កិច្ចព្រមព្រៀងសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួនដ៏ចម្រូងចម្រាសរបស់ប្រទេសអូស្ត្រាលី ជាមួយប្រទេសកម្ពុជា បានផុតកំណត់ ហើយកិច្ចព្រមព្រៀងនេះក៏ «លែងជាជម្រើស» សម្រាប់ពេលអនាគតដ៏ខ្លីខាងមុខនេះទៀតដែរ។ នេះបើតាមការបញ្ជាក់របស់ព្រឹទ្ធសភានៃប្រទេសអូស្ត្រាលី។
តាមឯកសារស្តីពីការប្រជុំរបស់ព្រឹទ្ធសភាអូស្ត្រាលីអំពីការបញ្ចប់នៃកិច្ចព្រមព្រៀងនេះ ដែលបានបញ្ចេញឲ្យដឹងជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាលោក Richard Di Natale មេដឹកនាំគណបក្សបៃតង (AustralianGreens) បានដាក់សម្ពាធទៅលើក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម ចំពោះអនាគតកិច្ចព្រមព្រៀងនេះ។
លោក Geoffrey Shaw មន្ត្រីការទូតផ្នែកប្រឆាំងអំពើជួញដូរ និងរត់ពន្ធមនុស្សរបស់ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី បានប្រាប់គណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាអូស្ត្រាលីតាមន័យដើមថា៖
«លោកនិងលោកស្រីសមាជិកព្រឹទ្ធសភា កិច្ចព្រមព្រៀងអនុស្សារណៈយោគយល់បានផុតកំណត់ហើយកាលពីថ្ងៃទី២៦ ខែកញ្ញា ដូច្នេះ វាលែងជាជម្រើសសម្រាប់ជនភៀសខ្លួនពីកោះ Nauru ទៅតាំងទីលំនៅនៅប្រទេសកម្ពុជា»។
នៅឆ្នាំ២០១៤ លោក Scott Morrison ដែលនៅពេលនោះ លោកជារដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ប្រទេសអូស្ត្រាលី បានជល់កែវស្រាសាំប៉ាញ យ៉ាងអាស្រូវមួយជាមួយមន្ត្រីកម្ពុជា ដើម្បីអបអរសាទរកិច្ចព្រមព្រៀងតាំងទីលំនៅសម្រាប់ជនភៀសខ្លួន។
កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យប្រទេសអូស្ត្រាលីចាយលុយអស់រាប់សិបលានដុល្លារ ក្នុងទម្រង់ជាជំនួយ ប៉ុន្តែមានជនភៀសខ្លួនតិចតួចប៉ុណ្ណោះ ដែលបានមកដល់កម្ពុជា ហើយថែមទាំងមិនបានស្នាក់នៅក្នុងប្រទេសកម្ពុជាបានយូរទៀតផង។
រដ្ឋាភិបាលអូស្ត្រាលីរងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ចំពោះការចំណាយទៅលើរដ្ឋាភិបាលមួយ តាមអ្វីដែលអ្នករិះគន់បានចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការ និងពុករលួយឲ្យទទួលយកជនភៀសខ្លួន ដែលអូស្ត្រាលីបានបង្ខំឲ្យចាកចេញទៅរស់នៅលើកោះ Nauru ដែលជាដែនកោះ ប្រជាជាតិតូចមួយ។
ដោយត្រូវបានចោទសួរធ្ងន់ៗអំពីអនាគតនៃការពន្យាកិច្ចព្រមព្រៀងជនភៀសខ្លួននេះលោក Geoffrey Shaw មន្ត្រីការទូតនៅផ្នែកនៃការប្រឆាំងអំពើជួញដូរ និងរត់ពន្ធមនុស្សរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បាននិយាយថា លោកបានផ្តល់ការណែនាំគោលនយោបាយរបស់រដ្ឋាភិបាលទៅលើបញ្ហានេះ ប៉ុន្តែបដិសេធមិនបញ្ចេញឲ្យដឹងអំពីការណែនាំនោះទេ។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងជនភៀសខ្លួននេះ នៅតែមានសុពលភាពដដែល តែវាមិនមានភាពទាក់ទាញសម្រាប់ជនភៀសខ្លួននោះទេ។
