អាជ្ញាធរចាប់ខ្លួនអ្នកទាមទារយុត្តិធម៌៦នាក់នៅថ្ងៃអាទិត្យនេះ

​ប្រជារាស្ត្រ​នៅ​​សហគមន៍​បឹងកក់​បាន​បើក​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​ (ហ៊ុល រស្មី/VOA)

ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​រក​យុត្តិធម៌​បាន​កើត​ឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ក្នុង​ខ័ណ្ឌ​ដង្កោ ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។​ សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ការ​ចាប់​ខ្លួន​មិនមែន​ជា​ជម្រើស​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ​ ​ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរដោះលែង​អ្នក​ដែល​ត្រូវ​បានចាប់​ខ្លួន​ទាំង​អស់​នោះ​មក​វិញ។​

អាជ្ញាធរ​ខ័ណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ចាប់​ខ្លួន​អ្នក​តវ៉ា​ការពារ​សិទ្ធិ​ដីធ្លី​ជាស្ត្រី​ចំនួន​ប្រាំមួយ​រូប​ ​ដើម្បី​ឃុំ​ខ្លួន​សួរ​ចម្លើយ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជួបជុំ​សម្តែងមតិ​របស់​ពួកគេ​ ​នៅ​មុខ​មណ្ឌល​អប់រំ​កែ​ប្រែទី​ពីរ​នៅពន្ធនាគារ​ព្រៃ​ស។​ នេះបើ​តាម​ការ​បញ្ជាក់​ពី​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជន​ការពារ​សិទ្ធិ​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់។​

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នោះ​គឺមាន​លោក​យាយ​ង៉ែត ឃុន​ ដែល​គេ​ស្គាល់​ថា ​លោក​យាយ​ Momy ​ជា​សកម្មជន​ដី​ធ្លី​មកពី​សហគមន៍​បឹងកក់។​ ​ស្រ្តីដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ប្រាំរូប​ផ្សេង​ទៀត​មក​ពី​សហគមន៍​ថ្មគោល​ ស្ថិត​ក្នុង​ខ័ណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ។​ យុទ្ធនាការ​តវ៉ា​ ដែល​រង​ការ​ចាប់​ខ្លួន​នេះ មាន​ការ​ចូលរួម​ពី​សហគមន៍​នានា​ រួមមានសហគមន៍​ថ្មគោល​ ​សហគមន៍​បូរីកីឡា ​និង​សហគមន៍​ផ្លូវ​រទេះ​ភ្លើងជា​ដើម។​

អ្នកស្រី​បូវ សោភា​ ​ដែល​ទើប​តែ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារកាលពី​ពេល​ថ្មីៗ​ ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ ​បាន​ប្រាប់​ VOA​ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខ័ណ្ឌដង្កោ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា​ អាជ្ញាធរ​បាន​ចាប់​អ្នក​តវ៉ា​ទាំង​នោះ​ នៅ​គ្រា​ពួក​គេ​ចូល​ទៅ​យក​ប៉ោងៗ​ ក្នុង​វត្ត​មួយ​ស្ថិត​នៅ​ក្បែរ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​អប​អរ​ការ​ធ្វើ​យុទ្ធនាការ​បញ្ចេញ​មតិ​តវ៉ា​ឲ្យ​មាន​ការ​ ដោះលែង​លោក​ស្រី​ទេព វន្នី​ និង​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)មួយ​រូប​គឺ​លោក​នី ចរិយា។

អ្នកស្រីបាន​បន្ត​ថា​ ​ការ​ចាប់​ខ្លួន​នេះ​បាន​កើត​ឡើង​ ក្រោយ​អាជ្ញាធរ​ចាប់​អ្នក​លក់​ប៉ោងៗ​បួន​រូប ​តែ​បានដោះ​លែង​មក​វិញ។ ​អ្នកស្រី​បាន​សម្តែងការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​នេះ។​

«និយាយ​រួម​ទៅ​ ទង្វើ​អស់​ហ្នឹង​យើង​មើល​ឃើញ​ថា​ ​ព្យាយាម​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​មែន​ទែន។​ អញ្ចឹង​ ពួកខ្ញុំ​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់»។​

