អ.ស.ប​សុំ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​ពិភាក្សា​បន្ធូរ​ភាព​តានតឹង​នយោបាយ

រូបថត​ឯកសារ ៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣១​ មករា ២០១៥។

លោក បាន គីមូន​ (Ban Ki-moon)​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជម្រុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ពិភាក្សា​ ហើយ​នឹង​លើក​ទឹក​ចិត្ត​ដល់​តួ​អង្គ​នយោបាយ​ទាំងអស់​ឲ្យ​ចៀស​វាង​នូវ​អំពើ​ហិង្សា​ ការគំរាម​កំហែង​ ហើយ​និង​ការយាយី។​

លោក ​បាន គីមូន​ (Ban Ki-moon)​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ពិភាក្សា​ ហើយ​នឹង​លើក​ទឹក​ចិត្ត​ដល់​តួ​អង្គ​នយោបាយ​ទាំងអស់​ឲ្យ​ចៀស​វាង​នូវ​អំពើ​ហិង្សា​ ការ​គំរាមកំហែង​ ហើយ​និង​ការ​យាយី។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អ.ស.ប.ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។​

លោក​ បាន​ គីមូន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះថា​ ៖ «កិច្ច​ពិភាក្សា​ប្រកប​ដោយ​បរិយាកាស​គ្មាន​ការ​គំរាម​កំហែង​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ស្ថិរភាព​នយោបាយ​និង​សង្គម​សន្តិភាព​»។

អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អ.ស.ប.បាន​ថ្លែង​ថា​៖ «លោក​អគ្គលេខាធិការ​អ.ស.ប. បាន គីមូន​ (Ban Ki-moon) កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កំណើន​នៃ​ភាព​តានតឹង​រវាង​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា។​ ការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ជំទាស់​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ហើយ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​ប្រឆាំង​នឹង​ក្រុម​សមាជិក​សភា​និង​អ្នកដឹកនាំ​ គឺ​ជា​ការ​វិវត្តន៍​ប្រកប​ដោយ​ក្តី​បារម្ភ​។»

សេចក្តី​ថ្លែងការណ៍​របស់​អ.ស.ប.នេះ​កើត​ឡើង​ក្រោយ​ពេល​ក្រុម​ជំទាស់​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​រាប់​ទាំង​ការ​ដក​អភ័យឯកសិទ្ធិ​សភា​ លោក​ សម រង្ស៊ី​ និង​ដីកា​ចាប់​ខ្លួន​ ការ​វាយ​អ្នក​តំណាងរាស្ត្រ​ ការ​ដក​តួនាទី​លោក​ កឹម សុខា​ ពី​អនុប្រធាន​សភា​ ការ​ចាប់​ខ្លួន​ព្រឹទ្ធសភា​ម្នាក់​នៃ​ក្រុម​ប្រឆាំង​គឺ​ លោក​ ហុង សុខហួរ ​ដាក់​គុក​ជា​ដើម។​

លោក​ សុខ ឦសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ ស្នើ​សុំ​ឲ្យ​លោក បាន​ គីមូន​ ពិចារណា​និង​សិក្សា​សំណុំ​រឿង​នេះ​ឡើង​វិញ​ ដោយ​លើក​ឡើង​ថា​ នេះ​ជា​រឿង​បុគ្គល​រវាង​លោក ​សម រង្ស៉ី និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ មិន​មែន​ជាប់​ពាក់​ព័ន្ធ​គណបក្ស​នយោបាយ​ឬ​ រដ្ឋាភិបាល​ជា​អ្នក​បង្កើត​ទេ។​ ហើយ​លោក​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​រឿង​គំរាម​កំហែង​នោះ​ទេ​ តែ​នេះ​ជា​រឿង​របស់​តុលាការ។

«បាទ​សុំ​ឲ្យ​គាត់​សិក្សា​សំណុំរឿង​ឡើងវិញ​ កុំឲ្យ​គាត់​មើល​ពី​ខាង​ក្រៅ​មក​រួមៗ ​ព្រោះ យើង​បាន​កំណត់​ហើយ​ថា ​យើង​ចង់​កសាង​វប្បធម៌​សន្ទនា។​ មានតែ​វប្បធម៌​សន្ទនា​ទេ ដែល​ខ្មែរ​យើង​អាច​រក​ការ​ស្រុះស្រួល​គ្នា​បាន។ ​ក៏​ប៉ុន្តែ​ការ​ដែល​យើង​អនុវត្ត​នូវ​វប្បធម៌​សន្ទនា​នេះ​ ​មិន​ត្រូវ​យក​វប្បធម៌​សន្ទនា​មក​គ្រប​លើ​ផ្លូវ​ច្បាប់​របស់​តុលាការ​ទេ​ បើ​មិន​ដូច្នោះ​ទេ​ យើង​អាច​នឹង​ត្រូវ​គេ​វាយ​តម្លៃ​ថា ជ្រៀតជ្រែក​ចូល​ក្នុង​ការងារ​តុលាការ»។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​ពី​បទ​«បរិហារ​កេរិ៍្ត​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ​នា​ខែ​មេសា​ឆ្នាំ​២០០៨ ពេល​ដែល​លោក​លើកឡើង​ថា ​លោក​ ​ ហោ ណាំហុង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​មាន​ពាក់​ព័ន្ធ​នឹង​ពួក​ខ្មែរក្រហម​បឹងត្របែក។​ ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​ គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ផង ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​ ​គំរាម​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​ប្រធាន​គណ​បក្ស​ជំ​ទាស់​រូប​នេះ​ ​ដែល​បាន​ថ្លែង​នា​ប្រទេស​ជប៉ុន​ថា​ ​ រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនា​បង្អាក់​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ។ រឿងរ៉ាវ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​អង្គការ​អន្តរជាតិ​ រួម​ទាំង​ប្រតិកម្ម​របស់​លោក​អគ្គលេខាធិការ​អសប។