«អត់ទាន់មានគម្រោងបញ្ចប់ទេ គម្រោងគឺនៅដដែល ប៉ុន្តែអត់មានអ្នកចង់មក»។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលប្រទេសទាំងពីរ មិនទាន់បានសម្រេចចិត្តថា នឹងបញ្ចប់កិច្ចព្រមព្រៀងនោះនៅឡើយទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងភ្នំពេញ នឹងរកច្រកពិភាក្សាអំពីបញ្ហាកិច្ចព្រមព្រៀងជនភៀសខ្លួននេះ ប្រសិនបើរដ្ឋាភិបាលអូស្ត្រាលីមានបំណងបញ្ចប់កិច្ចព្រមព្រៀងនេះមែននោះ។
«ក្នុងករណីបើខាង គាត់ចង់បញ្ឈប់ អាហ្នឹងយើងនឹងអាចពិភាក្សាគ្នាឡើងវិញទៅ ឬក៏ close [បិទ] នៅក្នុងហ្នឹងជាលាយលក្ខណ៍អក្សរទៅអាហ្នឹង យើងពិភាក្សាតាមផ្លូវច្បាប់ ដែលយើងអាចអនុវត្តបាន»។
លោក ហុង លីម តំណាងរាស្ត្រមានសញ្ជាតិខ្មែរអូស្ត្រាលីនៅរដ្ឋវិកតូរីយ៉ា ប្រទេសអូស្ត្រាលី ដែលជាអ្នករិះគន់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួន និងរបបលោកហ៊ុន សែន ស្វាគមន៍ការបញ្ចប់កិច្ចព្រមព្រៀងនេះ។
លោកបាននិយាយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរតាមន័យដើមថា៖
«ហ្នឹងហើយវាគួរតែបញ្ចប់ វាបានក្លាយជារឿងមួយដ៏គួរឲ្យអស់សំណើច និងជាបន្ទុកធ្ងន់ធ្ងរមួយ ដែលគ្មានន័យអ្វីទាំងអស់សម្រាប់ប្រទេសអូស្ត្រាលី»។
លោកបានបន្ថែមក្នុងន័យដើមថា៖ «សង្ឃឹមថា អ្នកទាំងអស់គ្នាបានដឹងថា កិច្ចព្រមព្រៀងនេះវាមិនដំណើរការទេ ហើយលុយប្រមាណ ៥៥លានដុល្លារអូស្ត្រាលីនោះ គ្រាន់តែជាការខ្ជះខ្ជាយ និងជារឿងអាម៉ាស់មុខប៉ុណ្ណោះ ហើយអ្នករាល់គ្នាឥឡូវបានធ្វើរឿងត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជា»។
លោក Carl Thayer សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី និងជាអ្នកជំនាញអំពីកិច្ចការកម្ពុជាមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងមួយដែលអាក្រក់សម្រាប់ជនភៀសខ្លួន។
លោកថ្លែងថា៖ «សន្តិសុខ និងសុវត្ថិភាពនៃមនុស្សទាំងនេះ ក៏ដូចជាឋានៈរបស់ពួកគេជាអ្នករស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា មិនដែលត្រូវបានគេគិតគូរល្អិតល្អន់នោះឡើយ។ ហើយវាគ្មានប្រយោជន៍ទៀតទេដល់រដ្ឋាភិបាលកម្ពុជា ដែលត្រូវការពារពួកគេនោះ និងផ្តល់ភាពស្របច្បាប់សម្រាប់ការរស់នៅ ឬក៏ផ្តល់សញ្ជាតិដល់ពួកគេនោះ»។
ជាមួយនឹងសម្ពាធនយោបាយបានកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី ដែលរួមមានការស្នើឲ្យរដ្ឋាភិបាលប្រទេសនេះបញ្ឈប់ការឃុំឃាំងកុមារលើកោះ Nauru នោះ និងកាយវិការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងងាកទៅរកការគ្រប់គ្រងផ្តាច់ការខ្លាំងថែមទៀតនោះ លោក សាស្ត្រាចារ្យ Thayer បានលើកឡើងថា ការធ្វើកិច្ចព្រមព្រៀងនេះឲ្យរស់ឡើងវិញនោះ ទំនងជាមិនអាចទៅរួចទេ។
គណបក្សរបស់លោកហ៊ុន សែន ដែលបានគ្រប់គ្រងកម្ពុជាជាង៣៣ឆ្នាំមកហើយនោះ បានឈ្នះរាល់កៅអីសភាក្នុងការបោះឆ្នោតមួយ ដែលមិនសូវត្រូវបានគេផ្តល់តម្លៃឲ្យកាលពីខែកក្កដា បន្ទាប់ពីបានរាំងខ្ទប់គណបក្សប្រឆាំងដែលមានសន្ទុះខ្លាំងមួយ និងបានឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំងនេះ។
ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោត លោកហ៊ុន សែន បានគំរាមវាយតប់អ្នកតវ៉ានៅប្រទេសអូស្ត្រាលី មុនការធ្វើដំណើររបស់លោកបន្តិចទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីពេលកន្លងទៅ។ ការប្រជុំរបស់ព្រឹទ្ធសភាអូស្ត្រាលីថ្មីៗនេះ ក៏បានពិនិត្យយ៉ាងល្អិតល្អន់ទៅលើសកម្មភាពថ្មីៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលីផងដែរ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាថា ក្រុមការងាររបស់អ្នកស្រីបានប្រកាសឲ្យដឹងទៅដល់ភ្នាក់ងារពាក់ព័ន្ធជាច្រើន អំពីការគំរាមសម្លាប់ ដែលការគំរាមសម្លាប់នោះ ត្រូវបានគេចោទថាបង្កឡើង ដោយភ្នាក់ងាររបស់គណបក្សកាន់អំណាចកម្ពុជា ប្រឆាំងនឹងចលនាសហគមន៍ប្រជាជនកម្ពុជានៅអូស្ត្រាលី។
«យើងបារម្ភអំពីការលើកឡើងជាច្រើនថា បុគ្គលជាច្រើនប្រហែលជាត្រូវបានគេគំរាមកំហែងនៅអូស្រ្តាលី»។
អ្នកស្រីថ្លែងបន្ថែមថា៖ «ហេតុដូច្នេះហើយ បានជាយើងធ្វើការបង្ហាញនានាដល់រដ្ឋាភិបាលកម្ពុជា និងបញ្ជាក់អំពីមូលហេតុដែលយើងបានចែករំលែកបន្តនៃការគំរាមកំហែងទាំងនោះ ទៅអាជ្ញាធរនៅអូស្ត្រាលី។ យើងមិនទទួលយកសកម្មភាពទាំងអស់នេះទេ ហើយយើងពិនិត្យលើការចោទប្រកាន់ទាំងនោះ យ៉ាងហ្មត់ចត់បំផុត»។
កាលពីខែកញ្ញា សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (Australian Broadcasting Corporation)បានរាយការណ៍ថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោកហ៊ុន ម៉ាណែត បានដឹកនាំយុទ្ធនាការមួយ ដើម្បីបញ្ជ្រាបឥទ្ធិពលនៅប្រទេសអូស្ត្រាលីតាមរយៈការជ្រើសរើសកម្លាំងគាំទ្រពីសំណាក់និស្សិត ដែលធ្វើការផ្លាស់ប្តូរសិក្សានៅអូស្ត្រាលី។
របាយការណ៍របស់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីបានឲ្យដឹងថា សមាជិកជាន់ខ្ពស់នៃសហគមន៍ខ្មែរនៅអូស្ត្រាលីចំនួនបួននាក់បានទទួលការគំរាមសម្លាប់។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងប្រទេស បានច្រានចោលការចោទប្រកាន់អំពីការគំរាមសម្លាប់ធ្វើឡើងដោយភ្នាក់ងាររបស់ គណបក្សប្រជាជនកម្ពុជា។ លោកមានប្រសាសន៍ថា ការចោទប្រកាន់ទាំងនោះគឺជាព័ត៌មានក្លែងក្លាយបង្កើតឡើងដោយក្រុមគណបក្សប្រឆាំង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា។
«ខ្ញុំយល់ថា ព័ត៌មាន [នេះ] វាជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយពួកប្រឆាំង»។
កាលពីខែមិថុនា សភាប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ស្តីពីការផាត់ចោលឥទ្ធិពលបរទេស ដែលបានសំដៅដល់សកម្មភាពចារកម្ម និងណែនាំឲ្យមានការចុះបញ្ជីបុគ្គល ឬគ្រឹះស្ថាននានា ដែលបានធ្វើសកម្មភាពឈរលើគោលការណ៍ជនបរទេស។ លោកសាស្ត្រាចារ្យ Thayer និយាយថា ប្រទេស កម្ពុជាអាចនឹងជៀសមិនផុតពីគោលដៅដំបូងនៃបទប្បញ្ញត្តិនេះទេ៕