មនុស្សយ៉ាងហោចណាស់១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV)។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់វីអូអេតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃព្រហស្បតិ៍នេះថា អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានព័ត៌មានអំពីការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV)។ បាតុកម្មនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ លោកថា គិតត្រឹមថ្ងៃទី១៥ ខែសីហា មនុស្សចំនួន១០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មនេះ។
លោកបញ្ជាក់ថា៖ «ព័ត៌មាននេះខាងពូទទួលបាន ហើយកងកម្លាំងសមត្ថកិច្ចបានត្រៀមផែនការរួចជាស្រេច សម្រាប់ទប់ស្កាត់អំពើបំផ្លាញសន្តិសុខក្នុងសង្គមនេះ។ ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ គឺយើងអនុវត្តទៅតាមសាលក្រមតុលាការ។ គេចាប់ខ្លួនបាន១០នាក់ហើយ»។
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដែលរដ្ឋាភិបាលដាក់ខេត្តនៅភាគឦសានចំនួនបួនអភិវឌ្ឍន៍រួមគ្នាជាមួយប្រទេសវៀតណាម និងឡាវ កំពុងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនទាំងនៅខាងក្រៅប្រទេស និងនៅលើបណ្តាញសង្គមនាំគ្នាជជែកវែកញែក ដោយខ្លះគាំទ្រ និងខ្លះមិនគាំទ្រ។ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ជប៉ុន និងអូស្រ្តាលីកាលពីថ្ងៃអាទិត្យបានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍នេះ ដោយពួកគេបារម្ភថា កម្ពុជាអាចនឹងបាត់បង់ខេត្តចំនួនបួនបន្ថែមទៀតទៅវៀតណាម។
រដ្ឋាភិបាលកម្ពុជាចេញសារលើបណ្តាញសង្គមបកស្រាយជាបន្តបន្ទាប់ថា គម្រោងអភិវឌ្ឍន៍ CLV នេះ គឺជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នៃប្រទេសទាំងបី មិនមានប្រទេសណាមួយបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។
ស្របពេលដែលមានការបកស្រាយរបស់រដ្ឋាភិបាល អ្នកប្រើបណ្តាញសង្គមមួយចំនួនបានបង្ហោះសារអំពីការប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ CLV នេះ ដោយគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ចំណែកក្រុមមួយលើបណ្តាញសង្គមតេឡេក្រាមឈ្មោះថា «រួបរួមដើម្បីជាតិ» ដែលមានគណនីច្រើនពាន់នាក់មានការជជែកគ្នាអំពីគម្រោងនៃការធ្វើបាតុកម្មនេះ។
អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី១២ ខែសីហា បានលើកឡើង ថា ក្រុមតេឡេក្រាមដែលមានឈ្មោះ «រួបរួមដើម្បីជាតិ»ជាក្រុមរៀបចំផែនការធ្វើបាតុកម្ម និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរដ្ឋាភិបាល។ លោក ហ៊ុន សែន ក៏ស្នើឱ្យពលរដ្ឋនៅក្នុងក្រុមតេឡេក្រាម «រួបរួមដើម្បីជាតិ» នោះបញ្ឈប់ផែនការធ្វើបាតុកម្មដើម្បីកុំឱ្យប្រឈមនឹងវិធានការនានារបស់រដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេថា សមត្ថកិច្ចនៅតែបន្តចាប់ខ្លួនបុគ្គលទាំងឡាយណាដែលចូលរួមប្រឆាំង និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។ លោកថា លោកមិនទាន់អាចប្រាប់ពីចំនួន និងសមាសភាពអ្នកដែលត្រូវបានចាប់ខ្លួននៅឡើយ។
លោកថ្លែងថា៖ «សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ គឺយើងនៅតែបន្តក្នុងការបង្រ្កាប ឬក៏ចាប់ខ្លួននូវបុគ្គលទាំងឡាយណាដែលសកម្មក្នុងការបំផុសបំផុល ក្នុងការចូលរួមអត់ដកថយ គឺយើងនឹងអនុវត្តទៅតាមច្បាប់ បានន័យថា ចាប់ខ្លួនពួកគេបញ្ជូនទៅកាន់តុលាការឱ្យអនុវត្តទោស»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានការឃាត់ខ្លួន និងចាប់ខ្លួនមនុស្សបន្តបន្ទាប់ ដោយពុំមានមូលហេតុច្បាស់លាស់។ លោកថា រដ្ឋាភិបាលគួរពន្យល់អំពីគម្រោងអភិវឌ្ឍន៍នៅតំបន់ត្រីកោណCLV បន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាជាងការចាប់ខ្លួន។
លោកថា៖ «ការពន្យល់ និងការបកស្រាយបន្ថែមទៀតពីរាជរដ្ឋាភិបាលដើម្បីឱ្យទាំងក្នុង និងក្រៅប្រទេសបានយល់ពី CLV វាជារឿងសំខាន់ណាស់ ព្រោះបើពលរដ្ឋមិនបានយល់ច្បាស់ពីរឿងCLV នេះ នាំឱ្យមានការគិត និងការយល់។ វាអាចមានភាពខុសៗគ្នា។ បើសិនជាមានការពន្យល់បន្ថែមនិងបកស្រាយជាបន្តទៅទៀតធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានយល់ពីបញ្ហានេះ។ វាជារឿងមួយល្អសម្រាប់ការយល់ដឹងនោះ»។
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLVត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាដាក់ខេត្តចំនួន១៣ រួមគ្នាដើម្បីអភិវឌ្ឍន៍ ដោយ កម្ពុជាមានខេត្តចំនួនបួនគឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌៕