ករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើងនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមនៃការឆ្លងរាលដាលកាន់តែខ្លាំង។ អាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួនបានអះអាងថារដ្ឋបាលខេត្តបន្តរឹតបន្តឹង ដើម្បីធានាថាកុំឲ្យឆ្លងទ្រង់ទ្រាយធំ។
នៅថ្ងៃទី១៦ ខែមិថុនានេះ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយរកឃើញមនុស្ស៤០នាក់ឆ្លងជំងឺកូវីដ១៩ដែលពួកគេ សុទ្ធតែជាអ្នកពាក់ព័ន្ធជាមួយកម្មកររោងចក្រដែលផ្ទុះឆ្លងកូវីដ១៩កាលពីកន្លងទៅ។ ចំណែករដ្ឋបាលខេត្តស្វាយរៀងក៏បានប្រកាសនៅថ្ងៃពុធនេះថារកឃើញមនុស្ស២២នាក់បន្ថែមទៀតឆ្លងជំងឺកូវីដ១៩។ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤៩នាក់។
កាលពីថ្ងៃអង្គារ រដ្ឋបាលខេត្តបាត់ដំបងប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧នាក់។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យ បានថ្លែងប្រាប់VOAថា គិតមកត្រឹមថ្ងៃពុធនេះ ខេត្តបាត់ដំបងមានកើតជំងឺកូវីដ១៩ចំនួន៥៤៩នាក់ និងករណីស្លាប់៣នាក់។ លោកបន្តថាជាផ្នែកនៃវិធានការទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងភូមិសាស្រ្តខេត្ត រដ្ឋបាលខេត្តបានផ្តោតលើយន្តការតាមដានកំណត់មុខសញ្ញាអ្នកឆ្លង ការរៀបចំចត្តាឡីស័ក ការយកសំណាក និងការព្យាបាលឲ្យទាន់ពេលវេលា។
ពាក់ព័ន្ធនឹងវិធានការតាមដានលើលំហូរពលរដ្ឋចូលក្នុងខេត្ត លោក ប៊ុនរិទ្ធិ បានលើកឡើងថាអាជ្ញាធរតាមមូលដ្ឋានតែងចុះសួរនាំព័ត៌មានពាក់ព័ន្ធទីតាំងនៃការធ្វើដំណើរចេញមក ហើយចាត់វិធានការតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងករណីរកឃើញមានជំងឺកូវីដ១៩។
លោកថ្លែងថា៖ «អាហ្នឹង យើងទៅយកសំណាកគាត់។ ប៉ុន្តែភាគច្រើននៅពេលយើងមានការសង្ស័យ យើងយកសំណាកត្រូវតែមានវិជ្ជមាន។ ដល់ពេលវិជ្ជមានយើងចាប់ផ្តើមនាំគាត់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែក ឬក៏មណ្ឌលសុខភាព។ ហើយដោយឡែក អ្នកដែលនៅផ្ទះហ្នឹងគឺត្រូវតែរៀបចំហៅថាបិទខ្ទប់ មិនឲ្យមានការចេញចូល»។
អភិបាលរងខេត្តបាត់ដំបងរូបនេះបានលើកឡើងថានាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តនៅកំពុងរង់ចាំទទួលវ៉ាក់សាំងពីរដ្ឋាភិបាល ដើម្បីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងផ្តោតលើមន្រ្តីរាជការ វេជ្ជបណ្ឌិត គ្រូបង្រៀន និងមន្រ្តីយោធា។
ចំណែករដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃអង្គារបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២នាក់។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបនិងជាអ្នកនាំពាក្យ ប្រាប់VOAថាខេត្តសៀមរាបមានចំនួនអ្នកឆ្លងចំនួន៥០៦នាក់សរុប និងអ្នកស្លាប់ចំនួន៣នាក់។ លោកបន្តថារដ្ឋបាលខេត្តសៀមរាបបានដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តាស្រុកជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។ លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការប្រមូលទិន្នន័យនិងកំណត់មុខសញ្ញាឆាប់រហ័សលើលំហូរពលរដ្ឋចេញចូលខេត្តជាផ្នែកនៃវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ផងដែរ។
លោកថ្លែងថា៖ «វិធានការនេះបានផ្តល់ភាពងាយស្រួលឲ្យយើង ពេលដែលគាត់ចូលមកក្នុងខេត្តហើយ ឬក៏គាត់ឆ្លងកាត់ខេត្តសៀមរាបទៅកាន់ខេត្តដទៃទៀត បើសិនជាមានវិជ្ជមាន មានទិន្នន័យរបស់យើងស្រាប់។ អញ្ចឹងយើងងាយបន្តតាមដាន ណែនាំនិងផ្តល់ព័ត៌មានទៅខេត្តជិត ឬជុំវិញខេត្តយើង ហើយជាពិសេសយើងបានធ្វើហើយ ផ្តល់ព័ត៌មានទៅខេត្តផ្សេងៗបាន»។
នាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តសៀមរាបនៅបន្តកំណត់តំបន់រឹតត្បិតចំនួន៥តំបន់ រួមមានតំបន់ក្រហមចំនួន២ តំបន់លឿងទុំ២ និងតំបន់លឿង១ ក្នុងគោលដៅបិទខ្ទប់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ តំបន់ក្រហមមានឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប តំបន់លឿងទុំមានឃុំដំដែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខណៈឃុំកំពង់ក្តី ស្រុកជីក្រែង ជាតំបន់លឿង។
លោក លី សំរិទ្ធ បានបន្ថែមថានាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តសៀមរាបកំពុងរៀបចំបញ្ជីឈ្មោះ និងដាក់ជាសំណើសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ខណៈរង់ចាំការបែងចែកតំបន់ដើម្បីផ្តល់វ៉ាក់សាំង។
បន្ថែមពីនេះទៅទៀត អាជ្ញាធរខេត្តសៀមរាបក៏បានសម្រេចបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងសាជាថ្មី។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៦ ខែមិថុនា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍនិងសន្តិភាព បានលើកឡើងថាការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន នៅមានភាពខ្វះចន្លោះ ដោយសារតែធនធាន និងសមត្ថភាពមានកម្រិតរបស់អាជ្ញាធរតាមមូលដ្ឋានក្នុងគ្រប់គ្រងលើចលនារបស់ពលរដ្ឋធ្វើដំណើរ ក៏ដូចជាតម្រូវការផ្តល់ដំណឹងឲ្យបានទាន់ពេលវេលា។
លោកបញ្ជាក់ថា៖ «អ្នកដែលមានការសង្ស័យកូវីដ១៩ ឬក៏អ្នកទៅពីតំបន់សង្ស័យហ្នឹងគឺមិនអាចគ្រប់គ្រងបាន ដោយសារតែអ្នកផ្ទះគាត់ហ្នឹងក៏មិនបានជូនដំណឹង។ អ្នកខ្លះទៀតពេលទៅដល់គឺ អាជ្ញាធរមិនបានដឹង។ ដូច្នេះហើយបានជាធ្វើឲ្យអ្នកទៅតំបន់ប្រឈម ឬហានិភ័យខ្ពស់មួយចំនួនហ្នឹងគឺ អាជ្ញាធរគាត់អត់បានដឹង។ កាលណាអត់បានដឹង អត់បានឮ គឺអាចធ្វើឲ្យមានការឆ្លងហ្នឹងកើតឡើងនៅពេលដែលគាត់ធ្វើដំណើរទៅដល់ស្រុកកំណើត ឬទីសំណាក់ណាមួយរបស់គាត់ហ្នឹង»។
បន្ថែមពីនេះទៀត លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការចែកចាយវ៉ាក់សាំងគួរដល់កន្លែងមានហានិភ័យឆ្លងខ្ពស់ ឬការឆ្លងខ្ពស់ ក៏ដូចជាការធានាថាចាក់វ៉ាក់សាំង គឺត្រូវបានធ្វើឡើងនៅក្នុងស្មារតីមិនមានការរើសអើងផ្នែកនយោបាយ ឬបក្ខពួកនិយម។
គិតមកត្រឹមថ្ងៃពុធនេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មីចំនួន ៦៩៣ករណី ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ៤ម៉ឺននាក់ ហើយករណីស្លាប់សរុបមាន៣៦៨នាក់។
កម្ពុជាបានផ្តល់វ៉ាក់សាំងជូនពលរដ្ឋចំនួនជាង៣លាន១សែននាក់ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ដែលស្មើប្រមាណ៣១%នៃចំនួនគោលដៅចាក់វ៉ាក់សាំងឲ្យបាន១០លាននាក់។ នេះបើយោងទៅតាមរបាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
រដ្ឋាភិបាលមានគោលដៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឲ្យបានយ៉ាងតិច១០លាននាក់នៅចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២៕