រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅនេះ ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្មីមួយដែលមានបំណងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនឹងផ្ដល់ការជួយជ្រោមជ្រែងបន្ថែមទៀតដល់ជនរងគ្រោះដោយសារការជួញដូរមនុស្ស ហើយនឹងជួយពួកគេឱ្យរួចផុតពីការចាប់បង្ខំឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មណាមួយដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលពួកគេធ្វើជាពលករក្រោមការបង្ខិតបង្ខំនិងការគំរាមកំហែង។
វិធានការនេះគឺជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមប្រឆាំងនឹងការជួញដូរមនុស្សរវាងរដ្ឋាភិបាលអូស្ត្រាលីនិងសមាគមអាស៊ាន (ASEAN-Australia Counter Trafficking Initiative)។ គម្រោងរយៈពេល ១០ ឆ្នាំរវាងអូស្ត្រាលីនិងអាស៊ាននេះដែលបានប្រកាសកាលពីឆ្នាំ ២០១៩ មានបំណងជួយសង្គ្រោះជនរងគ្រោះនិងធានាថាជនល្មើសនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីអ្នកស្រី Elaine Pearson បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃថា បើទោះបីជាប្រទេសថៃមានការតាំងចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក៏ដោយ ក៏បញ្ហានេះនៅតែជា «បញ្ហាសំខាន់ ជាពិសេសពាក់ព័ន្ធនឹងជនចំណាកស្រុកដែលត្រូវបានគេកេងប្រវ័ញ្ចមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ»។
ទាសភាពសម័យទំនើបនិងការជួញដូរមនុស្សសរុបជិត ៣០០ ករណីត្រូវបានគេរាយការណ៍ទៅឱ្យប៉ូលិសជាតិអូស្ត្រាលីកាលពីមួយឆ្នាំកន្លងទៅនេះ។
ប៉ុន្តែ អ្នកស្រី Jennifer Burn ដែលជាប្រធានអង្គការអូស្ត្រាលីប្រយុទ្ធប្រឆាំងនឹងទាសភាព (Anti-Slavery Australia) ដែលជាអង្គការតស៊ូមតិមួយ បាននិយាយថា ទំហំពិតប្រាកដនៃការជួញដូរបុរស ស្ត្រី និងកុមារគឺពិបាកនឹងវាស់វែងណាស់។
អ្នកស្រីបានប្រាប់បណ្ដាញព័ត៌មាន ABC របស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ៣ ខែវិច្ឆិកាអំពីករណីនៃស្ត្រីម្នាក់ដែលត្រូវបានគ្រួសារមួយចាប់ធ្វើជាទាសករនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
អ្នកស្រីថ្លែងដូច្នេះថា៖ «ស្ត្រីនោះត្រូវបានគេបោកបញ្ឆោតមកកាន់ប្រទេសអូស្ត្រាលី។ ស្ត្រីនោះមានទិដ្ឋាការទេសចរណ៍។ គាត់ត្រូវបានគេដាក់ឃុំក្នុងស្ថានភាពដូចជាទាសករអស់រយៈពេល ៩ ឆ្នាំនៅក្នុងតំបន់ជាយក្រុងមួយនៃទីក្រុង Melbourne។ គាត់ត្រូវបានគេបង្ខំឱ្យដាំស្ល បោកគក់ និងមើលថែក្មេងៗ។ គាត់ត្រូវគេតាមដានជាប់រហូត។ នៅទីបំផុត គាត់បានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងដោយត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ហើយប្ដីប្រពន្ធដែលដាក់ឃុំស្ត្រីរូបនេះត្រូវបានតុលាការរកឃើញថាមានទោសពីបទឃុំឃាំងទាសករ»។
អ្នកស្រី Burn បាននិយាយថា ជនល្មើសនៅក្នុងករណីនេះត្រូវបានដាក់ពន្ធនាគារ។
ទាសភាពសម័យទំនើបគឺជាបញ្ហាសាកល។ នៅឆ្នាំ ២០២១ មនុស្ស ៥០លាននាក់រស់នៅក្នុងទាសភាពសម័យទំនើប។ នេះបើយោងតាមការប៉ាន់ប្រមាណថ្មីចុងក្រោយបង្អស់អំពីទាសភាពសម័យទំនើបនៅលើសាកលលោក (Global Estimates of Modern Slavery) ដែលជាការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការពលកម្មអន្តរជាតិ (ILO) អង្គការសិទ្ធិមនុស្ស Walk Free និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)។
បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីខែកញ្ញា ដែលនៅពេលនោះរបាយការណ៍នេះត្រូវបានចេញផ្សាយផងដែរនោះ គេឃើញថា មនុស្ស ២៨ លាននាក់នៅលើពិភពលោកត្រូវបានបង្ខំឱ្យធ្វើការងារ ហើយមនុស្ស ២២ លាននាក់ទៀតបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃការរៀបការដោយបង្ខំ។
ប្រទេសអូស្ត្រាលីក៏បានចុះហត្ថលេខាផងដែរលើកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសថៃសម្រាប់ផែនការរយៈពេល ៤ ឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការយោធានិងសេដ្ឋកិច្ច ស្របពេលដែលរដ្ឋាភិបាលអូស្ត្រាលីចង់ប្រឡូកឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ទីក្រុង Sydney ប្រទេសអូស្ត្រាលី —