រដ្ឋាភិបាលប្រទេសអូស្រ្តាលីនិយាយថា ខ្លួនបានទាក់ទងជាមួយអ្នកសារព័ត៌មានអូស្ត្រាលីម្នាក់ ដែលត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនក្នុងប្រទេសចិនតាំងពីពាក់កណ្តាលខែសីហាមក។
ក្រសួងការបរទេសអូស្ត្រាលីនិយាយថា ខ្លួនបានទទួលការជូនដំណឹងមួយពីមន្ត្រីចិនកាលពីថ្ងៃទី១៤ ខែសីហាថា អ្នកស្រី Cheng Lei ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនក្នុងប្រទេសចិន។ ក្រសួងការបរទេសអូស្ត្រាលីបានឲ្យដឹងថា ខ្លួនបានធ្វើការសាកសួរសុខទុក្ខលោកស្រី Cheng កាលពីថ្ងៃព្រហស្បតិ៍តាមប្រព័ន្ធអនឡាញ។
អ្នកស្រី Cheng ជាពិធីករក្នុងកម្មវិធីព័ត៌មានពាណិជ្ជកម្មមួយនៃទូរទស្សន៍ CGTN ដែលជាទូរទស្សន៍រដ្ឋរបស់ចិនផ្សាយជាភាសាអង់គ្លេស។ វីដេអូនៃកម្មវិធីរបស់អ្នកស្រីត្រូវបានគេលុបចេញពីគេហទំព័រនិងបណ្តាញសង្គមរបស់ទូរទស្សន៍នេះ។
ក្រសួងការបរទេសអូស្តា្រលីនិយាយថា ខ្លួនមិនបានដឹងច្បាស់ពីមូលហេតុនៃការចាប់ខ្លួននោះទេ ប៉ុន្តែសារព័ត៌មានអូស្រ្តាលីផ្សាយថា អ្នកសារព័ត៌មានរូបនេះកំពុងត្រូវបានឃុំខ្លួនក្រោមទម្រង់ម៉្យាងដែលហៅថា «ការស៊ើបការណ៍ក្នុងតំបន់គេហដ្ឋានក្នុងទីតាំងមួយដែលបានកំណត់» ដែលនេះមានន័យថា អ្នកសារព័ត៌មានរូបនេះអាចជាប់ឃុំជាច្រើនខែបន្តទៅមុខទៀត៕