អូស្ត្រាលីសង្ឃឹមថាទណ្ឌកម្មសេដ្ឋកិច្ចនឹង​ចប់​ ខណៈ​ចិន​លុបចោល​ពន្ធគយ​លើ​គ្រាប់​ធញ្ញជាតិ​បាលី

  • Phil Mercer

រូបឯកសារ៖ បុរសម្នាក់ដើរមើលស្រាអូស្ត្រាលី នៅការតាំងផលិតផលអន្តរជាតិរបស់ចិន នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០។

ការរឹតត្បិត​ពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​លើ​ទំនិញ​ប្រើ​ប្រាស់​នានា ​រួមមាន​ធ្យូង​ថ្ម ស្រា​ និង​សាច់​គោ​មួយ​ផ្នែក​ធំ​ ដោយសារ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំពីរ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

មាន​ការរកាំរកូស​ខាង​ការទូត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ហុងកុង សិទ្ធិ​មនុស្ស ​ហើយ​នឹង​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ទំនិញ​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​អូស្ត្រាលី​ដែល​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន​ត្រូវ​បាន​រង​ការប៉ះពាល់​ដោយ​ការដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​នេះ។

កាលពី​សប្តាហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​និយាយ​ថា ​ខ្លួន​នឹង​លុបចោលការយក​ពន្ធគយ​របស់​ខ្លួន​ចំនួន ៨០,៥ភាគរយ ​លើ​គ្រាប់​ធញ្ញជាតិ​បាលី​អូស្ត្រាលី។ អូស្ត្រាលី​បាន​ទទូច​ថា ​ការរឹតត្បិត​នេះ​ជា​ការដាក់​ទណ្ឌកម្ម​ ហើយ​នឹង​ជា«ការបង្ខំ​ខាង​សេដ្ឋកិច្ច» ថ្វីបើ​ពួក​មន្ត្រី​ចិន​បាន​បញ្ជាក់​ថា​ មាន​ហេតុផល​ខាង​បច្ចេកទេស​ប្រឆាំង​នឹង​ការលក់ដូរ​បង្ខូច​ថ្លៃ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក Don Farrell សង្ឃឹម​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​លុបចោល​ឆាប់ៗ​នេះ​លើ​ការនាំចេញ​ស្រា​អូស្ត្រាលី​ទៅកាន់​ប្រទេស​ចិន។

រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នៅពេល​បច្ចុប្បន្ន​នេះ​កំពុង​ប្តឹង​ជំទាស់​ប្រឆាំង​ការយកពន្ធ​របស់​ចិន​រហូត​ដល់​ចំនួន ២១២​ ភាគរយ​លើ​ស្រា​របស់​អូស្ត្រាលី​ នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ដែល​បាន​ព្យាយាម​ធ្វើ​និយ័តកម្មពាណិជ្ជកម្ម​សាកល​លោក។ ការរឹតត្បិត​របស់​ចិន​ក៏​នៅ​មាន​លើ​សាច់គោ កប្បាស ​និង​ម្ហូប​អាហារ​សមុទ្រ​របស់​អូស្ត្រាលី​ដែរ។

លោក Farrell បាន​ប្រាប់​ទូរទស្សន៍​អូស្ត្រាលី ABC កាលពី​ថ្ងៃ​ចន្ទ​ថា ​អូស្ត្រាលី​បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បន្ធូរ​បន្ថយ​ការតានតឹង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​ខ្លួន៖

លោកថ្លែងថា៖ «ដំណើរការ​ទាំង​មូល​របស់​យើង​ជាង ១៥ ខែ​ចុង​ក្រោយ​នេះ​ គឺ​ព្យាយាម​និង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ទំនាក់​ទំនង​របស់​យើង​ជាមួយ​រដ្ឋាភិបាល​ចិន​ ដើម្បី​ឱ្យ​ពួកគេ​ដកចេញ​ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​ជា​របាំង​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ក្នុង​ពេល​កន្លង​មក។ បន្តិច​ម្តងៗ​ដំណើរការ​នេះ​ជឿនលឿន​ទៅ​មុខ»។

លោក Farrell បាន​និយាយ​ទៀត​ថា ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Wang Wentao បាន​យល់ព្រម​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី ថ្វីបើ​មិន​មាន​សេចក្តី​លម្អិត​បាន​ចេញផ្សាយ​ក៏ដោយ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ក៏​បាន​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅបំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។

ពាណិជ្ជកម្ម​ខាង​ទំនិញ​និង​សេវាកម្ម​ជាមួយ​ចិន មាន​ប្រហែល​ ១​ភាគ៣ ​នៃ​ពាណិជ្ជកម្ម​សាកល​របស់​អូស្ត្រាលី។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​និង​អូស្ត្រាលី​បាន​ចូល​ជា​ធរមាន​ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៥។

អូស្ត្រាលី​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ផលិតផល​ដ៏​ធំ​បង្អស់​របស់​ចិន រួមមាន​រ៉ែ​ដែក ​ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ការផលិត​ដែក​ថែប។

រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​បាន​ស្វះស្វែង​ធ្វើ​ឱ្យ​មាន​ភាពចម្រុះ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អូស្ត្រាលី​ដោយ​ងាកចេញពី​ការពឹង​ផ្អែក​យ៉ាង​ខ្លាំង​របស់​ខ្លួន​លើ​ប្រទេស​ចិន ​ដែល​រួមមាន​ប្រទេស​ផ្សេងៗ​ទៀត ដោយ​រាប់​បញ្ចូល​ទាំង​ប្រទេស​ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន