ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យយ៉ាងតិច៨នាក់ថាបំផ្លាញធនធានធម្មជាតិ


ក្រុមកម្លាំងចម្រុះបន្តឃ្លុំដីនិងបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងយុទ្ធនាការចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់។ (Facebook/Ministry of Environment )
ក្រុមកម្លាំងចម្រុះបន្តឃ្លុំដីនិងបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងយុទ្ធនាការចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់។ (Facebook/Ministry of Environment )

ក្រោយ​មាន​ការឃាត់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​៨នាក់​ ដែល​សង្ស័យ​ថា បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​សម្លាប់​សត្វ​ព្រៃ​ដើម្បី​យក​ទៅ​លក់​ អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​បន្ត​ដាក់​កម្លាំង​ចម្រុះឱ្យ​ទប់​ស្កាត់​សកម្មភាព​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវាញជា​ទីដែល​តំបន់​មួយចំនួន​ត្រូវ​ដាក់​ជា​កន្លែង​អភិរក្ស​។

ប្រតិបត្តិការ​នៃ​កម្លាំង​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នៅ​ខេត្ត​ពោធិ៍​សាត់ ធ្វើ​ឡើង​ តាម​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ធន​ធាន​ធម្មជាតិ​ឱ្យ​បាន​ល្អ​ប្រសើរ​ បន្ទាប់​ពី​កិច្ចប្រជុំ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​កាល​ពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤​។

អភិបាល​ខេត្ត​ពោធិ៍សាត់​ លោកខូយ រីដា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មក​ដល់​ពេល​នេះ​ក្រុម​កម្លាំង​ចម្រុះបន្តចុះធ្វើប្រតិបត្តិការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ បន្ទាប់​ពី​ឃាត់​ខ្លួន​មនុស្ស​បាន​៨នាក់​ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​សត្វ និងការ​កាប់​ព្រៃយក​ទៅលក់​ឱ្យ​ឈ្មួញ​។

លោក​ថ្លែងថា​៖«មក​ដល់​ពេល​នេះ​ប្រហែល​ជា​ចូល​ដល់​៨នាក់​ហើយ​។ យើង​កំពុង​ធ្វើ​នីតិវិធី អ្នកកាប់​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​នាក់​ទេ​ មាន​ច្រើន​ដែល​គាត់​ដឹង​ឃើញ​កម្លាំង​ទ្រង់ទ្រាយ​ធំ​ដែល​ចុះ​ទៅ​នេះ​ គេច​ខ្លួន​អ៊ីចឹង​ទៅ​។ ប៉ុន្តែ​គ្មាន​គេច​រួច​ទៅ​ណា​ទេ យើង​ត្រូវ​ធ្វើ​អត្តសញ្ញាណ​ បុគ្គល​ហ្នឹង​នៅ​ឯណា​? ​ឈ្មោះ​អី?​ មក​ពី​ណា?គេច​អត់​រួច​ទេ ខុស​តែ​ពេល​វេលា​ យើង​នឹង​យក​អនុវត្ត​ច្បាប់​បន្ត​បន្ទាប់​»។

លោក​បន្ថែម​ថា កម្លាំង​ចម្រុះ​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​បន្ត​ល្បាត​នៅ​តាម​ទីតាំង​បទ​ល្មើស​ទាំង​អស់​បន្ត​ទៀត​នៅ​ស្រុក​វាលវែង​ និង​ស្រុក​ភ្នំក្រវាញ​ ​ដោយ​មិន​មាន​ការដក​ថយ​ដើម្បី​រារាំងកុំ​ឱ្យ​ជន​ល្មើស​បន្ត​សកម្មភាព​។

លោក​ថ្លែង​ថា៖«កម្លាំង​ថ្នាក់​ក្រោម​ជាតិ​នេះ​ កម្លាំង​សរុប​របស់​ថ្នាក់​ក្រោម​ជាតិ​នេះ​គឺ​ អត់​ដក​ទេ។ បើដក​ដូច​វគ្គ​ទី​មួយ ពេល​យើង​ដក​មក​ពួកគាត់​ចូល​ទៅ​ប្រព្រឹត្តិ​លើក​ក្រោយ​បន្ថែម​ទៅ​លើស អាមុន​ទៀត​។ អ៊ីចឹង​សញ្ញា​នេះ​មួយ​វា​ជា​បញ្ហា​គ្រោះ​ថ្នាក់​ ជា​បទ​ពិសោធន៍​ យើង​អត់​អាច​ដក​បាន​ទេ​គឺ​ត្រូវ​ប្រចាំ​ការ​នៅ​ហ្នឹង​រហូត​»។

