សមត្ថកិច្ច​បិទ​គេហទំព័រ​ចំនួន៩​ដែល​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​កុមារ​នៅ​កម្ពុជា

សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ក្នុងការសម្រេច​បិទខ្ទប់​គេហទំព័រ និង​យូអអិល (URL) ចំនួន៩ ដោយសារ​ថា គេហទំព័រ​ទាំងនោះ បានបង្ហោះ​រូបភាព និងវីដេអូអាសអាភាស​កុមារតាម​ប្រព័ន្ធ​អនឡាញ។ (រូបថតពីទំព័រហ្វេសប៊ុកនិយ័តករទូរគមនាគមន៍កម្ពុជា)

និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​ប្រកាស​បិទ​ខ្ទប់​គេហទំព័រ​ចំនួន​៩ ​បន្ទាប់​ពី​រក​ឃើញ​មាន​ការ​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា។ ​

អ្នក​ជំនាញ​សិទ្ធិ​កុមារ​សាទរ​ការ​បិទ​ខ្ទប់​នេះ ​និង​ផ្តល់​ការ​កត់​សម្គាល់​ថា ​ករណី​បង្ហោះ​រូបភាព​អាស​អាភាស​កុមារ​ដែល​មាន​ភាព​លាយ​ឡំ​គ្នា​ទាំង​កុមារ​កម្ពុជា​ និង​បរទេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ និង​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កុមារ​កម្ពុជា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​(ន.ទ.ក.)​ ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​និយ័តករ​ទូរគមនា​គមន៍​កម្ពុជា​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ បានបិទ​ខ្ទប់​គេហ​ទំព័រ ​និង​យូអអិល ​(URL)​ ទាំង​៩ ​នោះ​ បន្ទាប់ពី​រក​ឃើញ​ថា ​គេហ​ទំព័រ ​និង​យូអអិល​ទាំង​នោះ​ បាន​បង្ហោះ​រូបភាព ​និង​វីដេអូ​អាសអាភាស​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក៏ប៉ុន្តែ​ ប្រវត្តិ​ទាក់ទង​នឹង​ពេល​វេលា​នៃការ​បង្ហោះ​រូប ​និង​វីដេអូ​អាសអាភាស​ទាំង​នោះ ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។​

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បន្ថែម​ថា ​សកម្មភាព​នេះ​ បាន​ជំរុញ ​និង​បង្ក​ឱ្យ​កើត​មាន​អាជីវកម្ម​ពេស្យា​កម្ម ​និង​ការ​ជួញ​ដូរ​មនុស្ស ដែល​បង្ក​នូវ​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ​ ព្រម​ទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ។​

អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមារ ​អ្នកស្រី​ ញ៉េប សុភាព​ ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ រូបភាព​ និង​វីដេអូ​អាស​អាភាស​មួយ​ចំនួន​ក្នុង​គេហទំព័រ​ និង​យូអអិល​ទាំង​៩​នោះ​ មាន​រូប​ភាព ​និង​វីដេអូ​របស់​កុមារ​នៅ​កម្ពុជា​ផង​ដែរ។​

«វា​មាន​លាយ​គ្នា។​ វា​មាន​រូបភាព​កុមារ​នៅ​ខ្មែរ​ដែរ​...​មិនទាំង​ស្រុង​ទេ ​...​មាន​ការ​លាយ​គ្នា។​ អ៊ីចឹង​ដែល​ធ្វើ​ឲ្យ​យើង​ឈាន​ទៅ​បិទ​ជា​បន្ទាន់»។

អ្នក​ជំនាញ​សិទ្ធិ​កុមារ​រូប​នេះ​ បន្ថែម​ថា បច្ចុប្បន្ន​នៅ​មាន​គេហទំព័ររូបភាព​ និង​វីដេអូ​អាស​អាភាស​ជាច្រើន​ទៀត​ ត្រូវ​បាន​បញ្ជូន​មក​កាន់​អគ្គ​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមារ​ដើម្បី​ទទួល​ការ​ត្រួត​ពិនិត្យ​ ឈាន​ដល់​ការ​ពិចារណា​ថា​ នឹង​ត្រូវ​បិទ​ខ្ទប់​ ឬ​យ៉ាងណា។​

រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​អ្នក​ស្រី ​ជូ ប៊ុនអេង​ លើក​ឡើង​ថា​ ការ​ប្រើប្រាស់​រូបភាព​ និង​វីដេអូ​អាសអាភាស​កុមារ​ដើម្បី​ធ្វើ​អាជីវកម្ម​ គឺ​ជា​អំពើ​ល្មើស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កុមារ។​

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ ​«កុមារ​ទាំងអស់​ហ្នឹង​ គាត់​ត្រូវ​បាន​គេ​យក​ទៅ​ផ្សព្វផ្សាយ​ អាច​ថា​ ជួន​កាល​ថា​ ​ជា​ការ​ស្ម័គ្រ​ចិត្ត​ ឬ​មិន​ស្ម័គ្រ​ចិត្ត។​ ប៉ុន្តែ​រឿង​កុមារ​មួយ​ ទោះ​បី​ស្ម័គ្រ​ចិត្ត ​ក៏​គេ​អត់​យក​ជា​ការ​ដែរ​ ពីព្រោះ​កុមារ​អត់​ទាន់​មាន​ការ​សម្រេច​ចិត្ត​អី​បាន​ត្រឹម​ត្រូវ​ទេ។ ​ហើយ​នៅ​ពេល​ណា​ដែល​យក​មក​ផ្សព្វផ្សាយ​បែប​រូបភាព​អាសអាភាស​អ៊ីចឹង ​គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​ធំ​ណាស់​ទៅ​លើ​កុមារ។​ ហើយ​វា​ ជា​បទ​ឧក្រិដ្ឋ។​ វា ​ជា​បទ​ល្មើស។​អ៊ីចឹង​បើ​ក្នុង​ករណី​ដែល​នៅ​តែ​បណ្តែត​បណ្តោយ​ឲ្យ​មាន​រឿង​ហ្នឹង​កើត​ឡើង​ទៀត​ បាន​ន័យ​ថា​ ​ធ្វើ​ឲ្យ​កុមារ​ដទៃ​ទៀត​ហ្នឹង​ក៏​រង​គ្រោះ​ដែរ។​ ហើយ​កុមារ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ហ្នឹង​ ក៏​គ្នា​រង​គ្រោះ​រួច​ទៅ​ហើយ»។​

អ្នកស្រី​រដ្ឋលេខាធិការ​ ជូ ប៊ុនអេង​ បន្ត​ថា ​បច្ចុប្បន្ន​ការ​ប្រើប្រាស់​រូបភាព​ និង​វីដេអូ​អាសអាភាស​កុមារ​ដើម្បី​ធ្វើ​អាជីវ​កម្ម ​មាន​ការ​កើន​ឡើង​ច្រើន​ ដោយសារ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​មាន​ការ​កើនឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

«នៅ​ពេល​បណ្តាញ​អ៊ីនធឺណិត​ហ្នឹង​វា​ទូលំ​ទូលាយ ​ហើយ​ក្មេងៗ​ ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​រឿង​អ៊ីនធឺណិត​ហ្នឹង​ច្រើន​ អ៊ីចឹង​ធ្វើ​ឲ្យ​ការ​សាយ​ភាយ​ការ​ផ្សព្វផ្សាយ​ហ្នឹង​វា​ធំ​ជាង​មុន»។​

