹង ខ្ញុំយល់ថា យូរនិងឆាប់ វាគង់តែក្រុមការងារគណបក្សទាំងពីរហ្នឹងជួបគ្នា ដើម្បីពិភាក្សាលើកកម្ពស់វប្បធម៌សន្ទនានេះ។ អាហ្នឹង វាស្របតាមសំណូមពររបស់ឯកឧត្ដម បាន គីមូន ហើយបាទ!»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ផងដែរថា ការជួបគ្នារវាងគណបក្សទំាងគឺត្រូវតែផ្តោតលើបញ្ហាចម្រូងចម្រាស់ ដែលកំពុងតែកើតមានឡើងរួមទំាងការឃុំឃាំងមន្ត្រីសង្គមស៊ីវិល និងការកើនកម្តៅនយោបាយជាដើម។
«បាទ! វប្បធម៌សន្ទនា យើងចង់បានតាំងពីដើមមក ហើយសន្ទនាឱ្យវាមានកម្មវិធីច្បាស់លាស់។ ការជួបគ្នាដើម្បីសន្ទនា ហើយជាពិសេស សន្ទនាអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ហើយស្ថានការណ៍នយោបាយបច្ចុប្បន្នហ្នឹង វាទាក់ទងទៅលើការរំលោភអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ដែលធ្វើឱ្យអ្នកតំណាងរាស្ត្រនេះ ជាប់ពន្ធនាគារទាំងអភ័យឯកសិទ្ធិ ហើយមានទាំង សកម្មជន ថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលកំពុងនៅក្នុងពន្ធនាគារ មានសង្គមស៊ីវិល មានមន្ត្រី គ.ជ.ប.។ គឺនោះហើយដែលជាបញ្ហាយើងត្រូវសន្ទនា»។
យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅថា ខុមហ្វ្រែល បានប្រាប់ VOA ថា ការពន្យារនៃវប្បធម៌សន្ទនារវាងគណបក្សទំាងពីរ គឺដោយសារតែអវត្តមាននៃការសន្ទនារវាងថ្នាក់ដឹកនាំកំពូលនឹងថ្នាក់ដឹកនាំរបស់គណបក្សទំាងពីរ។ លោកបន្តថា ការពង្រឹងវប្បធម៌សន្ទនាតាមរយៈក្រុមការងារនៃគណបក្សទំាងពីរនោះ ហាក់ដូចជាបានផលតិចតួចតែប៉ុណ្ណោះ។
«វាអវត្តមានពីរកម្រិតហើយ៖ កម្រិតកំពូលមួយ កម្រិតថ្នាក់ដឹកនាំមួយ វាធ្វើឱ្យអាក់ខាននូវការសន្ទនាហ្នឹងហើយ ព្រោះធម្មតាមន្ត្រីថ្នាក់ខ្ពស់ដែលបានជួបគ្នានៅថ្នាក់ទីបីនេះ ដើម្បីពង្រឹងវប្បធម៌សន្ទនា លោកពិបាកនឹងសម្រេចចិត្តកិច្ចការនយោបាយធំៗណាស់ នៅពេលដែលមានទំនាស់ នៅពេលដែលមានបញ្ហា ហើយទំនាស់អស់ហ្នឹង វាទាក់ទិននឹងការណ៍ដែលបំពាន ឬក៏មានការប្រើប្រាស់តុលាការ ដើម្បីដាក់ទោសដាក់ទណ្ឌទៅលើអ្នកតំណាងរាស្ត្រ ឬក៏មានការវាយដំទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងអីហ្នឹង»។
លោក គល់ បញ្ញា បន្ថែមថា គណបក្សកាន់អំណាច គួរតែមានអត់ឱន ផ្នែកនយោបាយបន្ថែមទៀតឲ្យបានច្រើន រួមទាំងការលើកលែងទោសប្រធានគណបក្សជំទាស់ផងដែរ ដើម្បីបើកផ្លូវឲ្យមានកិច្ចសន្ទនាថ្នាក់កំពូលឡើងវិញ និងសម្រួលស្ថានភាពតានតឹង មុនពេលការបោះឆ្នោតខាងមុខ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលឆ្នាំ២០១៨ខាងមុខ ដើម្បីឈានទៅកំណត់គណបក្សដឹកនាំប្រទេស។ ក៏ប៉ុន្តែការអ្នកឃ្លាំមើលការវិវត្តនយោបាយ អង្គការសង្គមស៊ីវិល និងស្ថានទូតអន្តជាតិនានាក្នុងប្រទេសកម្ពុជាបានសម្តែងក្តីបារម្ភជាបន្តបន្ទាប់ចំពោះការឡើងកម្តៅនយោបាយរវាងគណបក្សធំៗទាំងពីរនាប៉ុន្មានខែចុងក្រោយនេះ៕