បើតាម​លោកខូយ រីដា​ ក្នុងយុទ្ធ​នាការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ស្រុក​វាល​វែង​ និង​ភ្នំក្រវាញរបស់​ខេត្តពោធិ៍សាត់​ អាជ្ញាធរ​បានឃ្លុំដី​ជាង​ ៣ ពាន់​ហិកតា ហើយ​បើ​សរុប​ជាមួយនឹង​ការ​បង្រ្កាប​តាំង​ពី​ឆ្នាំ​ ២០២៣ មកនោះ ផ្ទៃ​ដីដែលត្រូវបាន​ឃ្លុំ​មិន​ឱ្យ​មាន​ការ​ចូល​ទន្ទ្រាន​បំ​ផ្លាញ​ធនធានធម្មជាតិមាន​ទំហំ​ជាង​ ៣ ម៉ឺន​ហិកតា​។ ​

ក្រសួង​បរិស្ថាន​ក៏បាន​បញ្ជាក់ឱ្យដឹង​នៅ​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ កម្លាំង​ចម្រុះ​ បាន​ដក​ហូត​ម៉ូតូ ២ គ្រឿង រណារ​យន្ត​តូច​.ធំ​ ១៣គ្រឿង​គោយន្ត ១ គ្រឿង កាំភ្លើង​កែច្នៃ ៣ ដើម រួមជាមួយ​ម៉ាស៊ីន​កាត់​ស្មៅ​ ១ គ្រឿង​ និង​រុះរើ​ខ្ទម​បណ្ដោះ​អាសន្ន​ចំនួន​ ៥៥ ខ្ទម បង្គោល​របង​ ចំនួន​ ១៦០៥ ដើម​ បន្លាលួស​ ១២០០ ម៉ែត្រ​ដំណាំ​ដើម​ដំឡូងមី និង​ដំណាំ​ចម្រុះ​បាន​មួយ​ចំនួន​។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​លោក​ ហេង គឹមហុង យល់​ថា បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ និង​សម្លាប់​សត្វ​នៅ​ជួរ​ភ្នំ​ក្រវាញ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​វា​ធ្វើ​ឱ្យ​ប្រភេទ​ឈើ​ប្រណិតៗ​ត្រូវ​បាន​កាប់​យក​ចេញ​ជា​បន្ត​បន្ទាប់​។

លោក​ថ្លែង​ថា​៖ «គួរតែ​បើក​ប្រតិបត្តិ​ការ​ពីរ​រួម​គ្នា​ទើប​អាច​មាន​ប្រសិទ្ធភាព​ទី ១ គឺ​បង្ក្រាប​បណ្តាញ​ជួញ​ដូរ​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ បណ្តាញ​ជួញដូរ​ និង​អ្នក​ពី​ក្រោយ​ការ​កាប់​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​យ៉ាង​គគ្រឹក​គ្រេង​ដោយ​ពុំ​មាន​ការខ្លាច​រអា​ចំពោះ​មុខ​ច្បាប់។ ពីរ​ត្រូវ​ធ្វើ​វិ​សោធនកម្ម​ទៅ​មន្រ្តី​ពាក់ព័ន្ធ​ឬក៏​មន្រ្តី​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មូលដ្ឋាន​ថា ហេតុ​អី​បាន​ជា​ទីនោះ​ជា​តំបន់​ការពារ​ធម្មជាតិ​ ប៉ុន្តែ​នៅ​តែ​មាន​បទ​ល្មើស​កើត​ឡើង​ជា​ហូរហែ​រាប់​សិប​ឆ្នាំ​ហើយ​នៅ​តែ​មាន​ការកាប់​បំផ្លាញ»។

លោក​បន្ថែមថា ដី​ដែល​ត្រូវ​បាន​ដក​ហូត​ពី​បទល្មើស​ទាំង​អស់​គួរតែ​មាន​ការដាំ​កូន​ឈើ​ឡើង​វិញ ហើយ​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​គ្រង​ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​ និង​មិន​ត្រូវ​បែកចែក​ដី​ទាំង​អស់​នោះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន ឬ​អ្នក​មាន​អំណាច​ណា​មួយ​ឡើយ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG