អូស្ត្រាលី​ត្រៀម​បង្កើត​គម្រោង​វារីអគ្គិសនី​ដ៏​មាន​មហិច្ឆិតា​មួយ

  • Phil Mercer

អ្នក​ជិះ​ស្គី និង​ក្តារ​រំអិល​នៅ​ជ្រលង Perisher Valley នៃ​ភ្នំ Snowy Mountains ក្នុង​រដ្ឋ New South Wales កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

រដ្ឋាភិបាល​អូស្ត្រាលី​ត្រៀម​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ក្រោម​ដី​ថ្មី​មួយ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ជើង​ភ្នំ Snowy Mountains នៅ​រដ្ឋ New South Wales។

គម្រោង​នេះ​ជា​គម្រោង​វិស្វកម្ម​ដ៏​ស្មុគស្មាញ និង​ប្រកប​ដោយ​មហិច្ឆតា​មួយ ហើយ​គម្រោង​នេះ​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ផ្ទះ​ចំនួន ៥ សែនខ្នង។

ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​ផលិត​ថាមពល​របស់​វារីអគ្គិសនី​នេះ។ នៅ​ពេល​ដែល​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ខ្យល់ និង​ដោយ​ពន្លឺ​ព្រះ​អាទិត្យ ផលិត និង​បញ្ជូន​ថាមពល​លើស​ពី​តម្រូវការ ថាមពល​ដែល​នៅ​សេសសល់​នឹង​បញ្ជូន​ទឹក​ទៅ​វិញ​ទៅ​មក​រវាង​ទំនប់​ទឹក​ពីរ​នៅ​ឧទ្យាន​ជាតិ Kosciuszko។

ទឹក​នឹង​ហូរ​តាម​បង្ហូរ​ទឹក​ក្រោម​ដី និង​បំពង់​ទឹក​ក្រោម​ដី​ចម្ងាយ ២៦ គីឡូម៉ែត្រ ឡើង​ទៅ​ចូល​ទៅ​ក្នុង​បឹង​ចំនួន​ពីរ។ នៅ​ពេល​ដែល​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យមិន​អាច​ផ្គត់ផ្គង់​ថាមពល​បាន​គ្រប់គ្រាន់ ទឹក​នឹង​ត្រូវ​បញ្ចេញ​ត្រឡប់​ទៅ​វិញ​តាម​ផ្លូវ​បង្ហូរ​ទឹក​ក្រោម​ដី ដោយ​បង្វិល​ស្លាប​កង្ហារ​តួប៊ីន ដើម្បី​ផលិត​ថាមពល​វារីអគ្គិសនី។

ការងារ​ខាង​មុខ​សម្រាប់​ក្រុម​វិស្វករ​គឺ​សំខាន់​ណាស់។ ផ្លូវ​បង្ហូរ​ទឹក​ក្រោម​ដី​ត្រូវ​ឆ្លង​កាត់​ថ្ម ៥ ប្រភេទ​ផ្សេងៗ​គ្នា ក៏​ដូចជា​ទន្លេ និង​ព្រែក​មួយ​ចំនួន​ផង​ដែរ។ មុន​ពេល​ដែល​គម្រោង​រយៈពេល ៥ ឆ្នាំ​នេះ​មាន​ដំណើរការ​ទៅ​មុខ ការ​សិក្សា​មួយ​នឹង​កំណត់​ថា​តើ​គម្រោង​ថាមពល​វារីអគ្គិសនី​នេះ​អាច​ធ្វើ​ទៅ​រួច និង​អាច​ទទួល​បាន​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ដែរ​ឬ​ក៏​យ៉ាង​ណា។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ជឿ​ថា គម្រោង​នេះ​នឹង​ក្លាយ​ជា​ការ​ពិត។

ព្រះមហាក្សត្រី Elizabeth II និង​ព្រះស្វាមី​យាង​កាត់​តាម​ផ្លូវ​ក្រោម​ដី​នៃ​ទំនប់ Gieehi ដែល​ជា​ផ្នែក​នៃ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ និង​ថាមពល​វារីអគ្គិសនី​ដែល​មាន​ទឹកប្រាក់​៣២០លាន​ដុល្លារ នៅ​ពេល​ទ្រង់​ទត​មើល​គម្រោង Snowy Mountain នៅ​ក្នុង​ក្រុង Cabrumurra រដ្ឋ New South Wales កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៦៣។

លោក​នាយករដ្ឋមន្ត្រី Morrison និយាយ​ថា៖ «គម្រោង​នេះ​នឹង​ដើរ​តួ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ទៅ​ក្នុង​អាកាស និង​ធានា​ថា ការ​វិវត្ត​ផ្នែក​ថាមពល​កកើត​ឡើង​វិញ​ដែល​កំពុង​តែ​មាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាច​ត្រូវ​ធានា​បាន​ តាមរយៈ​ការ​ផ្គត់ផ្គង់​ថាមពល​ដ៏​មុតមាំ ដែល​កើត​ចេញ​ពី​គម្រោង​ប្រភេទ​នេះ»។

គម្រោង​នេះ​បាន​ផ្ដល់​ដង្ហើម​ឡើង​វិញ​ដល់​គម្រោង​ថាមពល​វារីអគ្គិសនី​កាល​ពី​ដំបូង​នៅ​តំបន់ Snowy Mountains នេះ ដែល​នៅ​ពេល​នោះ វា​ជា​គម្រោង​វិស្វកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី។ ការ​សាងសង់​គម្រោង​នោះ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ១៩៤៩ និង​បាន​បញ្ចប់​ទៅ​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍ ១៩៧០ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គម្រោង​កសាង​ជាតិ​ដ៏​ពិតប្រាកដ​មួយ។

ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) បាន​បង្ហាញ​ថា នៅ​ក្នុង​សន្ទុះ​បច្ចុប្បន្ន ប្រទេស​អូស្ត្រាលី​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ផ្គត់ផ្គង់ ១០០ ភាគរយ ដោយ​ថាមពល​បៃតង ឬ​ប្រភព​ថាមពល​ដែលមិន​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាង​មុខ។

ថាមពល​ខ្យល់ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​គឺ​ជា​ថាមពល​ដែល​គ្រប​ដណ្ដប់​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ ទោះបីជា​អគ្គិសនី​មួយ​ភាគ​ធំ​នៅ​ប្រទេស​អូស្ត្រាលី​នៅតែ​ផលិត​ឡើង​ពី​ធ្យូង​ថ្ម​ក៏​ដោយ។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​ថា ខ្លួន​នឹង​នៅតែ​ប្រើប្រាស់​ថាមពល​ដែល​ផលិត​ពី​ធ្យូង​ថ្ម ទោះ​បី​ជា​មាន​ក្តី​បារម្ភ​ថា ថាមពល​ផលិត​ពី​ប្រភេទ​ប្រេង​ឥន្ធនៈ​នេះ រួម​ចំណែក​ដល់​ការ​កើន​ឡើង​កម្ដៅ​ផែនដី​ក៏​ដោយ៕

ប្រែសម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