នាយក​រដ្ឋមន្រ្តី​បាហាម៉ា​ជំរុញ​ពលរដ្ឋ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ខ្លាំង

នាយករដ្ឋមន្ត្រី​បាហាម៉ា លោក Hubert Minnis ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Nassau ប្រទេស​បាហាម៉ា កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។

លោក Hubert Minnis នាយក​រដ្ឋមន្រ្តី​បាហាម៉ា​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ធ្វើ​ដំណើរ​មិន​ចាំបាច់​ទៅ​កាន់​ប្រទេស​នានា​ដែល​ជំងឺ​កូវីដ១៩ កំពុង​ឡើង​ឆ្លង​ខ្លាំង​រួម​ទាំង​សហរដ្ឋអាមេរិក​ដែល​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​បាហាម៉ា។

ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​កាលពី​ថ្ងៃចន្ទ​លោក​នាយក​រដ្ឋមន្រ្តី Minnis បាន​ប្រាប់​ប្រជាពលរដ្ឋ​បាហាម៉ា​ថា «ខ្ញុំ​អង្វរ​អស់​លោក​អ្នក។ ខ្ញុំ​អង្វរ​សុំ​ឱ្យ​អស់​លោក​អ្នក​ស្ថិត​នៅ​ផ្ទះ។ ប្រសិនបើ​អស់​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​សូម​មេត្តា​មក​លេង​ក្រុម​គ្រួសារ​នៅ​លើ​កោះ​របស់​យើង​ទៅ»។

សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​កើត​មាន​នៅ​ពេល​ដែល​ប្រទេស​បាហាម៉ា​បាន​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃពុធ​នេះ​ ចាប់​តាំង​ពី​ការ​បិទ​កាលពី​ខែមីនា​មក ពីព្រោះ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩។

លោក​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ទៀត​ថា អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បាហាម៉ា​ត្រូវ​តែ​បង្ហាញ​ថា ពួកគេ​បាន​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​អវិជ្ជមាន​ក្នុង​រយៈពេល​៧ថ្ងៃ​ចាប់ផ្តើម​ពី​ថ្ងៃទី៧ ខែ​កក្កដា​ទៅ។

លោក​បាន​និយាយ​ទៀត​ថា ពលរដ្ឋ​ដែល​ត្រូវ​ចាប់​បាន​អត់​ពាក់​ម៉ាស​នឹង​ប្រឈម​ការ​ផាក​ពិន័យ​ជា​ប្រាក់​២រយ​ដុល្លារ ឬ​ត្រូវ​ជាប់​គុក​រយៈពេល​មួយ​ខែ។

ប្រទេស​បាហាម៉ា​បាន​បញ្ជាក់​ថា មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​១រយ​ករណី និង​មនុស្ស​ស្លាប់​១១នាក់៕