មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសអះអាងថា អាជ្ញាធរនៅតាមបណ្តាខេត្តក្រុងមួយចំនួន បានកំពុងបង្ក្រាបករណីក្រុមក្មេងទំនើង ដែលបានបង្កសកម្មភាពអសន្តិសុខក្នុងប្រទេស។
ចំណាត់ការនេះធ្វើឡើងក្រោយប្រជាពលរដ្ឋបានបង្ហាញក្តីព្រួយបារម្ភអំពីសកម្មភាពរបស់ក្រុមក្មេងទំនើង ដែលប្រើប្រាស់ហិង្សា និងវាយតប់គ្នាជាបន្តបន្ទាប់។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមានសមត្ថកិច្ចដែលស្ថិតក្នុងខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត បានកំពុងចាត់វិធានការបង្ក្រាបទៅលើក្រុមក្មេងទំនើងដែលបង្កសកម្មភាពក្នុងប្រទេស។ លោកបន្តថា ក្រោយពេលបង្រ្កាបក្មេងទំនើងទាំងនោះ អាជ្ញាធរនឹងចាត់តាមនីតិវិធីផ្សេងៗ ក្នុងករណីក្រុមក្មេងទំនើងនោះប្រព្រឹត្តអំពើណាមួយដែលល្មើសច្បាប់។
លោកថ្លែងថា៖ «នៅក្នុងពេលការបង្ក្រាបគឺយើងអនុវត្តទៅតាមនីតិវិធី ប្រសិនបើមានបទល្មើសយើងត្រូវតែបញ្ជូនទៅតុលាការ។ ក្នុងករណីដែលមិនមានបទល្មើសទេ យើងអប់រំទៅតាមវិធានការអប់រំរបស់យើង ឱ្យកិច្ចសន្យា ឱ្យឪពុកម្តាយមកធានាយកទៅវិញ ក៏ប៉ុន្តែប្រសិនជាល្មើសច្បាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈឹម ឬបទឧក្រិដ្ឋ ហ្នឹងគឺយើងបញ្ជូនទៅតុលាការតែម្តង»។
មួយរយៈក្រោយនេះ គេតែងឃើញមានសកម្មភាពអសណ្តាប់ធ្នាប់ជាច្រើនពីសំណាក់ក្រុមក្មេងទំនើង ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ វីដេអូនៃសកម្មភាពវាយកាប់ចាក់គ្នា ឆក់ប្លន់ និងអំពើអសន្តិសុខជាច្រើនក៏ត្រូវបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមផងដែរ។
លោក មី ណារ៉ាត់ អាយុ ២៣ឆ្នាំ ពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ ប្រាប់វីអូអេថាសកម្មភាពរបស់ក្មេងទំនើងដែលតែងតែបង្កជាភាពអសន្តិសុខ នៅតែមិនទាន់ថមថយនៅឡើយទេ។ លោកថា បើកាលណាក្រុមក្មេងទំនើងនៅតែបន្តសកម្មភាពបែបនេះ វាគឺជាការព្រួយបារម្ភមួយសម្រាប់ការរស់នៅ ក៏ដូចជាការប្រកបមុខរបររបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំគិតថា បញ្ហាដែលចោទខ្លាំងបំផុតគឺទៅលើស្រ្តី។ នៅពេលដែលគាត់ចេញក្រៅ បើយើងនិយាយឱ្យស្រួលស្តាប់ គឺអត់មានផាសុកភាពក្នុងការចេញទៅក្រៅផ្ទះ ឬសូម្បីតែយើងជាមនុស្សប្រុសជាក់ស្តែងក៏ដោយ ពេលខ្លះយើងអត់មានប៉ះពាល់អីជាមួយពួកអស់ហ្នឹងទេ។ ប៉ុន្តែវាដូចជាការកាប់ចាក់ ការវាយអីអស់ហ្នឹងវាទុកជាការសប្បាយមួយរបស់មនុស្សដែលមានចរិកបែបហ្នឹង[ក្មេងទំនើង] អ៊ីចឹងវាពិបាកខ្លាំងមែនទែន»។
លោកបន្តថា៖ «មួយទៀតទាក់ទងនឹង អ្នកដែលមានមុខរបរឬអ្នកដែលធ្វើការយប់គឺ គាត់មានភាពខ្លាចខ្លាំងមែនទែន ក្នុងការចេញទៅក្រៅក្នុងប្រកបរបររកស៊ីរបស់គាត់។ អ៊ីចឹងវាធ្វើឱ្យអត់មានផាសុកភាពផ្លូវចិត្តហ្នឹង នៅពេលដែលយើងចេញក្រៅនៅពេលដែល សង្គមយើងពោរពេញដោយមនុស្សបែបហ្នឹង»។
ពលរដ្ឋរូបនេះលើកឡើងទៀតថា អាជ្ញាធរគួរតែយាមកាមតាមទីសាធារណៈមួយចំនួន ដើម្បីការពារនិងបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងក្រុមក្មេងទំនើងទាំងនោះ។
ព្រះសង្ឃមួយអង្គគង់នៅរាជធានីភ្នំពេញ ព្រះតេជគុណ សាក់ ស៊ីហឿន មានសង្ឃដីកាប្រាប់វីអូអេថា សព្វថ្ងៃនេះ សកម្មភាពរបស់ក្មេងទំនើងចេះតែកើនឡើង ដែលបង្ហាញពីកម្សោយនៃការអប់រំផ្នែកសីលធម៌ ដែលទាមទារឱ្យអាជ្ញាធរ និងរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដោយសារវាក៏ជាមូលហេតុមួយដែលធ្វើឱ្យបាត់បង់នូវធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
ព្រះអង្គមានសង្ឃដីកាថា៖ «កាលណាសង្គមមួយ ដែលមានសកម្មភាពក្មេងទំនើងច្រើនអ៊ីចឹង វាប្រាកដណាស់គឺផ្តល់ក្តីលំបាកនិង ការព្រួយបារម្ភដល់ប្រជាជនរស់នៅក្នុងសង្គមនោះ ព្រោះក្មេងទំនើងនឹងប្រព្រឹត្តនូវអំពើអសន្តិសុខមួយចំនួនក្នុងសង្គមដែលបង្កជាការរាំងស្ទះដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ វាក៏ជាក្តីព្រួយបារម្ភរបស់ប្រមុខដឹកនាំប្រទេសផងដែរ ព្រោះយុវជនគឺជាទំពាំងស្នងឬស្សីដែលថ្នាក់ដឹកនាំត្រូវការយុវជន មានកម្លាំង មានបញ្ញា មានសុខភាពល្អ មានចំណេះដឹង ដើម្បីជួយគ្នាអភិវឌ្ឍប្រទេសជាតិ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា រឿងក្មេងទំនើងដែលបង្កឱ្យមានអសន្តិសុខក្នុងសហគមន៍គួរតែជារឿងអាទិភាពដែលអាជ្ញាធរគួរយកមកដោះស្រាយជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយធ្វើការឱ្យបានហ្មត់ចត់ ជាពិសេសជាមួយអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះ។
លោកថ្លែងថា៖ «រឿងទី ១ គឺអាជ្ញាធរត្រូវតែរៀបចំយកចិត្តទុកដាក់អនុវត្តការចាត់វិធានការនេះជាប្រចាំបានទៅរួច។ ទី ២ ត្រូវសហការជាមួយនឹងមាតាបិតា អាណាព្យាបាល ឬក៏ជាមួយនឹងខាងសាលា ហើយនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ទៀត ដើម្បីទប់ស្កាត់កុំឱ្យកើតមាន ទើបយើងអាចកាត់បន្ថយបាន»។
លោកបន្តថា៖ «ប៉ុន្តែប្រសិនបើយើងមិនអើពើ យើងមិនរវីរវល់ទេ បញ្ហានេះវានៅតែបន្តកើតឡើង ហើយកើតឡើងដដែលៗ ហើយក៏ជាក្តីបារម្ភការប្រឈមធំ។ ជាពិសេសក្មេងៗដែលគ្នាទៅរៀនទៅសូត្រអីហ្នឹង អាចប្រឈមការយារយី ការធ្វើបាបពីបងតូចបងធំ»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសអំពាវនាវឱ្យមានការសហការពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមក្មេងទំនើង ដើម្បីឱ្យការអនុវត្តភូមិឃុំមានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព៕