អូស្ត្រាលី​ផ្អាក​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​ស៊ីរី ស្រប​ពេល​មាន​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី

យន្តហោះ F/A-18E Super Hornet ហោះ​ចេញ​ពី​នាវា USS Dwight D. Eisenhower នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​ផ្អាក​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ជា​បណ្ដោះ​អាសន្ន នៅ​ក្នុង​ប្រទេស​ស៊ីរី។

វិធានការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ីរី ហើយ​រដ្ឋាភិបាល​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ស៊ីរី បាន​ឆ្លើយតប​ដោយ​គំរាម​ចាត់ទុក​យន្តហោះ​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​ប្រតិបត្តិការ​នៅ​លើ​ដែន​អាកាស​ប្រទេស​ស៊ីរី​ថា​ជា​គោលដៅ​វាយ​ប្រហារ។

ប្រទេស​អូស្ត្រាលី​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​សម្ព័ន្ធមិត្ត​ដែល​បាន​ចាប់ផ្ដើម​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​គោលដៅ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤។

ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា ខ្លួន​នឹង​ធ្វើ​ការ​អង្កេត​លើ «ស្ថានការណ៍​ហោះហើរ​នៅ​ក្នុង​ប្រទេស​ស៊ីរី» និង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ការ​ចាប់ផ្ដើម​វាយ​ប្រហារ​តាម​អាកាស​ឡើង​វិញ​នៅ​ទី​នោះ «ក្នុង​ពេល​វេលា​ដ៏​សម​ស្រប​មួយ»។ ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក នឹង​នៅតែ​បន្ត​ធ្វើ​ទៅ​មុខ​ទៀត។

សហរដ្ឋ​អាមេរិក​បាន​ឆ្លើយតប​ដោយ​កម្លាំង កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ចំពោះ​ការ​គំរាម​កំហែង​របស់​ប្រទេស​រុស្ស៊ី ដោយ​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ីរី SU-22 ដែល​បាន​ទម្លាក់​គ្រាប់​បែក​លើ​កង​កម្លាំង​ដៃគូ​សម្ព័ន្ធមិត្ត​នៅ​ជិត​ក្រុង Tabqah នៃ​ប្រទេស​ស៊ីរី។

អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Ryabkov បាន​ហៅ​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ីរី​នេះ​ថា​ជា «សកម្មភាព​គគ្លើន»៕