នាយករដ្ឋមន្ត្រីប្រទេសអូស្តា្រលីលោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា ការជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិនលោក Xi Jinping គឺជារឿងវិជ្ជ មានមួយ ប្រសិនបើគេអាចរៀបចំឱ្យមានជំនួបនេះឡើងនៅក្រៅកិច្ចប្រជុំកិច្ចកំពូលមេដឹកនាំនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងខែនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ។
លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា «ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា កិច្ចសន្ទ នានេះ គឺជារឿងល្អមួយ ហើយប្រសិនបើកិច្ចប្រជុំនោះត្រូវបានរៀបចំឱ្យកើតឡើងជាមួយលោក Xi មែននោះ នោះជារឿងមួយដែលវិជ្ជមាន»។
លោក Albanese នឹងចាកចេញពីប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រសប្តាហិ៍នេះដើម្បីទៅចូលរូមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្នុងប្រទេសកម្ពុជាបន្ទាប់មកនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសG-20 ក្នុងប្រទេសឥណ្ឌូនេស៊ីនិងវេទិការកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសថៃ។
លោក Albanese បាននិយាយថាការិយាល័យរបស់លោកកំពុងរៀបចំនូវកិច្ចប្រជុំមួយចំនួន ជាមួយមេដឹកនាំផ្សេងៗដែលនឹងត្រូវប្រកាសឱ្យដឹងនៅពេលធ្វើចប់។
ទំនាក់ទំនងចិននិងអូស្ត្រាលីហាក់មានសញ្ញាធូស្រាលបន្តិច ចាប់តាំងពីខែឧសភាមក នៅពេលដែលគណបក្សការងារឆ្វេងកណ្តាលរបស់លោក Albanese បានឈ្នះការបោះឆ្នោតជាលើកដំបូង ក្នុងរយៈពេល៩ឆ្នាំ ហើយរដ្ឋាភិបាលក្រុងប៉េកាំងភ្លាមៗនោះ បានលុបចោលនូវបម្រាមនៃការជួបគ្នារវាងកម្រិតថ្នាក់រដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
លោក Albanese បានជំរុញឱ្យប្រទេសចិន បង្ហាញនូវភាពស្មោះត្រង់ ចំពោះរដ្ឋាភិ បាលថ្មីរបស់លោកដោយលុបចេញនូវរបាំងឧបសគ្គផ្លូវការនិងមិនផ្លូវការនានាជុំវិញវិស័យពាណិជ្ជកម្មដែលបានធ្វើឱ្យមានការខាតបង់នូវទឹកប្រាក់ប្រមាណ១៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការនាំចេញរបស់អូស្ត្រាលីទៅកាន់ប្រទេសចិន។ បើទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសចិន នៅមិនទាន់ផ្តល់សញ្ញាណាមួយ ស្តីពីការលើកលែងការរឹតបន្តឹងលើវិស័យពាណិជ្ជកម្មនោះឡើយទេ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីលោក Xiao Qian បាននិយាយកាលពីខែសីហាថារដ្ឋាភិបាលក្រុងប៉េកាំងនឹងពិភាក្សាជាមួយអូស្ត្រាលី ប្រសិនបើមានស្ថានភាពអំណោយផលល្អនៅក្នុងខែវិច្ឆិកានេះ ដើម្បីរៀបចំឱ្យមានជំនួបរវាងលោក Albanese និងលោក Xi នៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងអំឡុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G-20។ លោក Xi មិនត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្នុងរដ្ឋធានីភ្នំពេញនោះឡើយ៕
នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថានឹងបានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិនក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G-20
ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី —