ក្រសួងបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនមនុស្សចំនួន៤៧នាក់ ពាក់ព័ន្ធនឹងបទល្មើសទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ ដោយឃ្លុំដីបានជាង១ម៉ឺនហិកតា ក្នុងរយៈពេល២៦ថ្ងៃ។ នេះបើតាមទំព័រហ្វេសប៊ុក និងមន្រ្តីក្រសួងបរិស្ថាន។
ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ បញ្ជាជាបន្តបន្ទាប់ឱ្យពង្រឹងការការពារធនធានធម្មជាតិ និងអនុវត្តច្បាប់តឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត ជាពិសេសមន្រ្តី និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធ។
បើតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ប្រតិបត្តិការរយៈពេល២៦ថ្ងៃនោះធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមិនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួនជាង ១ម៉ឺនហិកតា ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៦ករណី។ ក្រសួងបរិស្ថានបន្តថា អាជ្ញាធរក៏បានចុះអប់រំប្រជាពលរដ្ឋអំពីការទប់ស្កាត់បទល្មើសធនធានធម្មជាតិចំនួន ៩២នាក់ផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អាជ្ញាធរ និងក្រសួងបានចាត់វិធានការឃាត់ខ្លូនជនល្មើស និងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
លោក ខ្វៃ អាទិត្យា ថ្លែងថា៖ «យើងបានឃាត់ខ្លួនអ្នកដែលជាជនសង្ស័យដែលប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិរបស់យើងនៅក្នុងខេត្តពោធិ៍សាត់នេះបានជាង៤០នាក់នេះ។ បន្ទាប់មកយើងក៏បានបញ្ជូនទៅតុលាការគឺបានជាង១០ករណីរួចមកហើយ ក្នុងនោះក៏យើងបានដាក់ហូតវត្ថុតាងមួយចំនួនទៀតដូចជារណាយន្ដ គោយន្ដ ម៉ូតូ កាំភ្លើងកែច្នៃជាដើម»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ចំពោះជនល្មើសដែលទន្រ្ទានដី និងព្រៃឈើជាពលរដ្ឋសាមញ្ញ ឬជានរណា លោកថាចំណុចនេះស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត។
ក្រសួងបរិស្ថានបាននិងកំពុងធ្វើយុទ្ធនាការការពារភាពបៃតងរបស់កម្ពុជា ដោយការដាំកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ ដើម្បីសម្រេចបានគោលដៅបង្កើនគម្របព្រៃឈើ ៦០%នៅឆ្នាំ២០៥០ និងដើម្បីក្លាយជាប្រទេសអព្យាក្រឹតកាបូន។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ប្រតិបត្តិការក្នុងការស្ដារព្រៃឈើដែលរងការទន្រ្ទានពីជនល្មើសនេះ យ៉ាងហោចណាស់ត្រូវការរយៈពេល៥ឆ្នាំ ក្នុងការឃ្លុំដីគ្រប់គ្រងព្រៃឈើដាំស្ដារឡើងវិញ រហូតព្រៃឈើប្រែក្លាយជាបៃតងវិញ។ លោកបន្តថា ចាប់ពីចុងឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ដីដែលរងការទន្រ្ទានត្រូវបានឃ្លុំប្រមាណជា ៣៩.៥០៧ហិចតា។
អភិបាលខេត្តរូបនេះបន្ថែមថា មកទល់ពេលនេះ អាជ្ញាធរឃាត់ខ្លួនបានមនុស្ស១៨នាក់ ដាក់ពន្ធធនាគារ និង៥នាក់ទៀតកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀតអាជ្ញាធរកំពុងចាត់វិធានការតាមនីតិវិធីច្បាប់។
លោក ខូយ រីដា ថ្លែងថា៖ «ចលនាបំផុសបំផុលមកចាប់យកដីព្រៃនេះគឺមិនមែននៅក្នុងខេត្តពោធិ៍សាត់តែមួយនោះទេ គឺមកពីបណ្ដាខេត្តផ្សេងៗទៀតជាច្រើន។ ជនល្មើសនេះមានល្បិចកលខ្ពស់ណាស់ព្រោះអ្នកដែលមកចាប់យក អ្នកដែលប្រព្រឹត្តបទល្មើសមុនគេគឺទៅគៀងករអ្នកដែលប្រព្រឹត្តបទល្មើសបន្តបន្ទាប់ទៀត មកបែងចែកដីព្រៃ៥ហិចតា ១០ហិចតា ២០ហិចតា អ៊ីចឹងយក១លាន ២លានរៀល ដើម្បីយកលុយមកប្រព្រឹត្តបទល្មើសបន្ថែមលើខ្លួនដែលទន្រ្ទានមុនគេហ្នឹង។ អ៊ីចឹងគឺចលនានេះគឺចលនាបំផ្លិចបំផ្លាញធ្ងន់ធ្ងរមែនទែន»។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាប្រាប់វីអូអេថា នេះជាចំណាត់ល្អមួយពីរដ្ឋាភិបាលអាណតិ្តថ្មី ក្នុងការចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។ លោកបន្តថា លោកចង់ឃើញមានការពង្រីកវិសាលភាពនៃប្រតិបតិ្តការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះនៅតាមបណ្តាខេត្តផ្សេងទៀត ដើម្បីស្វែងរកជនដែលនៅពីក្រោយការបំផ្លិចបំផ្លាញព្រៃឈើនានាក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «អ្វីដែលយើងមានការចាប់អារម្មណ៍ជាមួយនេះដែរគឺ ពាក់ព័ន្ធជាមួយនឹងរឿងការបង្ក្រាបនេះយើងឃើញថាធ្វើឡើងនៅក្នុងទម្រង់មួយផ្នែក ប៉ុន្តែយើងក៏ចង់ឃើញការពង្រីកវិសាលភាពទៅតំបន់ផ្សេងទៀតដែលតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកអ្នកបំផ្លិចបំផ្លាញ អ្នកកាប់ឈើ ឬក៏បណ្តាញជួយដូរព្រៃឈើ ឬក៏បណ្តាញនៅពីខាងក្រោយការបំផ្លិចបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា»។
លោកក៏ជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធពង្រីកវិធានការបន្ថែមទៀតក្នុងការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ និងធានានូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវផងដែរ។
ក្នុងចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ ២០២២ ពោលគឺរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជាបាត់បង់គម្របព្រៃឈើសរុបប្រមាណ ២លាន ៧សែនហិកតា ឬស្មើនឹង ៣១% នៃគម្របព្រៃឈើសរុបក្នុងប្រទេស។ នេះបើតាមរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់៕
ភ្នំពេញ —