ការចូលមកដល់នូវរដូវក្តៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងនៃហានិភ័យថា នឹងមានទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ការិយាល័យឧតុនិយមជាតិ។ ការិយាល័យនេះបានទស្សន៍ទាយថា នឹងមានភាពសើមខ្លាំងជាងមុន ហើយត្រជាក់ជាងឆ្នាំមុនៗ ប៉ុន្តែព្រមានថា នឹងមានហានិភ័យភ្លើងឆេះព្រៃសម្រាប់ភាគខាងត្បូងប្រទេសអូស្ត្រាលី។
អូស្ត្រាលី ស៊ាំនឹងគ្រោះធម្មជាតិដែលអាក្រក់ខ្លាំង។ រដូវក្តៅឆ្នាំមុនបន្សល់ទុកនូវការចងចាំដោយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងកំណត់ត្រារបស់ប្រទេសអូស្ត្រាលី។ ឆ្នាំនេះ ត្រូវបានរំពឹងថា នឹងសើមជាងនិងត្រជាក់ជាងរដូវក្តៅឆ្នាំមុន។
ឥទ្ធិពលនៃបាតុភូត La Niña ដែលជាការចុះត្រជាក់នៃផ្ទៃសមុទ្រជាទៀងទាត់នៅផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ច្រើនជាងមុនក្នុងតំបន់ជាច្រើននៃប្រទេសអូស្ត្រាលី។ ការព្យាករណ៍អាកាសធាតុរបស់ការិយាល័យឧតុនិយម បានទាយថានឹងមានព្យុះស៊ីក្លូនត្រូពិកច្រើនខ្លាំង ហើយខ្យល់មូសុងប្រចាំឆ្នាំទំនងនឹងអាចចាប់ផ្តើមលឿនជាងមុន។
លោក Andrew Watkins ដែលជាអ្នកគ្រប់គ្រងផ្នែកព្យាករណ៍អាកាសធាតុនៅការិយាល័យឧតុនិយមបានថ្លែងថា៖
«ផ្ទូយពីរដូវក្តៅឆ្នាំមុន ស្ថានភាពសើមនឹងកើតមានក្នុងតំបន់ជាច្រើនក្នុងប្រទេស។ នេះមានន័យថា ឱកាសនៃការរីករាលដាលនៃទឹកជំនន់កើនឡើងនៅភាគខាងកើតប្រទេសអូស្ត្រាលី។ ទោះយ៉ាងណា យើងនៅតែមើលឃើញពីការឡើងកម្តៅមួយចំនួននិងភ្លើងឆេះព្រៃខ្លះ។ ការរីកលូតលាស់ច្រើននៃស្មៅក្នុងអំឡុងរដូវផ្ការីកបាននាំឲ្យហានិភ័យនៃភ្លើងឆេះស្មៅនៅផ្នែកនៃរដ្ឋ New South Wales កើនឡើង។ ប៉ុន្តែភ្លើងឆេះព្រៃតែងតែជាហានិភ័យមិនថារដូវក្តៅឆ្នាំណាក៏ដោយ»។
ការព្យាករណ៍នាពេលថ្មីៗនេះអំពីភ្លើងឆេះព្រៃក្នុងរដូវក្តៅដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងសហប្រតិបត្តិការផ្តោតលើគ្រោះធម្មជាតិនិងភ្លើងឆេះព្រៃ (Bushfire and Natural Hazards Cooperative Research Center) បានកំណត់ថា ភ្លើងឆេះស្មៅជាគ្រោះថ្នាក់ចម្បងក្នុងរដូវក្តៅនេះ នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី។
មានការព្រមានថា តំបន់ដែលរងគ្រោះដោយសារភ្លើងឆេះព្រៃធ្ងន់ធ្ងរកាលពីរដូវក្តៅឆ្នាំមុន ក៏អាចរងហានិភ័យពីទឹកជំនន់ភ្លាមៗ ការសឹករេចរិល និងការបាក់ដីជាដើម បើសិនជាមានភ្លៀងធ្លាក់ខ្លាំង។
រដូវក្តៅក្នុងប្រទេសអូស្ត្រាលី បានចាប់ផ្តើមផ្លូវការកាលពីថ្ងៃទី១ ខែធ្នូ ប៉ុន្តែការឡើងកម្តៅខ្លាំងត្រូវបានរំពឹងទុកថា នឹងកើតមានភាគច្រើននៅភាគអាគ្នេយ៍និងភាគខាងកើតនៃប្រទេសអូស្ត្រាលី ក្នុងពេលខាងមុខ។ សីតុណ្ហភាពក្នុងភាគខាងត្បូងបានឡើងដល់៤៧អង្សារសេ។
ក្នុងរដ្ឋ Queensland ភ្លើងឆេះព្រៃមួយបានបិទដំណើរការកោះ Fraser ដែលជាកោះទេសចរដ៏ល្បីមួយក្នុងចំណោមកោះផ្សេងទៀតនៃប្រទេសអូស្ត្រាលី។ ភ្ញៀវទេសចរនិងពលរដ្ឋលើកោះនោះ ត្រូវបានជូនដំណឹងថាពួកគេមិនអាចចាកចេញពីកោះដែលបានជាប់ក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៅភាគខាងជើងទីក្រុង Brisbaneបានទេ។ អាជ្ញាធរនៃទីក្រុង Queensland និយាយថា ស្ថានភាពនឹងកាន់តែអាក្រក់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។
ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ក្តៅបំផុតនិងស្ងួតបំផុតក្នុងកំណត់ត្រាប្រទេសអូស្ត្រាលី៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