មន្ទីរពេទ្យអូស្រ្តាលីមួយបានបដិសេធមិនព្រមប្រគល់ទារកដែលស្វែងរកសិទ្ធិជ្រកកោនម្នាក់ទៅកាន់មណ្ឌលឃុំឃាំងវិញ។ មនុស្សរាប់រយនាក់កំពុងតែប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Brisbane ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះក្រុមវេជ្ជបណ្ឌិតទារិកា Asha និងឪពុកម្តាយរបស់ទារិកានោះ។
ទារិកា Asha ដែលមានអាយុ១២ខែនោះ បានកើតជាកូនរបស់ឪពុកម្តាយជនជាតិនេប៉ាល់ដែលជាអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីពួកគេបានទៅដល់ប្រទេសអូស្រ្តាលី។ ទារិកា Asha បានរលាកទឹកក្តៅដោយចៃដន្យនៅក្នុងជំរុំឃុំឃាំងមួយនៅលើកោះណូរូ (Nauru) ដែលជាប្រទេសជាកោះដ៏ដាច់ស្រយាលនោះ។
ក្រុមអ្នកសុំសិទ្ធិជ្រកកោនដែលបានព្យាយាមទៅកាន់ប្រទេសអូស្ត្រាលីតាមរយៈទូកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនានានៅប្រទេសបាពួអាស៊ីណូវែលគីណេ (Papua New Guinea) និងកោះណូរូ។ ពួកគេទាំងនោះត្រូវបានគេរារាំងមិនឲ្យចូលទៅតាំងលំនៅនៅក្នុងប្រទេសអូស្រ្តាលីនោះទេ ទោះបីជាក្នុងចំណោមពួកគេជាជនភៀសខ្លួនក៏ដោយ។
មន្ទីរពេទ្យ Lady Cilento Children បានឲ្យដឹងនៅក្នុងលិខិតមួយថា ទារិកា Asha នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅពេលណាដែលមានការកំណត់ថាបរិយាកាសនៃផ្ទះរបស់នាងមានលក្ខខណ្ឌសមស្រប។
វិធានការរបស់មន្ទីរពេទ្យនេះត្រូវបានធ្វើឡើងខណៈដែលបណ្តារដ្ឋាភិបាលថ្នាក់រដ្ឋ ព្រះវិហារ និងក្រុមសកម្មជននានាបានចេញមុខប្រឹងប្រែងបញ្ឈប់ការបញ្ជួនជនភៀសខ្លួនចំនួនប្រមាណ២៦៧នាក់ទៅកាន់កោះណូរូវិញ បន្ទាប់ពីមានការបង្គាប់ពីតុលាការជាន់ខ្ពស់មួយ៕