អ្នកស្រី​បន្ថែម​ថា ​អាជ្ញាធរ​ពាក់​ព័ន្ធ ​កំពុង​មាន​វិធានការ​លើ​ករណី​នេះ​ដើម្បី​ទប់​ស្កាត់ ​និង​ចាត់​វិធានការ​លើ​ជន​ល្មើស​ដែល​ពាក់​ព័ន្ធនឹង​ការ​បង្កើត​ និង​ផ្សព្វផ្សាយ​រូបភាព ​និង​វីដេអូ​អាស​អាភាស​ទាំង​នោះ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ ​APLE Cambodia ​លោក​ សំលៀង សីលា​ លើក​ឡើង​ថា ​គេហទំព័រ​អាស​អាភាស​ចំនួន​៩​ដែល​សមត្ថកិច្ច​ទើប​ប្រកាស​បិទ​នេះ​ គឺ​ជា​គេហទំព័រ​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​កម្ពុជា។ លោក​បន្ត​ថា ​ការ​ចែក​ចាយ​រូបភាព​ និង​វីដេអូ​អាសអាភាស​កុមារ​ មាន​ការ​កើន​ឡើង​ ប៉ុន្តែ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​ស្វែង​រក​អត្ត​សញ្ញាណ​កុមារ ​និង​អ្នក​ប្រព្រឹត្ត។​

«បញ្ហា​ទី​មួយ ​គឺ​យើង​គួរ​កត់​សម្គាល់​ថា រូប​ភាពមួយ​ចំនួន​ធំ ​គឺ​បាន​ផលិត​ដោយ​កុមារ​ខ្លួន​ឯង​ផ្ទាល់​តាម​រយៈ​ការ​ចាញ់​កលល្បិច​ និង​ការ​លួង​លោម​របស់​ជន​ប្រព្រឹត្ត​ ឬ​ក៏​តាម​រយៈ​ការ​អូស​ទាញ​ឲ្យ​ថត​ និង​ផលិត​រូប​ភាព​របស់​ខ្លួន​ឯង​ហ្នឹង​ដើម្បី​ចែក​រំលែក។​ហើយ​ទី​ពីរ​បច្ចេក​វិទ្យា​ គឺ​បាន​បង្ក​នូវ​បរិយាកាស​អំណោយ​ផល​ដល់​អ្នក​ប្រព្រឹត្ត ​ក្នុង​ការ​លាក់​បំបាំង​នូវ​ការ​ប្រព្រឹត្ត​របស់​ពួកគេ»។​

លោក​ សំលៀង សីលា​ បន្ថែម​ថា ​អាជ្ញាធរ​គួរ​បង្កើន​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់ ​និង​លុប​បំបាត់​ការ​ចែកចាយ​រូបភាព​អាស​អាភាស​ទាំង​អស់​នេះ ​ដោយ​ចាប់​ខ្លួន​ជន​ដែល​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់។​

«ត្រូវ​ពង្រឹង​នូវ​យន្តការ​នៃការ​សហការ​ជា​អន្តរជាតិ​មួយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​ពី​ព្រោះ​បទ​ល្មើស​កុមារ​នេះ​ ជាបទ​ឧក្រិដ្ឋ​អន្តរជាតិ​គ្មាន​ព្រំ​ដែន ​អ៊ីចឹង​ទាមទារ​ឲ្យ​មាន​កិច្ច​សហការ​ជាអន្តរជាតិ​ និង​ជំរុញ​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ ដើម្បី​ទប់​ស្កាត់​នូវ​ការ​ចែក​ចាយ​រូបភាព​ទាំងអស់​នេះ ​ហើយ​និង​គិត​គូរ​អំពី​ការ​បង្កើត​នូវ​ក្រប​ខណ្ឌ ​ឬ​ក៏​យន្ត​ការ​គោល​នយោបាយ​ និង​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​នូវ​ការ​ប្រឈម​ និង​ចន្លោះ​ប្រហោង​នៃ​ច្បាប់​បច្ចុប្បន្ន»។

បើ​តាម​លោក ​សំលៀង សីលា ​ក្នុង​ឆ្នាំ​២០២១​នេះ​ មាន​ករណី​ផ្សព្វផ្សាយ​រូបភាព ​និង​វីដេអូអាស​អាភាស​របស់​កុមារ​រហូត​ដល់​ទៅ​ជិត​១ពាន់​ករណី​ ដែល​លោក​ថា នេះ ​ជា​សញ្ញាណ​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​កម្ពុជា៕​