លោកស្រី Stephanie Rawlings-Blake អភិបាលក្រុង Baltimore បានបញ្ឈប់បម្រាមគោចរពេលយប់នៅទូទាំងទីក្រុង នៅពេលដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់ ប្រុងប្រៀបធ្វើបាតុកម្មក្នុងសប្តាហ៍ទីពីរ បន្ទាប់ពីការស្លាប់នៃបុរសស្បែកខ្មៅម្នាក់នៅពេលឋិតនៅក្នុងការឃុំឃាងរបស់ប៉ូលិស។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយកម្មវិធី Meet The Press របស់បណ្តាញទូរទស្សន៍អាមេរិកាំង CBS កាលពីថ្ងៃអាទិត្យលោកស្រី Rawlings បាននិយាយថា លោកស្រីចង់អរគុណប្រជារាស្ត្រក្រុង Baltimore ចំពោះការអត់ធន់របស់ពួកគេ ដោយលោកស្រីបានថ្លែងថា ក្រុមអ្នកស្រុកចង់ឲ្យមាន «សន្តិភាព និងភាពស្ងប់ស្ងៀម» វិលត្រទ្បប់មកកាន់ក្រុងពួកគេវិញដើម្បីឲ្យពួកគេអាចចាប់ផ្តើមផ្សះផ្សាគ្នា។
លោកស្រីបាននិយាយថា «គោលដៅរបស់ខ្ញុំតែងតែមិនចង់ឲ្យមានបម្រាមគោចរមួយថ្ងៃលើសពីការចាំបាច់។ ខ្ញុំមានជំនឿថា យើងបានដល់ចំណុចនេះហើយនៅថ្ងៃនេះ»។
កាលពីយប់ថ្ងៃសៅរ៍ ប៉ូលិសក្រុង Baltimore បានចាប់ខ្លួនមនុស្សយ៉ាងតិចណាស់១២នាក់ ពីព្រោះពួកគេបានរំលោភបម្រាមគោចរដែលបានចាប់ផ្តើមមានកាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមេសា។ កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់បានធ្វើការប្រជុំមហាជនដោយសន្តិវិធីនៅខាងមុខសាលាក្រុងដើម្បីអបអរសាទរសេចក្តីប្រកាសអំពីការចោទប្រកាន់ប្រឆាំងនឹងប៉ូលិស៦នាក់ក្នុងការស្លាប់របស់លោក Freddie Gray។
បុរសអាមេរិកាំងដើមកំណើតអាហ្វ្រិក អាយុ២៥ឆ្នាំនេះបានស្លាប់ដោយសារត្រូវរបួសឆ្អឹងខ្នង នៅពេលលោកឋិតក្នុងការឃុំឃាំងរបស់ពួកប៉ូលិសកាលពីថ្ងៃទី១២ ខែមេសា។ ការស្លាប់របស់លោក Gray បាននាំឲ្យមានបាតុកម្មច្រើនថ្ងៃដែលមានភាពហិង្សាកាលពីថ្ងៃច័ន្ទនៅក្រោយពិធីបុណ្យសពលោក។ ការប៉ះទង្គិចគ្នានៅថ្ងៃនោះបានបណ្តាលឲ្យមានការចាប់ខ្លួនមនុស្សជាង២០០នាក់ និងនាំឲ្យពួកប៉ូលិសយ៉ាងតិចណាស់២០នាក់ត្រូវរបួស៕