អ្នក​កាសែត​អូស្រ្តាលី​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ាឡេស៊ី​

រូប​ឯកសារ៖ ប្រធានាធិបតីម៉ាឡេស៊ី Najib Razak ដើរ​ទស្សនកិច្ច​​នៅ​ក្នុង​ពិធី​មួយ​ នៅ​ក្នុង​ទីក្រុង​ Kuala Lumpur កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។

អ្នក​ការសែត​អូស្ត្រាលី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​បន្ទាប់​ពី​ព្យាយាម​សួរលោក នាយក​រដ្ឋមន្ត្រី ​ណាជីប រ៉ាស្សាក់ ​(Najib Razak)​ នៃ​ប្រទេស​ម៉ាឡេស៊ី​អំពី​ការ​ចោទ​ប្រកាន់​រឿង​អំពើ​ពុករលួយ។

បណ្តាញ​ព័ត៌មាន ​ABC ​អូស្ត្រាលី​បាន​រាយការណ៍​មក​ថា លោក​ Linton Besser និង​អ្នក​ថត​វីដេអូ​ Louie​ Eroglu ​ត្រូវ​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ក្រុង​ Kuching ​ បន្ទាប់​ពី​អ្នក​ទាំងពីរ​បាន​ជួប​សួរ ​លោក ណាជីប​ ពេល​លោក​កំពុង​ចូល​ទៅ​ក្នុង​ព្រះវិហារ​ម៉ូស្លីម។

អ្នក​ការសែត​ទាំងពីរ​ត្រូវ​កង​សន្តិសុខ​ដែល​ដាក់​ពង្រាយ​នៅ​ទី​នោះ​ហ៊ុំ​ព័ទ្ធ​ ហើយ ត្រូវ​បាន​ដោះលែង​វិញ​ក្រោយ​ពី​បាន​សួរ​នាំ​មួយ​រយៈពេល​ខ្លី។

​ប៉ុន្តែ​អ្នក​ការសែត​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ឡើង​វិញ​ពេល​ពួកគេ​វិល​ត្រឡប់​ទៅ​កាន់​សណ្ឋាគារ ​ហើយ​ត្រូវ​គេ​សួរ​ចម្លើយ​រយៈពេល​៦ម៉ោង។ ​អ្នកការសែត​ទាំងពីរ​ត្រូវ​បន្ត​ស្ថិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​រង់​ចាំ​ការ​សម្រេច​របស់​អគ្គរាជអាជ្ញា​ Mohamed​ Apandi ​Ali ថា​ជន​ទាំង​ពីរ​គួរ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំខាន​ ដល់​មន្ត្រី​រាជការ​ពេល​បំពេញ​កិច្ចការ​ ឬ​យ៉ាង​ណា។​

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ Julie Bishop ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ ​ចំពោះ​ការ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ​តាមបែប​ប្រជា​ធិបតេយ្យ​ជា​ពិសេស​ និង​សេរីភាព​អ្នក​សារ​ព័ត៌មាន​ដែល​បំពេញ​កិច្ចការ​របស់​គេ៕