ប្រទេសអូទ្រីសនៅថ្ងៃចន្ទនេះបានក្លាយជាប្រទេសថ្មីមួយទៀត ដែលបានផ្អាកការផ្តល់ថវិកាបន្ថែមដល់ទីភ្នាក់ងារជំនួយសង្គ្រាះប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ មួយថ្ងៃក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញដល់បណ្តាប្រទេសនានាឱ្យបន្តផ្តល់ថវិកាឡើងវិញ ដើម្បីជួយដល់ជនភៀសខ្លួនក្នុងតំបន់ហ្កាហ្សា ដែលកំពុងត្រូវការជំនួយជាចាំបាច់។
រដ្ឋមន្ត្រីការបរទេសអូទ្រីសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់ទីភ្នាក់ងារការងារនិងជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា UNRWA និងអង្គការសហប្រជាជាតិ ឱ្យស៊ើបអង្កេតឱ្យបានឆាប់រហ័សនិងពេញលេញមួយ ទៅលើការចោទប្រកាន់ ដែលថាក្រុមបុគ្គលិកផ្តល់ជំនួយជាច្រើននាក់ មានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ។
ប្រទេសយ៉ាងហោចណាស់ក៏ចំនួន ១០ ដែរ ដែលបានផ្តល់ថវិកាប្រមាណ ៦០ ភាគរយ ដល់ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ UNRWA បានផ្អាកការផ្តល់ថវិការបស់ខ្លួន។ ប្រទេសទាំងនោះរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ និងប្រទេសស្វីស។
ប្រទេសន័វេសនិយាយកាលពីថ្ងៃអាទិត្យថា ខណៈខ្លួនបារម្ភទៅលើការចោទប្រកាន់នេះ ខ្លួននឹងនៅបន្តផ្តល់ហិរញ្ញប្បទានដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានព្រមានថា បើគ្មានជំនួយគ្រប់គ្រាន់ដល់អង្គការ UNRWA ជំនួយដែលត្រូវផ្តល់ដល់ជនជាតិប៉ាឡេស្ទីនជាង ២ លាននាក់ ក្នុងតំបន់ហ្កាហ្សា នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ។
ប្រទេសអ៊ីស្រាអែលបានរិះគន់ភ្លាមៗដល់លោក Guterres ដែលបានអំពាវនាវឱ្យបន្តផ្តល់ជំនួយដល់ជនជាតិប៉ាឡេស្ទីន។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិលោក Gilad Erdan និយាយថា លោក Guterres បានបង្ហាញជាថ្មីម្តងទៀតថា បញ្ហាសន្តិសុខរបស់ពលរដ្ឋអ៊ីស្រាអែលមិនសំខាន់ខ្លាំងសម្រាប់លោកនោះឡើយ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។