អាជ្ញាធរ​កម្ពុជា​កំពុង​តាម​ចាប់​ខ្លួន​ជន​ជាតិ​ចិន​មួយ​ក្រុម​ដែល​ចង់​បង្ក​ចលាចល​នៅ​ខេត្ត​ព្រះសីហនុ

យុវជនជនជាតិ​ចិនមួយក្រុម បាន​បង្ហោះវីដេអូខ្លីមួយ ដោយគំរាមចង់​បង្ក​អសន្តិសុខនៅខេត្តព្រះសីហនុ។ (រូបដកស្រង់ពីវីដេអូ)

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​ក៏​​មិន​ទាន់​កំណត់​មុខ​សញ្ញា​​ក្រុម​យុវជន​ចិន​ទាំង​បាន​​​នៅឡើយ។ ទោះ​យ៉ាង​ណា​លោក​ថា សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ស្វែង​រក​ចាប់ខ្លួន​ពួកគេ។

មន្រ្តី​នគរបាលជាន់​ខ្ពស់​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហនុ​អះអាង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេតតាម​ចាប់​ខ្លួនជនជាតិ​ចិន​មួយ​ក្រុម ដែល​បាន​បង្ហោះ​វីដេអូ​គំរាមចង់​បង្ក​អសន្ដិសុខ​នៅ​ខេត្ត​ព្រះសីហនុ។

​យុវជន​ជនជាតិ​ចិន​មួយ​ក្រុម​ដែល​មួយ​ចំនួនដោយ​មិន​ពាក់​អាវ​និង​មាន​ចាក់​សាក់​លើ​ដង​ខ្លួន​ផងបាន​បង្ហោះ​វីដេអូខ្លី​មួយ​ និង​និយាយ​ជា​ភាសាចិន ដោយ​គំរាម​ថា​នឹង​បង្ក​ចលាចល​នៅ​ក្នុង​ខេត្ត​ព្រះសីហុន។

វីដេអូ​គ្លីប​នេះ​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​ជាច្រើន។ ​ក្រុម​យុវជន​ចិន​អះអាង​ថា​ ពួក​ខ្លួន​មក​ពី​ទីក្រុង​ឆុងឈីង (Chongqing)។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​ក៏មិន​ទាន់​កំណត់​មុខ​សញ្ញាក្រុម​យុវជន​ចិន​ទាំង​បាន​នៅឡើយ។ ទោះ​យ៉ាង​ណា​លោក​ថា សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ស្វែង​រក​ចាប់ខ្លួន​ពួកគេ។

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុកល​របស់​ខ្លួន​ថា ខ្លួន«​កំពុង​តាមដាន​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់»​ ពាក់ព័ន្ធ​នឹង​វីដេអូ​ដែលជនជាតិ​ចិន​មួយ​ក្រុម​នោះ​បាន​បង្ហោះ។​ សារ​របស់​ស្ថានទូត​ចិន​បាន​បន្ថែម​ថា ​ ស្ថានទូត​ចិន​បាន​ជួយ​សម្រប​សម្រួល​ដល់​កម្លាំង​សមត្ថកិច្ច​របស់​ចិន សហការ​ជាមួយ​កម្ពុជា តាម​ស្វែងរក​ការពិត​លើ​ករណី​នេះ​ផង​ដែរ៕