នៅថ្ងៃអាទិត្យនេះ ប្រទេសអាល្លឺម៉ង់ និងអូទ្រីសបានស្វាគមន៍ពួកជនចំណាកស្រុករាប់ពាន់នាក់នៅក្នុងព្រំដែនពួកគេ។ ពួកជនចំណាកស្រុកភាគច្រើនធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ដែលនៅទីនោះពួកមន្ត្រីបាននិយាយថា ពួកគេនឹងទទួលយកពួកអ្នកស្វះស្វែងរកការជ្រកកោនប្រាំបីសែននាក់នៅឆ្នាំនេះ។
កាលពីថ្ងៃសៅរ៍ ពួកអ្នកស្វះស្វែងរកទីជ្រកកោនរាប់ពាន់នាក់បានចាកចេញពីប្រទេសហុងគ្រី ទៅកាន់ផ្នែកខាងលិចនៃទ្វីបអឺរ៉ុបដោយធ្វើដំណើរតាមឡានក្រុង រថភ្លើង ឬដោយថ្មើរជើង។ គេរំពឹងថា មានជនទេសន្តរប្រវេសន៍ប្រមាណ ៨.០០០នាក់នឹងទៅដល់ប្រទេសអាល្លឺម៉ង់នៅថ្ងៃអាទិត្យនេះ។
នៅពេលជាមួយគ្នានេះមេប៉ូលិសនៃប្រទេសហុងគ្រីបាននិយាយថា អាជ្ញាធរនឹងមិនផ្តល់ការដឹកជញ្ជូនតាមឡានក្រុងឲ្យពួកជនចំណាកស្រុកទៅកាន់ព្រំដែនអូទ្រីសទៀតទេ ដោយលោកបាននិយាយបញ្ជាក់ថា ការដឹកជញ្ជូនពួកជនចំណាកស្រុកកាលពីថ្ងៃសៅរ៍ជាសេវាកម្មតែមួយលើកប៉ុណ្ណោះ។
បណ្តាប្រទេសសមាជិកនៃសហភាពអឺរ៉ុបមានការខ្វែងគំនិតគ្នានៅពេលមានលំហូរចូលយ៉ាងច្រើននៃក្រុមជនទេសន្តរប្រវេសន៍ដែលមិនធ្លាប់មានពីពេលមុន។ លោកស្រី Federic Moghrini ប្រធានផ្នែកកិច្ចការបរទេសនៃសហភាពអឺរ៉ុបបានមានប្រសាសន៍ថា ការហូរចូលនៃក្រុមជនចំណាកស្រុកមាន «តទៅទៀតនៅទីនេះ» ហើយលោកស្រីបានអំពាវនាវឲ្យមានរបៀបដោះស្រាយរួមគ្នាមួយរបស់អឺរ៉ុប ដោយឆ្លើយតបដោយមានប្រសិទ្ធភាពដល់បញ្ហានេះ៕