​លោក ​អេង ឆៃអ៊ាង​ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ជំទាស់​បាន​ថ្លែង​ថា​ប្រតិកម្ម​របស់​លោក ​បាន គីមូន​ជា​រឿង​សមរម្យ​ដូច​មតិ​ជាតិ​និង​អន្តរជាតិ​ដែរ។

«ខ្ញុំ​បាន​ឃើញ​ហើយ​នូវ​អ្វី​ដែល​អគ្គ​លេខាធិការ​អសប​លោក​បាន​ គីមូន​បានចេញ​ហ្នឹង។ ហើយ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អគ្គលេខាធិការ​អសប​ក៏​ដូចជា​ការ​ព្រួយ​បារម្ភ​របស់​មតិ​ជាតិនិងអន្តរជាតិ​ដែរ។​អញ្ចឹង​ហើយ​យើង​មើល​ឃើញ​ថា​គណបក្ស​កាន់ អំណាច​ហ្នឹង​គួតែពិនិត្យ​ពិចារណា​រឿងហ្នឹងទៅ​ព្រោះ​វា​មិន​មែន​ជា​ផល​ចំណេញ សម្រាប់​អ្នកណា​ទេ​គឺ កាល​ណា​យើង​នៅ​តែ​បណ្តោយ​ឲ្យ​ស្ថានការណ៍​ក្តៅ​តទៅ​មុខ​ទៀត​គឺ​ប្រទេស​ជាតិ​នឹង​ខាត»។

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា ខ្លួន​ត្រៀម​ចរចា​ជាមួយ​គណបក្ស​គ្រប់គ្រង ប្រទេស​ដើម្បី​ដោះស្រាយ​ស្ថានការណ៍។​ ហើយ​ក្រុមមន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ដែល តាម​ឃ្លាំមើល​ស្ថានការណ៍​វិវត្តន៍​នៅ​កម្ពុជា​មានការ​ទទូច​ថា​គណបក្ស​នយោបាយ​គួរ ជជែក​និង​បញ្ឈប់​ការ​វាយប្រហារ​គ្នា។

លោកស្រី ​ស្រី សុធាវី​ ប្រធាន​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ​បាន​ថ្លែង​ថា​ មេ​ដឹកនាំ​គណបក្ស​ទាំងពីរ​ត្រូវ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ហើយ​ចៀស​វាង​ការ​វាយ​ប្រហារ​គ្នា​ ដែល​ឥត​ប្រយោជន៍។​

«បើ​សិន​ជា​នៅតែ​មាន​ទំនាស់ ​ការ​វាយ​បក ​ការ​ប្រើ​នយោបាយ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្តី ដោយ​កម្លាំង​នៃ​អ្នក​គាំទ្រ​ ដោយ​ការ​ធ្វើ​បាតុកម្ម​អី​ហ្នឹង ​ប្រហែល​ជា​ដូចជា​មិន​មាន​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ​ទេ។​ អញ្ចឹង ​ជា​សំណូមពរ​ពី​អង្គការ​សង្គម​ស៊ីវិល​ក្តី ​ចង់​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​យើង​ហ្នឹង​ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួប​គ្នា​ រក​ដំណោះ​ស្រាយ​រួម​មួយ​ ដោះស្រាយ ​បញ្ហា​រួមគ្នា ​ព្រោះ​មាន​បញ្ហា​ជាតិ​ច្រើន​ផ្សេងៗ​ទៀត។ ​អញ្ចឹង​សូម​ឲ្យ​គិត​គូរ​ពី​ផល​ប្រយោជន៍​រាស្ត្រ​ជា​ធំ»។​

គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​គ្រប់ គ្រង​ប្រទេស​របស់លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ជា​ពិសេស​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ ​២០១៧ និង​ ឆ្នាំ ២០១៨ ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ៕

អាន​សេចក្តី​ថ្លែងការណ៍របស់អ.ស.ប.៖

http://www.un.org/sg/statements/index.asp?nid=9252​