លោក Sebastian Kurz អធិការបតីនៃប្រទេសអូទ្រីស បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអូទ្រីសសង្ឃឹមថា នឹងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ប្រឆាំងនឹងមេរោគកូរ៉ូណានៅសប្តាហ៍ក្រោយ។
ថ្លែងនៅសន្និសីទកាសែតមួយ រួមជាមួយរដ្ឋមន្រ្តីរបស់លោក លោក Kurz បាននិយាយថា អាជ្ញាធរនឹងអនុញ្ញាតឲ្យហាងតូចៗដែលមានទំហំ៤រយម៉ែត្រការ៉េ ដូចជាហាងលក់ឧបករណ៍ Hardware ឬសួនច្បារបើកនៅថ្ងៃទី១៤ ខែមេសាមួយសប្តាហ៍ក្រោយថ្ងៃអង្គារនេះ។
លោកអធិការបតី បានមានប្រសាសន៍ទៀតថា គោលដៅឲ្យមានហាងទាំងអស់ដូចជា មជ្ឈមណ្ឌល់លក់ដូរធំៗ និងហាងកាត់សក់ធ្វើសក់បើកនៅថ្ងៃទី១ ខែឧសភា។ ភោជនីយដ្ឋាន និងសណ្ឋាគារ នឹងមិនត្រូវអនុញ្ញាតឲ្យបើកទ្វារទេរហូតដល់ពាក់កណ្តាលខែឧសភា រួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មផ្សេងៗទៀត។
លោកអធិការបតីប្រទេសអូទ្រីស បាននិយាយទៀតថា ការរឹតត្បិតលើការធ្វើដំណើររបស់ពលរដ្ឋដែលធ្វើឡើងកាលពី៣សប្តាហ៍មុនដែលផុតកំណត់នៅថ្ងៃទី១៣ ខែមេសានេះ នឹងស្ថិតនៅជាធរមានរហូតទាល់តែចុងខែនេះ។
ប្រទេសអូទ្រីសដែលមានពលរដ្ឋ៨លាន៨សែននាក់ មានករណីមេរោគកូរ៉ូណាចំនួន១ម៉ឺន២ពាន់ហើយនិងមនុស្សស្លាប់២០៤នាក់រហូតមកទល់ថ្ងៃចន្ទម្សិលមិញ៕