នាយករដ្ឋមន្ត្រីអូស្ត្រាលីនិងនូវែលសេឡង់ បានសម្តែងនូវក្តីបារម្ភកាលពីថ្ងៃចន្ទជុំវិញវត្តមានកងទ័ពចិននៅដែនកោះសូឡូម៉ុង (Solomon)។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ឯកសារបែកធ្លាយមួយកាលពីសប្តាហ៍មុនបង្ហាញថា ប្រទេសចិន អាចបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅលើប្រទេសដែនកោះមួយនេះ ដែលស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងដែលក្នុងនោះក៏រួមមានការទៅធ្វើទស្សនកិច្ចរបស់នាវាចម្បាំងចិនទៅកាន់ទីនោះផងដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern កាលពីចុងសប្តាហ៍កន្លងទៅអំពីស្ថានភាពវិវត្តទៅមុខនៅលើប្រទេសកោះមួយនេះ ហើយមានគម្រោងនិយាយជាមួយសមភាគីរបស់លោកផងដែរនៅក្នុងប្រទេសប៉ាពូអាស៊ីនូវេលហ្គីណេ និងប្រទេសហ្វ៊ីជីកាលពីល្ងាចថ្ងៃចន្ទ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានថ្មីក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
លោក Morrison បានប្រាប់អ្នកសារព័ត៌មានថា «របាយការណ៍ដែលយើងបានឃើញ គឺមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយជាការរំឭកពីការដាក់សម្ពាធ និងការគំរាមកំហែងជាប្រចាំដែលមាននៅក្នុងតំបន់ និងសន្តិសុខជាតិរបស់យើង»។
លោកបន្ថែមទៀតថា «នេះ ជាបញ្ហានៃក្តីកង្វល់មួយរបស់តំបន់ ប៉ុន្តែវាមិនគួរឲ្យភ្ញាក់ផ្អើលនោះឡើយ។ យើងបានដឹងពីការដាក់សម្ពាធទាំងនោះ អស់ពេលជាយូរមកហើយ»។
ចំណែកនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Ardern បានពណ៌នាលទ្ធភាពនៃវត្តមានកងកម្លាំងចិនឈរជើងក្នុងប្រទេសដែនកោះសូឡូម៉ុងនោះថា ជា«ការព្រួយកង្វល់យ៉ាងខ្លាំង»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern នៅក្នុងអំឡុងពេលសន្និសីទកាសែតនៅសភា ក្នុងទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
លោកស្រីនាយករដ្ឋមន្ត្រី បានប្រាប់វិទ្យុ Nz ថា «យើងចាត់ទុកសកម្មភាពបែបនេះថា ជាគោលបំ ណងសម្រាប់ខាងយោធា។ យើងមើលឃើញហេតុផលតិចតួចប៉ុណ្ណោះ ស្តីពីភាពចាំបាច់សម្រាប់ឲ្យមានសន្តិសុខ និងវត្តមានយោធាបែបនេះនៅក្នុងតំបន់ប៉ាស៊ីហ្វិក»។
លោកស្រី ក៏បានជំរុញឲ្យមេដឹកនាំកោះសូឡូម៉ុង «មិនត្រូវមើលឆ្ងាយហួសពីគ្រួសាររបស់តំបន់បាស៊ី ហ្វិក»នោះឡើយ នៅពេលដែលខ្លួនពិចារណាបង្កើតទំនាក់ទំនងសន្តិសុខនោះ។
ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានសម្តែងនូវក្តីបារម្ភរបស់ខ្លួនផងដែរដោយនិយាយថា អាមេរិកជឿថា កងកម្លាំងសន្តិសុខនិងវិធីសាស្ត្ររបស់ចិន មិនចាំបាច់ត្រូវបញ្ជូនទៅកាន់ទីនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលើកឡើងថា «នេះគ្រាន់តែជាការបន្ថែមនូវក្តីបារម្ភដល់អន្តរជាតិនិងដល់តំបន់ ជុំវិញការពង្រីកជាឯកតោភាគីនូវឥទ្ធិពលសន្តិសុខផ្ទៃក្នុងរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក»។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានច្រានចោលនូវក្តីបារម្ភរបស់ប្រទេសទាំងនោះ ដោយនិយាយថា «កិច្ចសហប្រតិបត្តិការរវាងចិននិងដែនកោះសូឡូម៉ុង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋាភិបាលដែនកោះសូឡូម៉ុង និងប្រជាពលរដ្ឋរបស់ប្រទេសនេះ»។
កោះសូឡូម៉ុង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានបង្ហាញថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារប្រទេសជាមួយចិន ក៏ប៉ុន្តែ ការព្រួយបារម្ភកាន់ខ្លាំងឡើងរបស់ប្រទេសក្បែរខាងកោះសូឡូម៉ុង កើតមានឡើងនៅពេលដែលមានការបែកធ្លាយឯកសារព្រាងមួយតាមប្រព័ន្ធអនឡាញស្តីពីកិច្ចព្រមព្រៀងសន្តិសុខដ៏ទូលំទូលាយរវាងប្រទេសដែនកោះមួយនេះជាមួយប្រទេសចិន៕