អភិបាលក្រុង Baltimore និងក្រុមប្រឹក្សាក្រុងបានដាក់ពាក្យប្តឹងទាមទារឱ្យបញ្ឈប់សំណើដែលនឹងអនុញ្ញាតឱ្យអ្នកបោះឆ្នោតសម្រេចចិត្តថាតើត្រូវផ្តល់ប្រាក់រង្វាន់ «baby bonus» ចំនួន ១.០០០ ដុល្លារ តែមួយដងដល់ឪពុកម្តាយទាំងអស់ដែលទើបតែមានកូន ក្នុងគោលបំណងជួយកាត់បន្ថយភាពក្រីក្ររបស់កុមារតាំងពីកំណើត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ពាក្យបណ្ដឹងនេះត្រូវបានដាក់កាលពីថ្ងៃទី ១១ ខែកក្កដា កន្លងទៅនេះ។ នេះបើយោងតាមកំណត់ត្រារបស់តុលាការតាមអ៊ីនធឺណិត។ ការដាក់ពាក្យបណ្តឹងនេះបានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីក្រុមអ្នករៀបចំទទួលបានហត្ថលេខាចំនួន ១០.០០០ ដែលជាចំនួនចាំបាច់ក្នុងការនាំយកសំណួរទៅកាន់ពួកអ្នកបោះឆ្នោតដែលជាសំណើដាក់នៅលើសន្លឹកឆ្នោតមួយសម្រាប់ការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ថ្នាក់ដឹកនាំក្រុង Baltimore អះអាងថា សំណើនេះគឺមិនស្របទៅតាមរដ្ឋធម្មនុញ្ញ និងគួរតែត្រូវបានរារាំងមិនឱ្យដាក់នៅលើសន្លឹកឆ្នោតទេ ពីព្រោះវាអាចឱ្យអ្នកបោះឆ្នោតបញ្ចេញមតិច្រើនពេកអំពីការសម្រេចផ្នែកនីតិប្បញ្ញត្តិ ដែលអាច«ដកហូតអំណាចទាំងនោះ»ប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជាប់ឆ្នោតរបស់ពួកគេ។
ជារៀងរាល់ឆ្នាំ មានទារកប្រមាណ ៧.០០០ នាក់បានកើតនៅក្នុងទីក្រុង Baltimore ដូច្នេះកម្មវិធីនេះនឹងត្រូវចំណាយប្រហែល ៧ លានដុល្លារក្នុងមួយឆ្នាំ។ នេះជាចំនួនប្រមាណជា ០,១៦% នៃថវិកាប្រតិបត្តិការប្រចាំឆ្នាំរបស់ទីក្រុងនេះ។ នេះបើយោងតាមអ្នកគាំទ្រ។ កម្មវិធីនេះនឹងមិននាំឱ្យមានការបង់ពន្ធខ្ពស់ជាងមុននោះទេ ក៏ប៉ុន្តែវាអាស្រ័យលើក្រុមប្រឹក្សាក្រុងក្នុងការបែងចែកថវិកាចាំបាច់។
នៅក្នុងបណ្តឹងនោះអះអាងថា ដំណើរការវិសោធនកម្មធម្មនុញ្ញគឺមានគោលដៅដោះស្រាយការផ្លាស់ប្តូរទម្រង់ និងរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល មិនមែនជាសំណួរជាក់លាក់ផ្នែកនីតិប្បញ្ញត្តិ ឬអំពីថវិកានោះទេ។
ក៏ប៉ុន្តែអ្នកគាំទ្រការផ្តួចផ្តើមផ្តល់ប្រាក់រង្វាន់នេះនិយាយថា ការប្ដឹងជំទាស់នេះគឺជាការក្តោបអំណាចនយោបាយ។
អង្គការ Maryland Child Alliance បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះថា៖ «យើងមានទំនុកចិត្តយ៉ាងពេញទំហឹងថា តុលាការនឹងបដិសេធការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យនេះ»។
អង្គការ Maryland Child Alliance នេះ ត្រូវបានបង្កើតឡើងដោយគ្រូបង្រៀននៅទីក្រុង Baltimore ដែលតស៊ូមតិផ្នែកច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់កុមារ។
ពួកគេនិយាយថា មានតម្រូវការជាចាំបាច់ក្នុងការផ្លាស់ប្តូរជាប្រព័ន្ធបន្ថែមទៀតនៅថ្នាក់ជាតិ ដើម្បីជួយលើកស្ទួយគ្រួសារនានាចេញពីភាពក្រីក្រ ក៏ប៉ុន្តែការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតិចតួចដល់ឪពុកម្តាយដែលទើបតែមានកូនអាចបង្ហាញពីជំហានដំបូងដ៏សំខាន់មួយ។
សំណើនេះយកគំរូមួយចំនួនតាមកម្មវិធីដែលបានអនុវត្តនៅឆ្នាំនេះនៅទីក្រុង Flint រដ្ឋ Michigan ដែលស្ត្រីទទួលបានប្រាក់ ១.៥០០ ដុល្លារ អំឡុងពេលពាក់កណ្តាលនៃការពពោះ និង ៥០០ ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំដំបូងក្រោយពីសម្រាលកូនហើយ។
ក្រុមមន្ត្រីបាននិយាយថា កម្មវិធីដែលបានអនុវត្តនៅទីក្រុង Flint នោះ គឺជាកម្មវិធីដែលផ្តល់ប្រាក់ជំនួយនៅពេលមានកូនដំបូងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិក។ បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ី បានធ្វើការពិសោធន៍តាមរយៈការផ្តល់ប្រាក់ច្រើនជាងនៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែ កម្មវិធីទាំងនោះមានគោលបំណងលើកទឹកចិត្តមនុស្សឱ្យមានកូនកាន់តែច្រើន គឺមិនមែនដើម្បីដោះស្រាយបញ្ហាភាពក្រីក្ររបស់កុមារនោះទេ។
រដ្ឋបាលរបស់អភិបាលក្រុង Baltimore លោក Brandon Scott ដែលកាលពីឆ្នាំ ២០២២បានចាប់ផ្តើមកម្មវិធីសាកល្បងផ្តល់ប្រាក់ចំណូលជាទៀតទាត់ដោយផ្តោតទៅលើឪពុកម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯងនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក«គាំទ្រដល់គោលបំណងនៃការធ្វើវិសោធនកម្មដែលបានស្នើឡើង» បើទោះបីជាលោកមិនចង់ឱ្យដាក់សំណើនោះនៅលើសន្លឹកឆ្នោតក៏ដោយ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់