ប្រទេស Solomon Islands គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីកោះចំនួន ៦ នៅមហាសមុទ្រប៉ាស៊ីហ្វិក និងជាប្រទេសធំជាងគេបង្អស់ក្នុងចំណោមនោះ ដែលនៅតែរក្សាទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ មិនមែនជាមួយប្រទេសចិន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានធ្វើដំណើរទៅដល់ប្រទេស Solomon Islands ដែលជាប្រទេសស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនេះ នៅចំពេលដែលរដ្ឋាភិបាលនៃប្រទេសនេះរងនូវសម្ពាធកើនឡើងឲ្យងាកចេញពីកោះតៃវ៉ាន់ទៅរកប្រទេសចិន។
សមាជិកសភាមួយចំនួននៃប្រទេស Solomon Islands ត្រូវបានគេរាយការណ៍ថា មានការអន្ទះសាចង់ទាញប្រយោជន៍ពីឱកាសសេដ្ឋកិច្ច ដែលពួកគេជឿថាបានមកពីការផ្លាស់ប្ដូរគោលជំហរការទូតរបស់រដ្ឋាភិបាល Solomon Islands ពីកោះតៃវ៉ាន់ទៅរករដ្ឋាភិបាលក្រុងប៉េកាំង។
ក្នុងចំណោមការនាំចេញទាំងអស់របស់ប្រទេស Solomon Islands មានការនាំចេញចំនួន ៦៥ ភាគរយ ទៅកាន់ប្រទេសចិន។ ប្រទេសដីកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកចំនួន ៨ ដែលក្នុងនោះមានទាំងប្រទេស Fiji ផងដែរ ដែលទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង បានទទួលជំនួយពីប្រទេសចិនចំនួន ១ ពាន់លានដុល្លារអាមេរិកក្នុងចំណោមប្រទេសទាំងនោះ។
ប៉ុន្តែលោកបណ្ឌិត Transform Aqorau ដែលជាអតីតមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបនៃប្រទេស Solomon Islands បានជំរុញឲ្យមានការប្រយ័ត្នប្រយែងចំពោះរឿងនេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំយល់ថា អ្នកនយោបាយនៃប្រទេស Solomon Islands គឺងាយស្រួលត្រូវគេបោកប្រាស់ណាស់ និងងាយស្រួលត្រូវគេទាក់ទាញដោយប្រើទឹកលុយ និងដោយការសន្យាផ្ដល់លុយឲ្យ។ ខ្ញុំគិតថា ពួកគេត្រូវតែពិចារណាសម្រាប់រយៈពេលវែងទៅថ្ងៃអនាគត»។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Morrison នេះ បានផ្ញើសារយ៉ាងច្បាស់ថា ប្រទេសអូស្ត្រាលីនៅតែប្ដេជ្ញារក្សាឥទ្ធិពលជាយូរមកហើយរបស់ខ្លួននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនេះ ទោះបីជាឥទ្ធិពលរបស់ចិននៅក្នុងតំបន់នោះមានការកើនឡើងក៏ដោយ។
រដ្ឋាភិបាលអូស្ត្រាលីគ្រោងនឹងចំណាយថវិកាចំនួន ១៧០ លានដុល្លារអាមេរិកសម្រាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។
លោក Jonathan Pryke ប្រធានផ្នែកកម្មវិធីកិច្ចការបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន Lowry នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជឿថា រដ្ឋាភិបាលអូស្ត្រាលីមិនត្រូវមើលរំលងពីតម្រូវការនៅក្នុងការជួយបណ្ដាប្រទេសជិតខាងនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំរុញការគោរពសិទ្ធិមនុស្សនោះទេ។
លោក Pryke និយាយដូច្នេះថា៖ «យើងត្រូវតែធ្វើឲ្យច្បាស់ថា [ថវិកាជំនួយ] ដែលជាលុយបង់ពន្ធរបស់ពលរដ្ឋអូស្ត្រាលីទាំងនេះ គឺនៅតែអាចសម្រេចបាននូវលទ្ធផលអភិវឌ្ឍរយៈពេលវែង ហើយលទ្ធផលនៃការអភិវឌ្ឍទាំងនេះគឺមានសារៈសំខាន់ដូចគ្នាទាំងចំពោះផលប្រយោជន៍ជាតិរបស់ប្រទេសអូស្ត្រាលី និងទាំងចំពោះការរារាំងឥទ្ធិពលរបស់ចិននៅក្នុងតំបន់»។
ប្រទេស Solomon Islands ស្ថិតនៅភាគឦសានប្រទេសអូស្ត្រាលី និងមានប្រជាជនចំនួន ៦ សែន ៦ ម៉ឺននាក់។ ប្រជាជនភាគច្រើនពឹងផ្អែកលើការនេសាទ ការធ្វើកសិកម្ម និងព្រៃឈើ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រទេសនេះមានធនធានរ៉ែដែលមិនទាន់ធ្វើការអភិវឌ្ឍនៅឡើយ ដូចជាសំណ មាស និងនីកែលជាដើម។ ភាពតានតឹងរវាងជនជាតិភាគតិចនៅក្នុងប្រទេស Solomon Islands បណ្ដាលឲ្យប្រទេសអូស្ត្រាលីដឹកនាំបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសនេះកាលពីឆ្នាំ ២០០៣ ដែលបេសកកម្មនេះបន្តរហូតរយៈពេល ១៤ ឆ្នាំ ទើបបញ្ចប់៕
ប្រែសម្រួលដោយ ភី សុភាដា