ក្រុមមន្ត្រីជួយសង្គ្រោះសត្វព្រៃរបស់អូស្ត្រាលី និយាយនៅថ្ងៃអង្គារថា ពួកគេបានជួយសង្គ្រោះត្រីបាឡែនប្រភេទ pilot whale យ៉ាងហោចណាស់២៥ក្បាល ក្នុងចំណោមត្រីបាឡែនចំនួន២៧០ក្បាល ដែលបានជាប់គាំងនៅទឹករាក់ក្បែរឆ្នេរក្នុងតំបន់ដាច់ស្រយាលមួយ ក្នុងតំបន់ឆ្នេរខាងលិចនៃកោះ Tasmania របស់អូស្រ្តាលី ដោយសង្ឃឹមថាអាចជួយសង្គ្រោះត្រីបាឡែនបានច្រើនថែមទៀត។
ប្រតិបត្តិការជួយសង្រ្គោះនេះ ដែលដឹកនាំដោយនាយកដ្ឋានសត្វព្រៃនិងឧទ្យានរបស់អូស្រ្តាលីនោះ បានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃអង្គារ បន្ទាប់ពីមានត្រីបាឡែនជាច្រើនត្រូវបានគេឃើញជាប់គាំងនៅលើឆ្នេរខ្សាច់ពីរកន្លែងតំបន់កំពង់ផែ Macquarie ដែលនៅជិតតំបន់ឆ្នេរភាគខាងលិចទីក្រុង Strahan ដែលមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ នៅភាគពាយ័ព្យនៃទីក្រុង Hobart ធានីនៃរដ្ឋ Tasmania របស់អូស្រ្តាលី។ មន្រ្តីជួយសង្គ្រោះនិយាយថា ត្រីបាឡែនចំនួន ១ ភាគ ៣ ប្រហែលអាចងាប់។
ត្រីបាឡែន polit whale អាចមានប្រវែងរហូតដល់៧ម៉ែត្រ និងទម្ងន់រហូតដល់៣តោន។
អ្នកវិទ្យាសាស្ត្រជឿថា ការជាប់គាំងនេះជាបាតុភូតធម្មជាតិរបស់ត្រីបាឡែននេះ ដោយសារត្រីបាឡែននេះចូលចិត្តធ្វើដំណើរជាហ្វូងរហូតដល់រាប់រយក្បាលនិងមិនព្រមបំបែកហ្វូងនៅពេលមកជិតកន្លែងទឹករាក់ក្បែរឆ្នេរ៕