ក្រុមមន្ត្រីអ៊ីរ៉ាក់បាននិយាយថា ការផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងកាលពីថ្ងៃសៅរ៍នៅក្នុងកន្លែងលក់រថយន្តមានប្រជាប្រិយភាពមួយនៅក្នុងតំបន់ជាយក្រុងនៃក្រុងបាកដាដ (Baghdad) ដែលអ្នកស្រុកភាគច្រើនជាពួក Shi'ite បានបណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់៥២នាក់ទៀតត្រូវរបួស។
ការផ្ទុះគ្រាប់បែកនេះបានកើតមានឡើងនៅក្នុងសង្កាត់ Habibiya នៃក្រុង Sadr City ដែលជាសង្កាត់ដែលមានការបំផ្ទុះគ្រាប់បែកនៅលើឡានបោះដុំបន្លែមួយកាលពីពីរថ្ងៃមុន។ នេះបានបណ្តាលឲ្យមនុស្ស៦៧នាក់ស្លាប់ ហើយវាជាការវាយប្រហារដ៏អាក្រក់បំផុតមួយនៅក្នុងក្រុងបាកដាដនៅក្នុងពេលមួយទសវត្សរ៍នេះ។
គ្មានការអះអាងទាមទារការទទួលខុសត្រូវភ្លាមៗដល់ការវាយប្រហារកាលពីថ្ងៃសៅរ៍នេះទេ ក៏ប៉ុន្តែជាញឹកញយពួក Jihad និយមនៃក្រុមរដ្ឋឥស្លាមបានយកពួក Shi'ite ដែលពួកគេចាត់ទុកថា ជាពួកមនុស្សមានជំនឿខុសពីគេ ជាទីដៅនៃការវាយប្រហារ។ ពួករដ្ឋឥស្លាមបាននិយាយថា ពួកគេនៅពីក្រោយការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។
កន្លែងលក់ឡានដែលគេស្គាល់ច្រើននៅក្នុងសង្កាត់ Habibiya នេះធ្លាប់ជាទីដៅនៃការវាយប្រហារច្រើនដងមកហើយកាលពីពេលមុនៗ៕