ប្រទេសអូស្រ្តាលីបានចេញសេចក្តីប្រកាសបន្ទាន់មួយនៅថ្ងៃអង្គារម្សិលមិញ ដោយលើកឡើងថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងសប្តាហ៍នេះ ដោយបារម្ភពីការ«កើនឡើងនៃបរិយាកាសសន្តិសុខដែលគ្មានភាពប្រាកដប្រជា» ក្នុងទីក្រុងកាប៊ុល ស្របពេលដែលកងកម្លាំងបរទេស កំពុងចាកចេញពីប្រទេសនេះ។
ក្រុមឧទ្ទាមតាលីបង់ ដែលបានបង្កើនការវាយប្រហារនៅទូទាំងប្រទេសក្នុងសប្តាហ៍ថ្មីៗនេះ បានបញ្ចេញប្រតិកម្មដោយនិយាយថា ខ្លួននឹងផ្តល់ឲ្យមាននូវ «បរិយាកាសសុវត្ថិភាព» មួយដល់ក្រុមអ្នកការទូតបរទេស និងអង្គការមនុស្សធម៌ផ្សេងៗទៀត។
សហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ក្នុងការដកកងទ័ពរបស់ខ្លួនដែលនៅសល់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាការបិទបញ្ចប់នូវសង្គ្រាមអាមេរិកមួយដែលមានរយៈពេលយូរបំផុត ដែលការណ៍នេះ បានបង្កើតនូវអនាគតមួយដែលគ្មានភាពច្បាស់លាស់សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងស្ថិតក្នុងកណ្តាប់ដៃដ៏រឹងមាំរបស់ក្រុមសកម្មជនតាលីបង់នោះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និយាយថា ស្ថានទូតអូស្ត្រាលី នឹងត្រូវបិទក្នុងរយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ កងទ័ពអូស្ត្រាលីចំនួនប្រមាណ៨០នាក់ នឹងត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយនៃការដកកងទ័ពបរទេសចេញពីប្រទេសនេះ ក្នុងទ្រង់ទ្រាយធំ។ ដោយគ្មានកងទ័ពអូស្ត្រាលី និងកងកម្លាំងអាមេរិកដែលជាបង្អែកដ៏ធំនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះលើកឡើងថា៖ «វាមានការកើនឡើងនូវបរិយាកាសសន្តិសុខមិនប្រាកដប្រជា» មួយ។
លោក Scott Morrison បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានប្រាប់ថា ការរៀបចំផ្នែកសន្តិសុខ មិនអាចត្រូវបានផ្តល់ឲ្យនោះទេ ក្នុងការគាំទ្រដល់ការបន្តវត្តមានការទូតរបស់អូស្ត្រាលីក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលជាប់ឆ្នោតក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន និងកងកម្លាំងអាហ្វហ្គានីស្ថាន នៅមានភាពផុយស្រួយនៅឡើយ បើទោះបីជាមានការជួយកសាងសមត្ថភាពរបស់គេក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយជ័យជម្នះរបស់គេស្ថិតនៅឆ្ងាយនៅឡើយ ប្រសិនបើគ្មានការជួយគាំទ្របន្តរបស់កងកម្លាំងសហរដ្ឋអាមេរិក។
អ្នកការទូត និងមន្ត្រីយោធាបស្ចឹមប្រទេស កំពុងរួសរាន់ស្វែងរកវិធីដើម្បីផ្តល់ការការពារសន្តិសុខដល់អ្នកធ្វើការស៊ីវិលក្នុងពេលអនាគត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានការបារម្ភកាន់តែខ្លាំងឡើង ពីការវិលមកវិញនៃក្រុមឧទ្ទាមតាលីបង់។
ទោះជាយ៉ាងនេះក្តី ក្រុមតាលីបង់ ដែលធ្លាប់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលខ្លីក្នុងទសវត្សរ៍ទី៩០ បាននិយាយនៅថ្ងៃអង្គារម្សិលមិញថា ក្រុមអ្នកការទូតបរទេស អាច«បន្តការងាររបស់ខ្លួនបានដូចធម្មតា»។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់លោក Mohammad Naeem បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖ «យើងនឹងមិនបង្កការគំរាមកំហែងណាមួយទៅលើពួកគេនោះទេ»៕