រដ្ឋបាល​ជលផល​ថា ​កូន​ផ្សោត​​មួយ​ក្បាល​ងាប់​នៅ​ក្នុង​ដែន​ទឹក​ខេត្ត​ក្រចេះ ដោយ​សារ​ជាប់​មង

រូប​ឯកសារ៖ រូបថតផ្តល់ឲ្យដោយអង្គការមូលនិធី World Wide Fund បង្ហាញសាកសពរបស់សត្វផ្សោតមួយក្បាល​ផ្សេង​ទៀត​នៅជ្រាំងទន្លេមេគង្គក្នុងភូមិកោះទ្រង់ ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។ (Eam Sam Un/WWF via AP)

កូន​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល ទម្ងន់​១០​គីឡូ​ក្រាម ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់ ក្នុង​ភូមិសាស្រ្ត​ភូមិ​បឹង​ច្រែង ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ដោយ​អាជ្ញាធរ​អះអាង​ថា​ ងាប់​ដោយ​សារ​ជាប់​មង។ នេះ​បើ​តាម​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​រដ្ឋបាល​ជលផល​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ឱ្យ​ដឹង​ថា​សត្វ​ផ្សោត​ដែល​បាន​ងាប់​នោះ គឺ​ជា​កូន​ផ្សោត​ឈ្មោល ដែល​មាន​ទម្ងន់​១០​គីឡូក្រាម ប្រវែង​០,៨៧​ម៉ែត្រ អាយុ​ប្រមាណ​ ៤​ថ្ងៃ។

កូន​សត្វ​ផ្សោត​ដែល​ងាប់​នោះ ត្រូវ​បាន​ប្រទះ​ឃើញ​ជាប់​មង​ហើយ​មាន​រលាត់​ស្បែក ដាច់​កន្ទុយ និង​ដាច់​ព្រុយ​ចំហៀង​ទាំង​សង​ខាង។

រដ្ឋបាល​ជលផល​បញ្ជាក់​ថា ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​ជា​មួយរដ្ឋបាល​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង និង​អង្គការ​ពាក់ព័ន្ធ ដើម្បី​បន្ត​ពង្រឹង​តំបន់​ការពារ​សត្វ​ផ្សោត​រស់​នៅ។ បន្ថែម​ពី​នេះ រដ្ឋបាល​ជលផល​ក៏​បាន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ ត្រូវ​ឈប់​ប្រើប្រាស់​មង សន្ទូច​រនង និង​ឧបករណ៍​ខុស​ច្បាប់​ផ្សេងៗ​ក្នុង​តំបន់​សត្វ​ផ្សោត​រស់នៅ។

ក្រោយ​មាន​សត្វផ្សោត​ងាប់​ជា​បន្ត​បន្ទាប់ និង​បារម្ភ​អំពី​សុវត្ថិភាព​សត្វ​ផ្សោត​ដែល​នៅ​សេសសល់ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ បាន​ចេញ​អនុក្រឹត្យ​មួយ ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​ជា​វិធាន​ការ​ថ្មី​មួយ ដើម្បី​ការពារ​សត្វ​ផ្សោត​ដែល​នៅ​សេស​សល់​តិច​តួច និង​កំពុង​ប្រឈម​នឹង​ហានិភ័យ។

រដ្ឋបាល​ជល​ផល​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ការ​ប្រើប្រាស់​មង សន្ទូច​រនង និង​ឧបករណ៍​ឆក់​ ថយ​ចុះ​ពី​ ៥០​ទៅ​៦០% ក្រោយ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ការពារ។ ទោះជាយ៉ាងណា ក៏​នៅ​តែ​មាន​ការ​ឆ្លៀត​ឱកាស ប្រើប្រាស់​មង សន្ទួច​រនង និង​ឧបករណ៍​ឆ​ក់ខុស​ច្បាប់ នៅ​កន្លែង​មួយ​ចំនួន ដែល​ជា​ហេតុនាំ​ឱ្យ​សត្វ​ផ្សោត​ងាប់។

បើ​តាម​អង្គការ​អភិរក្ស​សត្វព្រៃ​និង​ធម្មជាតិ​កម្ពុជា ​ហៅ​កាត់​ថា​ WWF ​កម្ពុជា ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ សត្វ​ផ្សោត​ដែល​បាន​ងាប់សរុប​មានប្រមាណ​ ៣០​ក្បាល៕