អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​បង្កើត​បច្ចេកវិទ្យា​ថ្មី​រាវរក​គ្រាប់​មីន

  • Phil Mercer

អ្នក​ដោះមីនអ៊ុយក្រែន

ឧបករណ៍​អូស្ត្រាលីប្រើ​បច្ចេកវិទ្យា​ម៉ាញ៉េទិក​អាច​កំណត់​អត្តសញ្ញាណ​សញ្ញា​ម៉ូលីគុល​នៃ​សារធាតុ​ផ្ទុះ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​គ្រាប់​មីន។ ខុសប្លែក​ពី​ឧបករណ៍​ស្វែងរក​លោហៈធាតុ​នៅពេល​បច្ចុប្បន្ន​នេះ វា​នឹង​មិន​ផ្តោត​លើ​គម្រប ​អំបែង​គ្រាប់​ឬ​របស់​របរ​លោហៈធាតុ​ដែល​មិន​ជាប់​ទាក់ទិន​ផ្សេង​ទៀត​ទេ​ដើម្បី​ជួយសន្សំ​ពេល​វេលា​និង​ការខំ ប្រឹងប្រែង​របស់​ក្រុម​សម្អាត​គ្រាប់​មីន។

បច្ចេកវិទ្យា​ស្រដៀង​គ្នា​នេះ​ដែល​ប្រើ​សំឡេង​ផ្ទុះ​ភ្លាមៗនៃ​រលកវិទ្យុនោះ​បាន​ជួយ​ឧស្សា ហកម្ម​មីន​ដើម្បី​ញែក​រ៉ែ​ដ៏​មាន​តម្លៃ​ចេញ​ពី​ថ្ម​ធម្មតា។

លោក David Miljakជា​អ្នក​វិទ្យាសាស្ត្រ​នៃ​ អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​ឧស្សាហ កម្មCommonwealth ឬCSIROបាន​ប្រាប់​វីអូអេ​ថា​បច្ចេកវិទ្យា​គ្រាប់​មីន​ក៏​មាន​ភាព​ស្រដៀង​គ្នា​នឹងឧបករណ៍​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​ដែរ។

«វា​ជា​បច្ចេកវិទ្យា​មួយ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ឧបករណ៍​ដែល​អស់​លោក អ្នក​បាន​ឃើញ​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​គេ​ហៅ​ថា​ម៉ាស៊ីនថតMRI ដែរ​ ក៏ប៉ុន្តែ វា​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន ​ដូច្នេះ​ បច្ចេកវិទ្យា​ដែល​យើង​កំពុង​ប្រើប្រាស់​នេះ​មិន​តម្រូវ​ឱ្យ​មាន​ដែកឆក់​ធំ​ដែល​មនុស្ស​អង្គុយ​នៅ​ក្នុង​នោះ​ទេ។ វា​គ្រាន់តែ​ជា​រលក​វិទ្យុ​ដែល​ត្រូវ​ប្រើប្រាស់​ហើយ​យើង​នឹង​ចាប់យក​សញ្ញា​ម៉ូលីគុល​នៃ​គ្រឿង​ផ្ទុះ​ដែល​អាច​មាន​នៅ​ក្នុង​ដី​តែ​ប៉ុណ្ណោះ»។

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​អូស្ត្រាលី​មាន​គម្រោង​បញ្ចូន​ឧបករណ៍រាវ​មីន​ដែល​កាន់​ដោយ​ដៃ​ទៅកាន់​ផ្នែក​នានា​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ២០២៤។

លោក Miljak និយាយ​ទៀត​ថា ឧបករណ៍​រាវ​មីន​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាលរួមមាន​អង្គការ HALO Trust ដែល​ធ្វើ​សកម្មភាពសម្អាត​គ្រាប់​មីន​នៅ​ទូទាំង​ពិភពលោក។

«ផែនការ​នៅ​ឆ្នាំ​ក្រោយ​នេះ​គឺ​យើង​នឹង​យក​ម៉ាស៊ីន​ពិសោធន៍​ដ៏​ជឿនលឿន​ដែល​កំពុង​ដំណើរការ​យ៉ាង​ល្អ ក៏ប៉ុន្តែ ធ្វើឱ្យ​រឹងមាំ​និង​ស្របតាម​គោលបំណង​ក្នុង​វិស័យ​នោះ​ហើយ​នឹង​ក្លាយ​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ថ្មី​យើង​ដែល​ហៅ​ថាMRead ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូចជា Halo Trust ជា​ដើម»។

គេ​បាន​ប៉ាន់ស្មាន​ថា​មាន​គ្រាប់​មីន​ជាង១០០លាន​គ្រាប់​បាន​ស្ថិត​នៅ​រាយប៉ាយ​ក្នុង​ប្រ ទេស​ជាង៦០ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង៦៥០០​នាក់​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថ្ងៃ​ទី៤ ខែ​មេសា ជា​ទិវា​អន្តរជាតិ​សម្រាប់​ការយល់​ដឹង​ពី​គ្រាប់​មីន​និង​ការជួយ​កម្ចាត់​គ្រាប់​មីន៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន