អ្នកកាសែតអូស្ត្រាលីដើមកំណើតចិនម្នាក់ដែលត្រូវបានផ្ដន្ទាទោសក្រោមបទចោទប្រកាន់មិនច្បាស់លាស់រឿងចារកម្មនិងត្រូវបានឃុំឃាំងនៅក្នុងប្រទេសចិនអស់រយៈពេល ៣ ឆ្នាំ បានត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញហើយ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃពុធនេះ។
អ្នកស្រី Cheng Lei អាយុ ៤៨ ឆ្នាំ បានធ្វើការនៅនាយកដ្ឋានអន្តរជាតិនៃទូរទស្សន៍ CCTV របស់រដ្ឋាភិបាលចិន។ អ្នកស្រីបានជួបជុំឡើងវិញជាមួយនឹងកូនអ្នកស្រីពីរនាក់នៅក្នុងទីក្រុង Melbourne។ នេះបើតាមការបញ្ជាក់របស់លោក Albanese។
ដំណើរត្រឡប់របស់អ្នកស្រីទៅកាន់ប្រទេសអូស្ត្រាលីវិញនេះបានកើតឡើងមុនពេលលោក Albanese មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិននៅក្នុងឆ្នាំនេះនៅពេលណាមួយដែលលោកមិនទាន់ប្រកាសនៅឡើយ។
រដ្ឋាភិបាលរបស់លោក Albanese បានតស៊ូមតិឱ្យមានការដោះលែងអ្នកស្រី Cheng និងជនជាតិអូស្ត្រាលីដើមកំណើតចិនម្នាក់ទៀតឈ្មោះ Yang Hengjun ដែលជាប់ឃុំនៅចិនតាំងពីឆ្នាំ ២០១៩ មក។
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសអូស្ត្រាលីនិងចិនបានប្រសើរឡើងតាំងពីពេលដែលគណបក្សការងារដែលប្រកាន់ទស្សនៈកណ្ដាលឆ្វេងនិយមរបស់លោក Albanese ត្រូវបានជ្រើសរើសបន្ទាប់ពីប្រទេសអូស្ត្រាលីស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលអភិរក្សនិយមអស់រយៈពេល ៩ ឆ្នាំមក។ ចិនបានដកចេញនូវឧបសគ្គពាណិជ្ជកម្មទាំងផ្លូវការនិងមិនផ្លូវការមួយចំនួនលើទំនិញនាំចូលពីអូស្ត្រាលី។
លោក Albanese បានបញ្ជាក់ថា អ្នកស្រី Cheng ត្រូវបានកាត់ទោសកាលពីពេលថ្មីៗនេះ បន្ទាប់ពីអ្នកស្រីត្រូវបានផ្ដន្ទាទោសនៅក្នុងសវនាការបិទទ្វារមួយកាលពីឆ្នាំមុនក្រោមបទចោទសន្តិសុខជាតិ។
លោក Albanese មិនបាននិយាយថាតើលោក Yang ទំនងជានឹងត្រូវបានដោះលែងដែរឬក៏អត់នោះទេ។
លោក Albanese បាននិយាយថា៖ «យើងបន្តតស៊ូមតិជាមួយនឹងអាជ្ញាធរចិនគ្រប់លំដាប់ថ្នាក់ទាំងអស់ដើម្បីប្រយោជន៍ សិទ្ធិ និងសុខុមាលភាពរបស់លោកបណ្ឌិត Yang»។
លោក Yang អាយុ ៥៨ ឆ្នាំ ដែលជាអ្នកនិពន្ធនិងជាអ្នកសរសេរប្លុករឿងលទ្ធិប្រជាធិបតេយ្យ បានប្រាប់គ្រួសាររបស់លោកកាលពីខែសីហាថាលោកខ្លាចថាលោកនឹងស្លាប់នៅមណ្ឌលឃុំឃាំងក្នុងទីក្រុងប៉េកាំង បន្ទាប់ពីលោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានដុំគីសនៅក្នុងក្រលៀន។ ករណីនេះបានធ្វើឱ្យអ្នកគាំទ្រលោកទាមទារឱ្យមានការដោះលែងលោកដើម្បីបានព្យាបាលជំងឺនេះ។
លោក Yang ត្រូវបានឃុំឃាំងនៅក្នុងប្រទេសចិនតាំងពីខែមករា ឆ្នាំ ២០១៩ មក នៅពេលដែលលោកបានធ្វើដំណើរជាមួយនឹងប្រពន្ធនិងកូនស្រីចុងរបស់លោកពីទីក្រុង New York សហរដ្ឋអាមេរិក ទៅដល់ទីក្រុង Guangzhou ប្រទេសចិន។
លោក Yang ត្រូវបានកាត់ទោសក្នុងសវនាការបិទទ្វារមួយក្រោមបទចោទប្រកាន់ចារកម្មនៅក្នុងទីក្រុងប៉េកាំងកាលពីខែឧសភាឆ្នាំ ២០២១ ហើយនៅរង់ចាំការប្រកាសសាលក្រមរបស់តុលាការ៕
អ្នកកាសែតអូស្ត្រាលីដើមកំណើតចិនដែលជាប់ឃុំ ៣ ឆ្នាំនៅចិនបានត្រឡប់ដល់អូស្ត្រាលីវិញ
ទីក្រុងកង់បេរ៉ា —