សកម្មជន​ដីធ្លី​ម្នាក់​ទៀត​គឺ​លោក​ចាន់ ពុទ្ធិស័ក្តិ​ ដែល​ចូលរួម​ការ​តវ៉ា​កាល​ព្រឹក​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ខ្លួន​ ​នេះ​បាន​កើត​ឡើង​ ដោយ​អាជ្ញាធរ​បានអ្នក​លក់​ប៉ោងៗ​ដោយ​ហៅ​អ្នក​តវ៉ា​តាម​ទូរស័ព្ទ​បញ្ឆោត​ឲ្យ​ពួកគេ​ទៅ​យក​ប៉ោងៗ​ ​ដែល​សប់រួចក្នុង​វត្ត។​ លោក​បន្ត​ថា​ ពេល​អ្នក​តវ៉ា​ទាំង​ប្រាំ​មួយ​នាក់​ចូល​ទៅ​យក​ប៉ោងៗ​ ​អាជ្ញាធរ​ក៏បាន​ចាប់​ខ្លួន​ពួក​គេ​តែ​ម្តង។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​មាន ចាន់យ៉ាដា​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ កាល​ពី​ល្ងាច​អាទិត្យ។​ លោក​នុត ពុទដារ៉ា​ អភិបាល​ខ័ណ្ឌ​ដង្កោ​សុំ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​លោក​អះអាង​ថា​ ជាប់​ប្រជុំ។​

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ឃុំ​ខ្លួន​លោក​ស្រី​ទេព វន្នី​ ក្រោម​បទ​ចោទថា ​បាន​ប្រព្រឹត្ត​អំពើ​«ហិង្សា​ដោយ​ចេតនា»។​ ការ​ចោទ​ប្រកាន់​នេះធ្វើឡើង​ក្រោយ​ពេល​លោក​ស្រី​ទេព វន្នី​ ជ័យលាភី​រង្វាន់ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​បាន​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ កាលពី​ពាក់​កណ្តាល​ខែ​សីហា។

ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ទេ​ ប៉ុន្តែ​ជា​ការ​ចោទ​ភ្ជាប់នឹង​ការ​តវ៉ា​មួយ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៣​ នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេតនៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA ​នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខ័ណ្ឌ​ដង្កោថា​ អាជ្ញាធរ​មិន​គួរ​យក​ការ​ចាប់​ខ្លួនដើម្បី​បញ្ឈប់​ការ​តវ៉ា​នោះ​ទេ។​ លោក​ថ្លែង​ថា​ ​ការ​តវ៉ា​នឹង​កើត​មាន​ដដែល​ជា​ដដែល​ ល្គឹក​ណា​អាជ្ញាធរ​បរាជ័យ​មិនបាន​ផ្តល់​ឲ្យ​ក្រុម​អ្នក​តវ៉ា​នូវ​ដំណោះស្រាយ​ដែល​ពួកគេ​ចង់​បាន​ ដូច​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ជាប់​ឃុំ​ដែល​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស និង​បញ្ហា​ដីធ្លី​ដែល​កំពុង​នៅ​ជាប់​គាំង។​

«រដ្ឋាភិបាល​ ពី​ដើមឡើយ​ បើ​គាត់​យក​ចិត្ត​ទុកដាក់ទាក់​ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ សិទ្ធិ​មនុស្ស ដូច​បឹងកក់​អញ្ចឹង​ បើ​គាត់​ព្យាយាមដោះស្រាយ​បញ្ហា​បឹងកក់យូរ​ហើយ​ ប្រហែល​ជា​គ្មាន​បញ្ហា​រកាំ​រកូស​រហូត​ទៅ​ដល់​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ដោយសារ​តែ​រឿង​ដី​ហ្នឹង​ទេ»។​

អ្នកស្រី​បូវ សោភា​បាន​ឲ្យដឹង​បន្ថែម​ថា​ ​ប្រជា​ពលរដ្ឋ​ចំនួន១៩​គ្រួសារ​ក្នុង​សហគមន៍​បឹងកក់​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​លើ​បញ្ហា​ប្លង់​កម្ម​សិទ្ធិ​នៅ​ឡើយ​ទេ។​ អ្នក​ស្រី​និយាយ​ថា​ ក្រុម​ប្រជា​រាស្ត្រ​ក្នុង​សហគមន៍​បឹងកក់​ដែល​ស្អប់​ខ្ពើម​អំពើ​អយុត្តិធម៌​សង្គម​ ​នឹង​បន្តការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​មិន​បារម្ភ​ពី​ការ​ឃាត់​ខ្លួន​ តែ​បារម្ភ​ពី​ការដែល​មិន​ទទួល​បាន​យុត្តិធម៌។​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​អន្តរជាតិ​នានា​បាន​រិះគន់​ដល់​វិធាន​ការណ៍​អាជ្ញាធរ​ក្នុង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ ដោយ​ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គាប​សង្កត់​សិទ្ធិ​ប្រជារាស្ត្រ​ក្នុង​ការ​ជួប​ជុំ​សម្តែង​មតិ​ ដែល​ជា​មូលដ្ឋាន​នៃ​គោល​ការណ៍​លទ្ធិ​ប្រជាធិតេយ្យ។​

​រហូត​មកដល់​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​អាទិត្យ​ អ្នក​តវ៉ាទាំង​ប្រាំមួយ​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​ដង្កោ​ដោះលេង​នៅ​ឡើយ​ទេ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នកស្រី​បូវ​ សោភា៕