អាជ្ញាធរ៖ប្រតិបត្តិការ​​ប្រឆាំង​​ភេរវកម្ម​​របស់​​​អាមេរិក​​​ក្នុង​​​​យេម៉ែន​​ត្រូវ​​​ពន្យារ​ពេល

បាតុករ​ម្នាក់​កាន់​បដា​សរសេរ​អក្សរ​អារ៉ាប់​ថា «ការធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​ជួយ​កសាង​ប្រទេស​ឡើយ» នៅ​ក្នុង​ការប្រឆាំង​តវ៉ា​នឹង​ក្នុង​ឧទ្ទាម​និកាយ​ស៊ីអ៊ីត Houthi ដែល​បាន​កាន់​កាប់​រដ្ឋធានី Sanaa កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៤ ខែ​​មករា ឆ្នាំ​២០១៤។​

ពលរដ្ឋ​យេម៉ែន​រាប់​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​នៅ​ក្នុង​ការប្រឆាំង​តវ៉ា​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ប្រឆាំង​ក្រុម​ឧទ្ទាម​ Houthi ​និកាយ​ស៊ីអ៊ីត​ (Shi'ite) ​រយៈពេល​២​ថ្ងៃបន្ទាប់​ពី​ការលាលែង​ចេញ​ពី​តំណែង​របស់​ប្រធានាធិបតី​និង​រដ្ឋាភិបាល។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទា​ល់​ភ្នែក​បាន​និយាយ​ថា ​បាតុករ​បាន​ដើរ​ក្បួន​ពី​ទី​លាន​មួយ​នៅ​ជិត​សាកលវិទ្យាល័យ Sana’a ​ឆ្ពោះ​ទៅ​កាន់​គេហដ្ឋានដែល​ពី​មុន​ជា​របស់​មេដឹកនាំ​ប្រទេស​នៅ​ក្នុង​រដ្ឋធានី។

​កាល​ពី​ថ្ងៃសុក្រ ក្រុម​មន្រ្តី​សន្តិ​សុខ​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​យេម៉ែន​ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពី​ការដួល​រលំរដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

ប្រភព​នានា​ដែល​ជិត​ស្និទ្ធ​នឹង​ស្ថាន​ភាព​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការលាលែង​ចេញ​ពី​តំណែង​របស់​ប្រធានាធិបតីយេម៉ែន Abd Rabbuh Mansour Hadi ​និង​នាយក​រដ្ឋមន្រ្តី Khaled Bahah ​បាន​ធ្វើ​ឲ្យ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​នោះ​នៅ​ជាប់​គាំង។

​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ​បាន​ដក​ស្រង់​សម្តី​ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​៣​នាក់​មក​ចុះ​ផ្សាយ​ដែល​បាន​និយាយ​ថា ​ការ​កិច្ច​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​បញ្ឈប់​នោះ​ រួម​មាន​ការវាយ​ប្រហារ​តាមយន្តហោះ​គ្មាន​មនុស្ស​បើក​។ គេ​មិន​ទាន់​ដឹង​ច្បាស់​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​ថា ​តើ​កិច្ច​ប្រតិបត្តិការ​នោះ​នឹង​ត្រូវ​ផ្អាក​រយៈ​ពេល​យូរ​ប៉ុណ្ណា​ទេ។​

កងទ័ព​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ជាមួយ​បុគ្គលិក​សន្តិសុខ​យេម៉ែន​នៅ​ក្នុង​ការឃ្លាំ​មើល​ក្រុមal-Qaida ​នៅ​លើ​ឧបទ្វីប​អារ៉ាប់ ​ឬ​ហៅ​កាត់​ថា​ AQAP ​ពី​ប៉ុស្តិ៍​ស៊ើបការណ៍​សម្ងាត់​ដ៏​សំខាន់​មួយនៅ​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​យេម៉ែន។ ក៏​ប៉ុន្តែ​ក្រុម​មន្រ្តី​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា ភាគ​ច្រើន​នៃកិច្ច​ប្រតិបត្តិការ​ស៊ើប​ការណ៍​សម្ងាត់ត្រូវ​បាន​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​និកាយ​ស៊ី​អ៊ីត ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ Houthis បាន​កាន់​កាប់​ទី​កន្លែង​រដ្ឋាភិបាល​សំខាន់ៗ​ជា​ច្រើនកាល​ពី​ថ្ងៃ​ព្រហស្បត៍​ហើយ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចេញ​ពី​តំណែង៕