អូទ្រីសបន្ធូរបន្ថយការបិទប្រទេសជិតដោយសារមេរោគកូរ៉ូណានៅថ្ងៃសុក្រ

រូបឯកសារ៖ ប៉ូលិសល្បាតផ្លូវចូលសាលារៀនមួយ បន្ទាប់ពីមានការសង្ស័យពីករណីឆ្លងវីរុសកូរ៉ូណា នៅក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

មន្រ្តីអូទ្រីសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងលុបចោលវិធានការ​បិទប្រទេសជិតដែលចូលជាធរមាននៅថ្ងៃសុក្រទី១ ខែឧសភា ដែលធ្វើឲ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសលើកដំបូងនៅតំបន់អឺរ៉ុបធ្វើដូច្នេះ។

នៅឯសន្និសីទកាសែតក្នុងទីក្រុងវីយ៉ែន លោក Rudolf Anschober រដ្ឋមន្រ្តីក្រសួងសុខាភិបាលអូទ្រីស បាននិយាយថា តួលេខជំងឺកូវីដ១៩នោះអាចអនុញ្ញាតឲ្យលុបចោលការបិទប្រទេសជិត។

អូទ្រីសបានស្ថិតនៅក្នុងការបិទជិតអស់រយៈពេលប្រហែល៧សប្តាហ៍ក្នុងអំឡុងនោះ ពលរដ្ឋត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះរបស់ខ្លួនដោយហេតុផលសំខាន់ៗតែប៉ុណ្ណោះ។

ចាប់ពីថ្ងៃសុក្រទៅ ពលរដ្ឋនឹងនៅតែស្ថិតនៅចម្ងាយពីគ្នាមួយម៉ែត្រនៅកន្លែងសាធារណៈ ហើយពលរដ្ឋក៏នឹងតម្រូវឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈ។

នៅក្នុងចំណាត់ការមួយទៀត លោកស្រី Elisabeth Koestinger រដ្ឋមន្រ្តីក្រសួងទេសចរណ៍អូទ្រីសបានប្រកាសថា ភោជនីយដ្ឋាននឹងត្រូវបើកឡើងវិញនៅថ្ងៃទី១៥ ខែឧសភា។

លោកស្រីបានមានប្រសាសន៍ទៀតថា មនុស្សពេញវ័យរហូតដល់៤នាក់នឹងត្រូវអនុញ្ញាតិឲ្យអង្គុយតុជាមួយគ្នាហើយច្បាប់ឲ្យស្ថិតនៅចម្ងាយមួយម៉ែត្រពីគ្នា នឹងនៅ​តែ​អនុវត្ត។

ក្រសួងសុខាភិបាលអូទ្រីស ប្រាប់ឲ្យដឹងថា អត្រាឆ្លងនៅពេលបច្ចុប្បន្ននេះមានចំនួនទាបជាង១ភាគរយ ដែលធ្វើឲ្យមានការបើកសេដ្ឋកិច្ចឡើងវិញមានដំណើរការយឺតៗ។

រហូតមកទល់ថ្ងៃអង្គារម្សិលមិញ ក្រសួងសុខាភិបាលអូទ្រីសរាយការណ៍ថា មានជំងឺកូវីដ១៩ ១ម៉ឺន៥ពាន់២រយ៥៦ករណីនិងមនុស្សស្លាប់៥៦៩នាក់៕